Wednesday, October 22, 2025
Homeព័ត៌មានជាតិមន្ត្រីក្រសួងកសិកម្ម ឈឺចាប់ស្ទើរប្រេះទ្រូង ស្នើលោករដ្ឋមន្ត្រី ចាត់ការប្រធាននាយកដ្ឋាននីតិកម្ម ភុំ រ៉ា

មន្ត្រីក្រសួងកសិកម្ម ឈឺចាប់ស្ទើរប្រេះទ្រូង ស្នើលោករដ្ឋមន្ត្រី ចាត់ការប្រធាននាយកដ្ឋាននីតិកម្ម ភុំ រ៉ា

ក.ក.ន ៖ ថ្មីៗនេះ ការិយាល័យនិពន្ធសារព័ត៌មាន “នគរធំ” បានទទួលលិខិតមួយច្បាប់ដ៏វែងអន្លាយ ពីក្រុមមន្ត្រីថ្នាក់ដឹកនាំនាយកដ្ឋាន នីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (លិខិតចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលចុះហត្ថលេខាដោយក្រុមមន្ត្រី នាយកដ្ឋាននីតិកម្មកសិកម្ម រួមមានឈ្មោះស្រេង ម៉ឹកគឹមស្រូយ, ធី ចាន់ថា, រ័ត្ន វិចិត្រ ជាដើម) ស្នើសុំឱ្យ “នគរធំ” ជួយចុះផ្សាយអំពីសកម្មភាពមិនប្រក្រតីរបស់លោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ដោយស្នើឱ្យលោករដ្ឋមន្ត្រី ចាត់ការចំពោះប្រធាននាយកដ្ឋានខាងលើនេះ ដែលគ្មានភាពជាអ្នកដឹកនាំ គ្មានសីលធម៌ និងប្រមាថមកលើមន្ត្រីក្រោមឱវាទ ញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដែលធ្វើឱ្យពួកគាត់ស្ទើរប្រេះទ្រូង និងមិនអាចទទួលយកបាន។

សារព័ត៌មាន “នគរធំ” មិនធ្វើអត្ថាធិប្បាយចំពោះលិខិតរបស់មន្ត្រីក្រសួងកសិកម្មខាងលើនេះទេ ដោយគ្រាន់តែចុះផ្សាយជូនតាមការស្នើសុំនូវលិខិតនេះទាំងស្រុងដូចខាងក្រោម ៖

“យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនាយកដ្ឋាននីតិកម្មកសិកម្ម សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី មេត្តាជ្រាបអំពីដំណើរការការងារ ការគ្រប់គ្រង ការដឹកនាំ ក្នុងនាមនាយកដ្ឋាននីតិកម្មកសិកម្ម រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានសភាពការណ៍ដូចតទៅ ៖

ក-អំពីតួនាទីនិងភារកិច្ចរបស់នាយកដ្ឋាននីតិកម្មកសិកម្ម ៖

នាយកដ្ឋាននីតិកម្មកសិកម្ម គឺជាអង្គភាពអមទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្អែកតាមមាត្រា១២ នៃអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមានភារកិច្ចសំខាន់ៗដូចខាងក្រោម ៖

-រៀបចំនយោបាយចំពោះកសិករជាអាទិ៍ កសិករទន់ខ្សោយ ដើម្បីកែលម្អស្ថានភាពសង្គម សេដ្ឋកិច្ចរបស់គេនៅក្នុងសេដ្ឋកិច្ចទីផ្សារ

-រៀបចំលក្ខខណ្ឌគតិយុត្តនានា លើកវិធានការ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍអង្គភាព និងអង្គការកសិកម្ម

-តាក់តែងនិងពិនិត្យកែសម្រួលសេចក្តីព្រាង អត្ថបទច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន តាមតម្រូវការការស្នើសុំពីនាយកដ្ឋាននានា ឬពីអង្គភាពចំណុះក្រសួងឱ្យសមស្របតាមច្បាប់ ជាធរមាន

-ផ្សព្វផ្សាយ និងតាមដានការអនុវត្ត អត្ថបទគតិយុត្ត បទប្បញ្ញត្តិ លិខិតបទដ្ឋានរបស់ វិស័យកសិកម្ម ដល់បណ្តានាយកដ្ឋាន និងគ្រឹះស្ថានដែលពាក់ព័ន្ធ

-ចុះបញ្ជិកា កសាងបមាណីយគុណភាព ទៅយថាប្រភេទនៃសម្ភារកសិកម្ម និងពង្រីកវិធានការត្រួតពិនិត្យគុណភាពសម្ភារកសិកម្ម

-ជាអ្នកជំនួយការច្បាប់វិស័យកសិកម្ម សម្រាប់ថ្នាក់ដឹកនាំក្រសួង និងបណ្តាអង្គភាព ក្រោមអាណាព្យាបាលរបស់ក្រសួង

-ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

លើសពីនេះ សារាចររបស់រាជរដ្ឋាភិបាល លេខ០៣ ស.រ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០០៣ ស្តីពីការអនុវត្តគោលការណ៍ណែនាំអំពីនីតិវិធី និងវិធានការតាក់សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត បានកំណត់ថា ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ទីស្តីការគណៈរដ្ឋ មន្ត្រី ត្រូវមានក្រសួង ស្ថាប័នទទួលបន្ទុក ប្រគល់ភារកិច្ចឱ្យអង្គភាពនីតិកម្មរបស់ក្រសួង ស្ថាប័ន ដោយសហការជាមួយនាយកដ្ឋានជំនាញ ក្នុងការរៀបចំឱ្យស្របតាមបែបបទ និងនីតវិធី ជាធរមាន។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតក្នុងសុច្ឆនៈកែទម្រង់ការដឹកនាំ និងការគ្រប់គ្រងពីថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយនឹងមន្ត្រីរាជការ ក៏ដូចគ្រប់អង្គភាពទាំងអស់ ជាពិសេស នាយកដ្ឋាននីតិកម្មកសិកម្ម ដែលត្រូវបានរៀបចំក្បាលម៉ាស៊ីនដឹកនាំនាយកដ្ឋានឡើងវិញ ដើម្បីគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីបានធ្វើការដោះដូរលោកស្រី ស៊ីណា អតីតអនុប្រធានទទួលបន្ទុករួមនាយកដ្ឋាន ដែលតែងតែធ្វើព្យុះធ្វើភ្លៀង ធ្វើទុក្ខបុកម្នេញ និងបង្កភាពប្រេះឆាយ៉ាងធ្ងន់ រវាងថ្នាក់ដឹកនាំនាយកដ្ឋាន រវាងមន្ត្រីរាជការ និងអតិថិជនដែលមកទទួលសេវាសាធារណៈថែមទៀត។ យើងខ្ញុំទាំងអស់គ្នាមានក្តីសង្ឃឹម និងទុកចិត្តឡើងវិញ ដើម្បីឆ្លើយទៅនឹងភារកិច្ច និងតួនាទី ដែលក្រសួងប្រគល់ជូន និងជាកិច្ចគោរពដឹងគុណ និងសូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែលើកទឹកចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រក្នុងការតែងតាំងយើងខ្ញុំជាអនុប្រធាន នាយកដ្ឋានដើម្បីជួយការងារគ្នា និងដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់នាយកដ្ឋាន ក៏ដូចជា ការងារក្រសួងដែលមានកន្លងមក និងបន្តការជួយទាំងពេលបច្ចុប្បន្ន ទាំងពេលអនាគត។ ប៉ុន្តែ ចាប់តាំងពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីលោកស្រី ស៊ីណា ជូនទៅលោកភុំ រ៉ា ដើម្បីទទួលតំណែងជាអនុប្រធានទទួលបន្ទុករួម និងក្រោយមកជាប្រធាននាយកដ្ឋានីតិកម្មកសិកម្ម គឺស្ថានភាពការងារមានការប្រែប្រួលបន្តិចបន្តូច និងក្រោយមក នាយកដ្ឋានតែងតែមានបញ្ហាប្រឈមកាន់តែធ្ងន់ទៅៗ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដែលមានដូចខាងក្រោម ៖

I-ការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក

ក-ស្ថាប័នមន្ត្រីរាជការ ឆ្នាំ២០១៦ នាយកដ្ឋានមានមន្ត្រីរាជការសរុបចំនួន៤៦នាក់ ស្រី ១២នាក់ និងឆ្នាំ២០១៧ នាយកដ្ឋានមានមន្ត្រីរាជការសរុបចំនួន៤៩នាក់ ស្រី១២នាក់។

ក្នុងនោះ ក៏មានភាពអសកម្ម និងបញ្ហាមិនប្រក្រតីជាច្រើនក្នុងការអនុវត្តការងារនាយកដ្ឋានដូចតទៅ ៖

១-លោកប្រធាននាយកដ្ឋាន តែងតែញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង និងបំផុសបំផុលមន្ត្រីក្នុងនាយកដ្ឋាន និងតែងតែនៅពីក្រោយខ្នងមន្ត្រីឱ្យវាយប្រហារគ្នាតាមបណ្តាញសង្គម (Facebook) ក្តី និងនៅក្រៅកិច្ចប្រជុំក្តី។

២-លោកប្រធាននាយកដ្ឋាន តែងតែនៅពីក្រោយខ្នងមន្ត្រីជំនិតខ្លួនមួយចំនួន ឱ្យវាយប្រហារថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនាយកដ្ឋាន ដូចជាការប្រើភាសា “នេះជាស្នាដៃថ្នាក់ដឹកនាំធ្វើ មិនមែនជាស្នាដៃថ្នាក់ដឹកនាំថា…” ដែលជាភាសាមួយប្រមាថធ្ងន់ចំពោះថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំនាយកដ្ឋាន នៅពេលដែលមានការបង្ហោះតាមបណ្តាញ Facebook នូវប្រកាសអន្តរក្រសួង ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ និងឯកសារផ្សេង២ទៀត។

៣-លោកប្រធាននាយកដ្ឋាន ធ្វើការបែងចែកការងារ និងចុះបេសកកម្ម ដោយមិនស្មើភាពគ្នា គ្មានតម្លាភាព គ្មានគណនេយ្យភាព ប្រកាន់បក្ខពួកនិយម មន្ត្រីខ្លះទទួលបានបេសកកម្មតិច មន្ត្រីខ្លះទទួលបានបេសកកម្មច្រើន មន្ត្រីខ្លះសឹងតែមិនមានការងារធ្វើតែម្តង។

ខ-ការងារគ្រប់គ្រងលិខិត ៖ ឆ្នាំ២០១៦ នាយកដ្ឋានមានលិខិតចូលចំនួន១២២១ច្បាប់  និងលិខិតចេញចំនួន ៦៣ច្បាប់ និងឆ្នាំ២០១៧ មានលិខិតចូល១២៤០ច្បាប់ និងលិខិតចេញ ៣៥៤ច្បាប់។

ក្នុងនោះ ក៏មានភាពអសកម្ម និងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តការងារនាយកដ្ឋានដូចតទៅ ៖

១-លោកប្រធាននាយកដ្ឋាន តែងតែធ្វើការសម្រេចចិត្តលើគ្រប់ការងារធំតូចទាំងឡាយ ដោយអត្តនោម័តដោយផ្តាច់ការ បង្កអរិភាព ដោយគ្មានការប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានទាំងអស់ ព្រមទាំងមិនអនុញ្ញាតឱ្យមន្ត្រីថតចម្លងឯកសារការងារពាក់ព័ន្ធជូនថ្នាក់ដឹកនាំនាយកដ្ឋានជ្រាបឡើយ។

២-ការចេញសេចក្តីសម្រេច បែងចែងភារកិច្ចថ្នាក់ដឹកនាំនាយកដ្ឋាន តែងតែធ្វើឡើងដោយគ្មានការប្រជុំពិភាក្សា ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានឡើយ ហើយថែមទាំងមិនគោរព និងអនុវត្តតាមការបែងចែកភារកិច្ចតាមសេចក្តី សម្រេចរបស់ខ្លួននោះទៅទៀត មិនតែប៉ុណ្ណោះ ថែមទាំងបង្កអនាធិបតេយ្យឱ្យមន្ត្រីខ្លួនធ្វើការរំលងការងារ មិនឆ្លងការពិនិត្យរបស់ប្រធានការិយាល័យ និងអនុប្រធាននាយកដ្ឋានទទួលបន្ទុកទៀត។

៣-ការចេញសេចក្តីសម្រេច បង្កើតក្រុមការងារពង្រឹងវិន័យ ការវាយតម្លៃដំឡើងកាំប្រាក់ ឬមេដាយគ្រឿងឥស្សរិយយស…ជាដើម គឺសុទ្ធតែមិនអនុញ្ញាតឱ្យថ្នាក់អនុប្រធាននាយកដ្ឋានចូលរួមឡើយ ហើយបែរជាមន្ត្រីថ្នាក់ទាប ឱ្យមកវាយតម្លៃថ្នាក់ខ្ពស់ទៅវិញ ដែលផ្ទុយពីច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការ និងធ្វើឱ្យបាត់ បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ។

៤-សៀវភៅកត់ត្រាលេខរដ្ឋបាល ជាពិសេស សៀវភៅលេខចេញលើលិខិតអនុញ្ញាតក្រុមហ៊ុន អាជីវកម្មខាងការិយាល័យបមាណីយសម្ភារកសិកម្ម ត្រូវបានរក្សាទុកក្នុងបន្ទប់លោកប្រធាន រហូតទោះបីជាលោកប្រធានទៅបំពេញបេសកកម្ម ក៏ត្រូវជាប់សោក្នុងបន្ទប់លោកប្រធានដែរ  ដែលនេះសបញ្ជាក់អំពីការអនុវត្តការងារផ្ទុយ ពីគោលការណ៍ណែនាំ របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែជំរុញឱ្យមានការងារបម្រើសេវាសាធារណៈបានលឿន ជូនអតិថិជនរបស់ឯកឧត្តមរដ្ឋមន្ត្រី សម្រេចគោលការណ៍ឯកភាពរួចហើយ តែបែរជាត្រូវរង់ចាំសៀវភៅចុះលេខចេញ ពេលលោកប្រធានត្រឡប់មកពីបេសកកម្មវិញ។

៥-ការងារគោលនយោបាយនាំចេញ ៖ លោកប្រធាននាយកដ្ឋាន បានធ្វើការឱ្យរាំងស្ទះការងារ និងនយោបាយនាំចេញកសិផលរបស់ក្រសួង និងរបស់រាជរដ្ឋាភិបាល ប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ តាមរយៈលិខិតលេខ ១០៣ សហវ អតស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលក្នុងការប្រជុំធ្វើសេរីភាវូបនីយកម្មបន្ថែមនៃទំនិញវេទយិទ នៅក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ។ អង្គប្រជុំបានសម្រេចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកពិនិត្យបញ្ជីផលិតដែលកម្ពុជា ចង់បានស្នើទៅភាគីកូរ៉េ ឱ្យកម្ពុជា នាំចូលបន្ថែម ហើយភាគីកូរ៉េ ក៏បានស្នើត្រឡប់មកវិញដែរ។ ក្នុងនោះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាឱ្យនាយកដ្ឋាននីតិកម្មកសិកម្ម រៀបចំលិខិតទៅគ្រប់អង្គភាពក្រោមទីស្តីការក្រសួង ដើម្បីកំណត់បញ្ជីផលិតផលដែលខ្លួនចង់នាំទៅប្រទេស កូរ៉េ តែលោកប្រធាននាយកដ្ឋាន បែរជាចាត់ទុកថា ឯកសារនេះគ្មានប្រយោជន៍ ហើយទុកចោល មិនព្រមចាត់ការទេ បណ្តាលឱ្យក្រសួង មិនបានបញ្ជូនបញ្ជីផលិតផលថ្មី ទៅឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ធ្វើការចរចាជាមួយភាគីកូរ៉េឡើយ ដែលធ្វើឱ្យកម្ពុជា បាត់បង់ផលប្រយោជន៍ពីការចរចានេះ។   (នៅមានត)

RELATED ARTICLES