ខេត្តកំពង់ធំ ៖ បុរសម្នាក់ ព្រោះតែញៀនញ៉ាមនឹងស្រាខ្លាំងពេកផ្តាច់មិនបាន ធ្វើឱ្យក្រុមគ្រួសាររស់នៅគ្មានសុភមង្គល ក៏ត្រូវប្រពន្ធលែងចោល ទុកឱ្យរស់នៅតែតោល ស្នាក់អាស្រ័យក្នុងវត្ត លុះក្រោយពីផឹកស្រាស្រវឹងជោកជាំខ្លាំងពេក ក៏ដើរដួលបោកក្បាល រួចក៏ក្រោកដើរចូលទៅដេកក្នុងកុដិបាត់ទៅ ស្រាប់តែព្រឹកឡើងក៏ត្រូវព្រះសង្ឃប្រទះឃើញ ជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកុដិក្នុងវត្តល្ហុង ស្ថិតក្នុងភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង។
បុរសរងគ្រោះខាងលើ មានឈ្មោះងន ឃី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់អាស្រ័យក្នុងវត្តល្ហុង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះងន ខេង អាយុ៤៦ឆ្នាំ ត្រូវជាបងប្រុសបង្កើត របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីមុន ជនរងគ្រោះ ក៏មានប្រពន្ធ មានក្រុមគ្រួសារនឹងគេដែរ តែដោយសារតែជនរងគ្រោះមួយថ្ងៃៗគិតតែដើរលេងផឹកស៊ីស្រវឹងស្រាស អួទីនួ គ្មានពេលស្វាង មិនគិត ខ្វល់ជួយធ្វើការរកស៊ីអ្វីទាំងអស់ ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តលែងលះ រួចក៏ចាកចេញទៅបាត់ ដោយទុកឱ្យជនរងគ្រោះ រស់នៅតែលតោល បានមកស្នាក់អាស្រ័យក្នុងវត្តល្ហុង រហូតដល់សព្វថ្ងៃ។
បងប្រុសជនរងគ្រោះបន្តថា ត្បិតថា ជនរងគ្រោះស្នាក់អាស្រ័យក្នុងវត្តមែន តែជនរងគ្រោះនៅតែផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ ហើយឱ្យតែបានស្រាចូលពោះ ជនរងគ្រោះមិនខ្ចីហូបបាយទឹកអ្វីទាំងអស់ រហូតធ្វើឱ្យធ្លាក់ខ្លួនឈឺ និងធ្លាប់ត្រូវបានពួកគាត់ជាក្រុមគ្រួសារ នាំយកទៅ ព្យាបាលនៅមន្ទីរពេទ្យដែរ និងត្រូវគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ មានជំងឺក្រិនថ្លើម ព្រមទាំងហាមកុំឱ្យផឹកស្រាទៀតផង តែជនរងគ្រោះមិនស្តាប់ នៅតែផឹកស្រាជាប់ជាប្រចាំដដែល។
ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រវឹងជោកជាំ រហូតដើររអិលជើងដួលបោកក្បាលនឹងកាំជណ្តើរ តែភ្លាមនោះ ជនរងគ្រោះមិនឮត្អូញត្អែរអ្វីទេ រួចក៏ក្រោកដើរចូលទៅសម្ងំដេកក្នុងបន្ទប់ក្នុងកុដិ បាត់ទៅ។ រហូតមកដល់ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ព្រះគ្រូចៅអធិការវត្ត ឃើញជនរងគ្រោះដេកយូរមិនក្រោក ក៏បាននិមន្តទៅដាស់ ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ៕