ពាក្យស្លោកបារាំង ១ឃ្លាថា “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថាអីថាទៅ!” (Fais bien et laisse-le dire) មានខ្លឹមសារអប់រំ “មនុស្សអព្យាក្រឹត” ឱ្យចេះរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ កុំតតាំងជាមួយការរិះគន់នានា ពីមជ្ឈដ្ឋានមហាជន។ ការដែលស្ថាប័ន គ.ជ.ប ដែលប្រមូលផ្តុំមនុស្សអព្យាក្រឹត “ចេះតែរសើប” គេថាអីក៏តវិញប្រាវនោះ អាចដើរផ្ទុយនឹងមរតកសាសន៍ ជាពាក្យស្លោកខាងលើ ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើជាប្រធានបទបរិយាយថ្ងៃនេះ…។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានជ្រើសតាំងដោយរដ្ឋសភា ស្របតាមរដ្ឋធម្មនុញ្ញ សម្រាប់ធ្វើជា “អាជ្ញាកណ្តាល” ក្នុងការរៀបចំបោះឆ្នោតតាមប្រជាធិបតេយ្យ សេរី ពហុបក្ស។ ឥស្សរជន ៩រូប ដែលជ្រើសចេញពីគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល សុទ្ធតែតម្រូវឱ្យលាឈប់ពីគណបក្ស ពីអង្គភាព ឬ “មិនឱ្យប្រឡូកក្នុងឆាកនយោបាយ” តទៅទៀត ដោយប្រែក្លាយជា “មនុស្សកណ្តាល ឯករាជ្យ តម្លាភាព” ជាដាច់ខាត។ ធម្មតាមនុស្សកណ្តាល គឺមិនលម្អៀងទៅគណបក្សណាមួយទេ ជាពិសេស ត្រូវដើរស្របនឹងពាក្យស្លោកថា “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថាអីថាទៅ!”។
ឧទាហរណ៍ អាជ្ញាកណ្តាល ឬអាប៊ីត (Arbitre) កីឡាប្រដាល់នៅកម្ពុជា ពេលគាត់ចាប់ដៃកីឡាករប្រកាសជ័យជម្នះ ស្រាប់តែមានអ្នកគាំទ្រកីឡាករចាញ់ កើតទុក្ខមិនសុខចិត្ត រហូតជេរប្រទេច ឬគប់ដបទឹកសុទ្ធ ត្រូវក្បាលអាជ្ញាកណ្តាល យ៉ាងណា ក៏អាជ្ញាកណ្តាលនោះបានត្រឹមគេចប៉ុណ្ណោះ មិនហ៊ានជេរ ឬបោះបោកពាក្យសម្តីតបតទៅមនុស្សកំពុងមានកំហឹងនោះឡើយ។ បានន័យថា អាជ្ញាកណ្តាល មានភារកិច្ចត្រឹមតែត្រួតពិនិត្យ ឬចាប់ឃាត់គូប្រដាល់លើសង្វៀន ដោយគ្មានតួនាទីអ្វីទៅ ទប់ទល់នឹងការរិះគន់ពីទស្សនិកជននោះទេ។ បើសិនជាអាជ្ញាកណ្តាលនោះ តតាំងជាមួយទស្សនិកជន កាន់ជើងកីឡាករដែលឈ្នះ ជួនកាលគេចោទគាត់ថា “ស៊ីលៀសរអៀសខ្លួន” មិនខានឡើយ។
ដូចគ្នានេះដែរ “ព្រះមហាសារីបុត្តត្ថេរ និងព្រះមហាមោគ្គល្លានត្ថេរ” ជាអគ្គសាវ័កស្តាំ-ឆ្វេង របស់ព្រះពុទ្ធ បរមគ្រូ ទោះបីជា “កោកាលិភិក្ខុ” ជេរប្រទេចយ៉ាងណា ក៏ព្រះមហាត្ថេរទាំងពីរអង្គនោះ មិនតបតឡើយ ដោយហេតុថា ព្រះអង្គជា “មនុស្សអព្យាក្រឹត”។ រីឯព្រះមហាក្សត្រដែលមិនកាន់អំណាចនីតិប្រតិបត្តិ ដូចនៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម ទោះជាមានអ្នកប្រមាថព្រះចេស្តា ក៏ព្រះអង្គមិនតបតអ្វីឡើយ ដោយសារព្រះអង្គ “កាន់ធម៌ឧបេក្ខា” សំដៅដល់អព្យាក្រឹតនេះឯង។
ដូច្នេះ គ.ជ.ប ដែលរដ្ឋធម្មនុញ្ញ តម្រូវឱ្យនៅ “កណ្តាល” នោះ ចាំបាច់ត្រូវតែចេះអត់ធ្មត់ចំពោះការរិះគន់ពីក្រៅប្រទេស ឬចេញពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ដូចព្រះអរហន្ត ព្រះមហាក្សត្រ និងអាប៊ីតកីឡាប្រដាល់ ទើបល្អ។ អ្នកនាំពាក្យ គ.ជ.ប សម្រាប់តែឆ្លើយបំភ្លឺពីកិច្ចការស្នូលរបស់ខ្លួន នៅពេលមានអ្នកកាសែតចោទសួរ ឬសុំសម្ភាស ប៉ុន្តែបើគ្មានអ្នកសួរ បែរជាតតាំងទៅអ្នករិះគន់នោះ នឹងមិនសូវពេញលក្ខណៈជា “ស្ថាប័នអព្យាក្រឹត”។ ជួនកាលអន្តរជាតិ គេចង់ដឹងថា គ.ជ.ប យើងមានតម្លាភាពឬអត់? ក៏ស៊កគន្លឹះអ្វីមួយជា “របៀបញុះញង់” បើ គ.ជ.ប “រសើប” ឆ្លើយតបប្រាវៗ ដោយគេមិនសួរនោះ នាំឱ្យថយតម្លៃ។
ករណីនេះ ដូចរឿង “ក្រពើចង់ស៊ីថ្លើមស្វា” ដកស្រង់ពីវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានតំណាលពីព្រះពុទ្ធជាម្ចាស់នៃយើង កាលអន្ទោលក្នុងវាលវដ្តសង្សារ បានទៅកើតជាស្វា មានឈ្មោះថា “មហាកបិន្ទ” ស្វានោះមាឌធំ មានកម្លាំងខ្លាំងណាស់ តែងលោតឆ្លងស្ទឹងពីត្រើយម្ខាងទៅត្រើយម្ខាង រកចំណី ដោយគ្រាន់តែលោតជាន់លើដុំថ្មនៅកណ្តាលស្ទឹង ឬលោតពីរដំណាក់ អាចទៅដល់ត្រើយ។ នៅក្នុងស្ទឹងនោះ មានក្រពើញីឈ្មោលរស់នៅ ថ្ងៃមួយ មេក្រពើ ចង់ស៊ីថ្លើមស្វា ក៏ប្រាប់ក្រពើឈ្មោលជាប្តី ឱ្យចាំស្ទាក់ចាប់ស្វាមហាកបិន្ទ ឱ្យបាន។ ហេតុតែស្រលាញ់ប្រពន្ធពេក ក្រពើឈ្មោលនោះ ក៏វារទៅក្រាបពោបលើផ្ទាំងថ្មកណ្តាលស្ទឹង ជាផ្លូវដែលស្វាតែងលោតមកជាន់។ ឯស្វា ជាសត្វមានប្រាជ្ញា គិតថា ថ្មនេះធម្មតា វានៅប៉ប្រះទឹក ចុះថ្ងៃនេះ ហេតុអ្វីវាខ្ពស់ជាងមុន? ទំនងជាក្រពើមកចាំត្របាក់អញតែម្តង។ គិតស្រេច មហាកបិន្ទ ធ្វើជាស្រែកហៅថ្មថា “អើ! បងថ្មៗ!” ដោយស្រែកហៅដដែលៗ ៣ដង ធ្វើឱ្យក្រពើល្ងង់ យល់ថា ថ្មនេះចេះនិយាយ បានជាស្វា ស្រែកហៅយ៉ាងនេះ ទើបវាឆ្លើយតបវិញថា “អើ បងស្វា លោតមកចុះ!” ចម្លើយតែប៉ុណ្ណឹង បែកការអស់ ធ្វើឱ្យស្វាដឹងខ្លួន ក៏ពង្រឹងកម្លាំងលោតបញ្ឆោតទៅជាន់ក្បាលក្រពើ រួចផ្លោះយ៉ាងលឿនទៅដល់ត្រើយម្ខាង ក្រពើហាត្របាក់មិនទាន់…។
រឿងនេះចង់បង្ហាញថា “បើគេញុះញង់ឱ្យតបត” ស្រាប់តែឆ្លើយប្រាវៗនោះ បានត្រឹមខាតបង់ផលប្រយោជន៍ប៉ុណ្ណោះ យ៉ាងណាមិញ ខណៈដែល “អង្គការសេរីនិយមអន្តរជាតិ” ធ្វើការគាំទ្រញត្តិរបស់លោកសម រង្ស៊ី ទាមទារលក្ខខណ្ឌមួយចំនួន ប៉ះពាល់ដល់ គ.ជ.ប ស្រាប់តែ គ.ជ.ប ធ្វើការឆ្លើយតបភ្លាមៗនេះ មិនចំណេញទេ។
គ.ជ.ប គួរយកគំរូតាម “និមិត្តសញ្ញា គ.ជ.ប” ដែលបង្ហាញពីរឿង “កូរសមុទ្រទឹកដោះ”។ រឿងនេះ តំណាលពីទេវតា និងយក្ស បបួលគ្នាកូរសមុទ្រទឹកដោះ យកទឹកអម្រឹតផឹក កុំឱ្យស្លាប់។ កាលនោះ ពពួកទេវតា និងពពួកយក្ស បានយក “នាគ វាសុកី” ធ្វើជាព្រ័ត្រ ទាញកូរបង្វិល “ភ្នំមន្ទរៈ” បណ្តាលឱ្យភ្នំនោះចង់រលំ ទើបព្រះវិស្ណុ បានអវតារជា “អណ្តើក” ទៅជួយកល់ទ្រភ្នំនោះ រហូតដល់សមុទ្រទឹកដោះរីង។ អណ្តើកអវតារនោះ បានទាំងជួយពួកទេវតា ឱ្យទាញព្រ័ត្រ ឈ្នះយក្សទៀតផង និងបានទាំងចោលកងចក្រផ្តាច់ក្បាល “រាហូអសុរិន្ទ” ដែលមិនជួយកូរសមុទ្រនឹងគេសោះ ហ៊ានទៅលួចផឹកទឹកអម្រឹត។ ចំណុចនេះ គួរយល់ថា ព្រះវិស្ណុ ជាព្រះអាទិទេព ពេលកាឡាជាអណ្តើកនោះ គ្មានទេវតា ឬយក្សណាដឹងទេ គឺព្រះអង្គនៅតែស្ងៀម ប៉ុន្តែព្រះអង្គរង់ចាំផ្តល់យុត្តិធម៌ដល់សភាវៈល្អ កម្ចាត់សភាវៈអាក្រក់ ក្នុងនាមជា “អ្នកកណ្តាល”។
ដូច្នេះយើងឃើញថា និមិត្តសញ្ញានេះ ត្រូវ គ.ជ.ប យកមកប្រើ គួរតែយកគំរូតាមព្រះវិស្ណុ ដែល “មិនឆ្លើយឆ្លង” ជាមួយមជ្ឈដ្ឋានខាងក្រៅ។ ប៉ុន្តែបើមានអ្នកកាសែតចោទសួរពីកិច្ចការស្នូល ក៏ពន្យល់បរិយាយពីកិច្ចការរបស់ខ្លួន ជូនដោយរីករាយ យើងទទួលស្គាល់ថា គ.ជ.ប សព្វថ្ងៃធ្វើការល្អណាស់ ដោយចេះរៀបចំកិច្ចការផ្ទៃក្នុង អាចទទួលយកបាន ទាស់ត្រង់ “ឆាប់រសើបពេក” ដោយគ្មានអ្នកសួរផង បែរជាឆ្លើយតប ផ្ទុយនឹងពាក្យស្លោក សម្រាប់មនុស្សអព្យាក្រឹត។ ធម្មតា ចៅក្រម មិនដែលទៅតតាំងជាមួយអ្នករិះគន់នោះទេ ដោយចាំតែកាត់ក្តីជាការស្រេច។
សរុបទៅ “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថាអីថាទៅ!” (Fais bien et laisse-le dire) មានន័យយ៉ាងនេះឯង។ បើជាអ្នកនយោបាយ បើមានគេថា គេរិះគន់ ចាំបាច់ត្រូវតែវាយបកប្រាវៗទើបបាន ប៉ុន្តែសម្រាប់ “ស្ថាប័នអព្យាក្រឹត” ឬ “បុគ្គល អព្យាក្រឹត” បើធ្វើប្រាវៗ ម៉ាំងទៅម៉ាំងមក ដូចអ្នកនយោបាយមិនសូវល្អទេ គួរយកគំរូតាមព្រះវិស្ណុ ដែលមាននៅក្នុងនិមិត្តសញ្ញា គ.ជ.ប តែកុំធ្វើដូចក្រពើឈ្មោល ដែលចាញ់កលស្វាមហាកបិន្ទ បណ្តាលឱ្យបាត់បង់ជំនឿទុកចិត្ត…៕