ខេត្តកំពត ៖ យុវតីរូបស្រស់ម្នាក់ បានជិះម៉ូតូចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ បណ្តាលឱ្យក្រុមគ្រួសារ ឪពុកម្តាយមានការព្រួយបារម្ភ កាន់រូបថតកូនស្រីដើរតាមស្វែងរកគ្រប់ច្រកល្ហក ប៉ុន្តែមិនឃើញ ទើបប្រកាសតាមរក និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមរកកូនស្រីត្រឡប់មកផ្ទះវិញផង។
យុវតីដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះចាន់ សិរីរត្ន័ អាយុ១៧ឆ្នាំ ភូមិត្រពាំងក្តា ឃុំស្រែជាត្បូង ស្រុកដងទង់។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដោយមិនដឹងជាចេញទៅដល់ទីណា។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ យុវតីរូបនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ កំពត 1B-3301 ចេញបាត់ពីផ្ទះឯភូមិត្រពាំងក្តា ឃុំស្រែជាត្បូ ស្រុកដងទង់ មិនដឹងជាមានគោលដៅទៅណានោះទេ និងមិនបានប្រាប់អ្នកណាម្នាក់ឱ្យដឹងពីដំណើររបស់នាងដែរ។
ក្រុមគ្រួសារយុវតីខាងលើ បានឱ្យដឹងទៀតថា បន្ទាប់ពីយុវតីរូបនេះបានចេញពីផ្ទះបាត់ ដោយគ្មានដំណឹងបែបនេះ បានធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមស្វែងរកសព្វកន្លែង តាំងពីផ្ទះមិត្តភក្តិជិតស្និទ្ធ និងកន្លែងដែលនាងធ្លាប់ទៅ ប៉ុន្តែមិនមានដំណឹងបន្តិចណាសោះ ទើបក្រុមគ្រួសារ មានការព្រួយបារម្ភ ខ្លាចកូនស្រីម្នាក់នេះ ចាញ់ល្បិចរបស់មនុស្សខិលខូច ឬត្រូវគេធ្វើបាបដោយប្រការណាមួយ។
ដោយសារតែដើរកកូនស្រីមិនឃើញ ធ្វើឱ្យស្ត្រីជាម្តាយមានការព្រួយបារម្ភ ក៏ប្រកាសសុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រទះឃើញកូនស្រី មានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមក ក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទលេខ ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕