ខេត្តព្រះសីហនុ ៖ បុរសជាអ្នកបើកទូកនេសាទសមុទ្រម្នាក់ បានលើករនាស់អូសខ្យងពីក្នុងទឹកឡើងមកលើទូក ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច ក៏ត្រូវរនាស់អូសខ្យងបុកចំដើមទ្រូង (ចុងដង្ហើម) ខ្លួនឯង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្ទៃសមុទ្រ ចំណុចខាងក្រៅកោះតាង។
បុរសរងគ្រោះ មានឈ្មោះញ៉ស់ សម្បត្តិ ហៅង៉ា អាយុ៣៣ឆ្នាំ មុខរបរបើកទូកនេសាទ រស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាអ្នកបើកទូកនេសាទ ឱ្យថៅកែឈ្មោះនូ សំណែន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្រុម៣៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងតែងចេញទៅនេសាទនៅលើផ្ទៃសមុទ្រជារៀងរាល់ថ្ងៃ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានបើកទូកចេញទៅនេសាទ នៅចំណុចខាងក្រៅកោះតាង លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅលើករនាស់អូសខ្យង ស្រាប់តែភ្លាត់ស្នៀត បណ្តាលឱ្យបុកចំចុងដង្ហើមខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
រហូតមកដល់វេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទិ២៩ ខែមិថុនា ឆ្នាំ២០១៨ សាកសពជនរងគ្រោះត្រូវបានដឹកតាមទូកនេសាទមួយ គ្រឿង ដើម្បីយកមកប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕