ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បន្ទាប់ពីម៉ូតូរបស់ខ្លួន១គ្រឿង ត្រូវជនសង្ស័យមិនស្គាល់មុខ លបលួចកាច់ច្រវ៉ាក់សោបន្ទប់ យកម៉ូតូទៅបាត់ លុះសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ប៉ុន្តែអ្វីដែល គួរឱ្យហួសចិត្តបំផុតនោះ គឺជនសង្ស័យដែលលួចម៉ូតូ គឺជាកូនប្រសារបស់ស្ត្រីជាម្ចាស់ម៉ូតូ ពោលគឺកូនប្រសាលួចម៉ូតូម៉ែក្មេក។
ករណីកូនប្រសាលួចម៉ូតូម៉ែក្មេកខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិថ្មី ឃុំសូទិប ស្រុកជើងព្រៃ។
ស្ត្រីជាម្ចាស់ម៉ូតូ មានឈ្មោះឡែម សុខធឿន អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម៉ូតូដែលត្រូវចោរលួច ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1Q-5810 មានលេខតួ និងលេខម៉ាស៊ីន 97858 47។
ដោយឡែកជនសង្ស័យមានឈ្មោះ គីម សុគុនុ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនប្រសារបស់ស្ត្រីជាម្ចាស់ម៉ូតូ និងស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីស្ត្រីឈ្មោះឡែម សុខធឿន ដោយបានប្តឹងសមត្ថកិច្ចថា ម៉ូតូរបស់គាត់១គ្រឿង ត្រូវបានជនសង្ស័យមិនស្គាល់ មុខ លួចកាត់ច្រវ៉ាក់សោបន្ទប់លួចយកទៅបាត់ហើយ ស្នើឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកផង។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ឈ្មោះស្រេង ចាន់ធិ អាយុ២០ឆ្នាំ បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ខាងលើ ជាកម្មសិទ្ធិរបស់គាត់ មកពីធ្វើការនៅរោងចក្រ ហើយក៏បានយកមកទុកនៅក្នុងបន្ទប់ក្រោមផ្ទះ រួចួទៅមុជទឹក បន្ទាប់មកក៏ឡើងដេកលើផ្ទះ។ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ទើបកូនប្រសារបស់គាត់ឈ្មោះគីម សុគុនុ (ជនសង្ស័យ) បានមកប្រាប់គាត់ជាម្តាយក្មេកថា ឃើញទ្វារបន្ទប់ក្រោមផ្ទះចំហរ ហើយម៉ូតូនៅណា? ឮបែបនេះ គាត់ក៏ស្ទុះចុះទៅមើលនៅខាងក្រោមផ្ទះ ស្រាប់តែប្រទះឃើញស្នាមកាត់ច្រវ៉ាក់ចាក់ទ្វារ យកម៉ូតូទៅបាត់៕