Wednesday, October 22, 2025
Homeព័ត៌មានជាតិព័ត៌មានលម្អិត ៖ ប្តីប្រពន្ធជំពាក់បំណុលគេ អត់លុយសង សម្លាប់ស្ត្រីចងការប្រាក់ ទម្លាក់សពចូលប្រឡាយ

ព័ត៌មានលម្អិត ៖ ប្តីប្រពន្ធជំពាក់បំណុលគេ អត់លុយសង សម្លាប់ស្ត្រីចងការប្រាក់ ទម្លាក់សពចូលប្រឡាយ

ភ្នំពេញ ៖ ប្តីប្រពន្ធ1គូ ព្រោះតែជំពាក់លុយស្ត្រីជាអ្នកចងការប្រាក់ម្នាក់​ ចំនួនច្រើនពេក អត់មានលទ្ធភាពសង ក៏បែកគំនិតរួមដៃគ្នាជាមួយគូកន2នាក់ទៀត រៀបគម្រោងសម្លាប់ស្ត្រីជាម្ចាស់បំណុល ដើម្បីរួចផុតបំណុល និងប្លន់យកលុយកាក់បន្ថែមទៀត បន្ទាប់មក ក៏យកសពស្ត្រីរងគ្រោះទៅទម្លាក់ចូលប្រឡាយទឹកស្អុយ បំណងបំបាត់ដាន ប៉ុន្តែឈាមស្រែកស្បែកហៅ ទីបំផុត ក្រុមគ្រួសារស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាប្តីប្រពន្ធទាំង2នាក់ មកសាកសួរ និងចាត់ការតាមច្បាប់។

 

ករណីឃាតកម្មដ៏ឃោរឃៅ កូនបំណុលសម្លាប់ម្ចាស់បំណុល រួចយកសពទៅទម្លាក់ចូលប្រឡាយទឹកនេះ បានកើតឡើងតាំងពីវេលាម៉ោង5និង30នាទីល្ងាច ថ្ងៃទី20 ខែមិថុនា ឆ្នាំ2018 មកម៉្លេះ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិទ្រា2 សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ។ លុះក្រោយពីសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករប្រុសស្រី2នាក់ប្តីប្រពន្ធ និងបក្ខពួកម្នាក់ យកមកសាកសួរ។ បន្ទាប់មក នៅេវេលាម៉ោង10និង30នាទីព្រឹក ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 សមត្ថកិច្ចក៏បាននាំឃាតករដៃឆៅទាំង2នាក់ប្តីប្រពន្ធ ឱ្យទៅចង្អុលបង្ហាញទីតាំង ដែលពួកគេបានវាយសម្លាប់ និងទម្លាក់សពស្ត្រីរងគ្រោះចូលប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតនៅផ្លូវ371 ក្នុងសង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យជាឃាតករចិត្តឃោរឃៅទាំង3នាក់ខាងលើ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនៅឡើយ។ ចំណែកគូកនពួកគេម្នាក់ទៀត កំពុងរត់គេចខ្លួន និងកំពុងត្រូវបានសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនផងដែរ។ ដោយឡែក ស្ត្រីរងគ្រោះមានឈ្មោះ ខ្នើយ សឹង អាយុ31ឆ្នាំ មុខរបរជាអ្នកចងការប្រាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា2 សង្កាត់ ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ មានប្តីជាជនជាតិចិន។

តាមប្រភពពីបងស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) មានប្តីជាជនជាតិចិន ហើយនាងប្រកបរបរដើរចងការប្រាក់ (ដាក់លុយរាប់) និងឃើញថាកាក់កបគួរសម ហើយក៏មិនធ្លាប់មានបញ្ហាអ្វីដែរ កាលពីពេលកន្លងមក។ ទើបតែមកដល់វេលាម៉ោង5ល្ងាច ថ្ងៃទី20 ខែមិថុនា ឆ្នាំ2018 កន្លងទៅ ស្ត្រីរងគ្រោះបានប្រាប់ថា នាងចេញទៅរាប់លុយឱ្យគេ តែមិនបញ្ជាក់ថា ទៅកន្លែងណាឱ្យច្បាស់លាស់នោះទេ រួចក៏ចាកចេញពីផ្ទះបាត់ទៅ។ ចាប់តាំងពីពេលនោះ មកស្ត្រីរងគ្រោះក៏បានបាត់ខ្លួនរហូត ទោះជាក្រុមគ្រួសារនាំគ្នាចែកផ្លូវគ្នាតាមរកគ្រប់ច្រកល្ហក កន្លែងដែលនាងធ្លាប់ទៅយ៉ាងណា ក៏មិនមានតម្រុយបន្តិចណាសោះ ចំណែកទូរស័ព្ទក៏មិនអាចទាក់ទងបាន។

បងស្រីរបស់ស្ត្រីរងគ្រោះ បានបន្តថា ដោយសារតែបាត់ខ្លួនប្អូនស្រីដោយគ្មានដំណឹង  និងព្យាយាមតាមរកអស់លទ្ធភាព នៅតែមិនឃើញ ទើបពួកគាត់ជាក្រុមគ្រួសារបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី1ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។  លុះបានទទួលពាក្យបណ្តឹងហើយ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី1 សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលព្រហ្មទណ្ឌក្រុង និងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យប្រុសស្រី2នាក់ជាប្តី ប្រពន្ធនោះតែម្តង។

 

តាមចម្លើយសារភាពរបស់ជនសង្ស័យ ជាឃាតករទាំង2នាក់ប្តីប្រពន្ធ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង5ល្ងាច ថ្ងៃទី20 ខែមិថុនា ឆ្នាំ2018 ពួកគេបានទូរស័ព្ទទៅហៅស្ត្រីរងគ្រោះឱ្យមកផ្ទះរបស់ពួកគេ ដើម្បីយកលុយដែលពួកគេជំពាក់ លុះមកដល់ ពួកគេរួមមានគ្នាទាំងអស់4នាក់ ក៏បានធ្វើសកម្មភាពបិទទ្វារ រួចព្រួតវ៉ៃស្ត្រីរងគ្រោះរហូតដល់ស្លាប់នៅក្នុងបន្ទប់ជួលរបស់ពួកគេ  ក្នុងភូមិទ្រា2 សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ រួចក៏បានប្លន់យកលុយ និងទ្រព្យសម្បត្តិរបស់ស្ត្រីរងគ្រោះផងដែរ។ លុះមកដល់ម៉ោង9យប់ថ្ងៃដដែល ពួកគេទាំង4នាក់ បានយកសពស្ត្រីរងគ្រោះដាក់ចូលក្នុងកញ្ឆោដាក់នំប៉័ង បន្ទាប់មក ក៏ដាក់ចូលរទេះ រួចរុញយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយ នៅផ្លូវ371 ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌសែនសុខ តែម្តង ដើម្បីបំបាត់ភ័ស្តុតាង។

តាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា តាមពិតជនសង្ស័យ2នាក់ប្តីប្រពន្ធខាងលើ មានរបរលក់នំប៉័ងតាមកញ្ឆោ និងធ្លាប់បានចងការប្រាក់ពីស្ត្រីរងគ្រោះញឹកញាប់ណាស់ រហូតដល់កើនឡើងខ្ពស់ ហួសពីលទ្ធភាពសង ទើបធ្វើឱ្យប្តីប្រពន្ធជាឃាតករបែកគំនិតរកវិធីដោះបំណុល ដោយបានរួមគំនិតគ្នាជាមួយគូកន2 នាក់ទៀត រៀបគម្រោងសម្លាប់ស្ត្រីរងគ្រោះចោល ដើម្បីឱ្យបំណុលទាំងឡាយត្រូវរលាយបាត់អស់ តាមមនុស្សដែលស្លាប់។ បន្ទាប់មក ប្តីប្រពន្ធជនសង្ស័យបានហៅស្ត្រីរងគ្រោះឱ្យមកផ្ទះរបស់ ខ្លួន ដើម្បីសងប្រាក់ ទើបស្ត្រីរងគ្រោះបានមកយកប្រាក់ ដោយមិនដឹងថា ជនសង្ស័យបានរៀបគម្រោងសម្លាប់នាងបំបិទមាត់នោះទេ។ លុះស្ត្រីរងគ្រោះមកដល់ ជនសង្ស័យជាឃាតករទាំង4នាក់ ក៏បានព្រួតគ្នាវាយសម្លាប់ស្ត្រីរងគ្រោះ បន្ទាប់មកក៏យកភួយរុំសពដាក់ចូលក្នុងកញ្ឆោដាក់នំប៉័ង និងបានដេរមាត់កញ្ឆោជិត រួចក៏ដឹកសពយកទៅទម្លាក់ចូលប្រឡាយទឹកស្អុយ ដើម្បីបំបាត់ភ័ស្តុតាង ដោយនឹកស្មានថា ក្រោយពីស្ត្រីរងគ្រោះស្លាប់ទៅ ពួកគេនឹងរួចបំណុលមិនខាន ដឹងអី! ឈាមស្រែកស្បែកហៅ ទីបំផុត ក្រោយពីសម្លាប់ស្ត្រីរងគ្រោះបាន10ថ្ងៃ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ជាឃាតករទាំង2នាក់ប្តីប្រពន្ធបាន ខណៈដែលគូកន2នាក់ទៀត បាននាំគ្នារត់គគេចខ្លួនបាត់អស់ទៅហើយ។

ក្រោយកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ទៅតម្កល់ទុកនៅវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជនសង្ស័យជាឃាតករទាំង2នាក់ប្តីប្រពន្ធ និងគូកនម្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកគូកន2នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES