សុភាសិតខ្មែរ១ឃ្លាថា “ឈើគប់ ម្លប់ឈើខ្លឹម” មានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់អ្នកដឹកនាំប្រទេស អ្នកដឹកនាំ បក្ស មេទ័ព ប្រធានស្ថាប័ននានា យកទៅអនុវត្ត។ ស្របពេលដែលការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជិតចូល មកដល់ បើអ្នកនយោបាយយកសុភាសិតខាងលើនេះ មកអនុវត្តដោយជោគជ័យនោះ ច្បាស់ជាដណ្តើមបានអាសនៈច្រើន ជាងគេ ដែល “នគរធំ” សូមលើករឿង “ឈើគប់ និងឈើខ្លឹម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាទូទៅ “ឈើគប់” ឬ “ព្រៃគប់” សំដៅដល់ព្រៃស្រោងមានដុះឈើល្អៗ មិនទាន់មានការកាប់បំផ្លាញ ហើយត្រូវបាន រាជការដាក់ដេញថ្លៃឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម ដោយកំណត់ព្រំប្រទល់ព្រៃច្បាស់លាស់។ នៅក្នុងព្រៃគប់នោះ មាន ឈើសំណង់ផ្សេងៗ ដូចជាឈើនាងដែង ផ្តៀក ឈើទាល ជាដើម សម្រាប់កាប់ អារច្រៀកធ្វើជាគ្រឿងផ្ទះ។ ឈើទាំង នេះខ្ពស់ៗណាស់ បានផ្តល់ម្លប់ត្រឈឹងត្រឈៃ ការពារ “ឈើខ្លឹម” ឬ “ឈើប្រណីត” មិនឱ្យត្រូវខ្យល់ព្យុះបោករំលើងបាន។ ឈើខ្លឹម ឬឈើប្រណីត មានតម្លៃជាងឈើធម្មតា ដូចជា នាងនួន គ្រញូង បេង ធ្នង់ វាមានខ្លឹមយ៉ាងរឹង សម្រាប់ច្នៃជា គ្រឿងសង្ហារិមផ្សេងៗ ដែលសព្វថ្ងៃ ឈើខ្លឹម ឬឈើប្រណីត មានតម្លៃដូចមាស ជាពិសេស គេដឹងថា ឈើគ្រញូងទម្ងន់ ១គ.ក្រ តម្លៃ២០ដុល្លារអាមេរិក ឯណោះ ទើបបានជាមានឈ្មួញឈើធ្វើអាជីវកម្មលួចលាក់ បង្ក្រាបមិនឈ្នះ។
យ៉ាងណាមិញ ប្រជាពលរដ្ឋសាមញ្ញ ប្រៀបបាននឹង “ឈើគប់” រីឯអ្នកដឹកនាំប្រទេស ប្រៀបបាននឹង “ឈើខ្លឹម”។ ចំណែក អ្នកគាំទ្រគណបក្ស ប្រៀបបាននឹង “ឈើគប់” ខណៈដែលមេដឹកនាំបក្សជា “ឈើខ្លឹម” ក៏ដូចពលទាហាន ជា “ឈើគប់” អម ការពារមេទ័ពជា “ឈើខ្លឹម”។ សូម្បីប្រជារាស្ត្រ និងអង្គព្រះមហាក្សត្រ ក៏អាចប្រៀបបាន “ឈើគប់ និងឈើខ្លឹម” ដែរ ដោយហេតុថា “សម្លឆ្ងាញ់ដោយសារគ្រឿង នគររុងរឿងដោយសារប្រជារាស្ត្រ”។
ក្នុងយុទ្ធសាស្ត្រនយោបាយ ប្រជារាស្ត្រមានតួនាទីសំខាន់ណាស់ ដែលអ្នកដឹកនាំប្រទេស ឬអ្នកដឹកនាំបក្ស មិនអាចដើរ រំលងបានឡើយ ចាំបាច់ត្រូវតែប្រើចិត្តសាស្ត្រយ៉ាងណាអូសទាញប្រជារាស្ត្រឱ្យស្រឡាញ់។ កាលបើរាស្ត្រស្រឡាញ់ហើយ នឹងជួយការពារផ្តល់ម្លប់ប្រក់អ្នកដឹកនាំឱ្យមានភាពកក់ក្តៅត្រជាក់ត្រជំរហូត ប៉ុន្តែ បើធ្វើឱ្យរាស្ត្រក្តៅក្រហាយនោះ រាស្ត្រ មិនធ្វើម្លប់ឱ្យទេ ដោយទុកឱ្យអ្នកដឹកនាំឯកោនៅក្រោមកម្តៅថ្ងៃ និងព្យុះព្យោមាបោកបក់។ របៀបយកចិត្តថ្លើមរាស្ត្រនេះ ព្រះមហាក្សត្រខ្មែរ តាំងពីសម័យអង្គរ តែងយកព្រះទ័យទុកដាក់ខ្លាំងបំផុត ជាពិសេស បើស្រុកទេសកើតសង្គ្រាមជាមួយ ប្រទេសជិតខាង ចាំបាច់ត្រូវតែយកច្បាប់អាជ្ញាសឹកមកប្រើ។ ច្បាប់នោះ តម្រូវឱ្យមេទ័ព មេកង ក៏ដូចសេនាទាហាន គោរព យ៉ាងម៉ឺងម៉ាត់ ដូចប្រវត្តិសាស្ត្រចារទុកថា “ក្នុងការធ្វើចម្បាំង គេតែងតែចេញបញ្ជាហាមប្រាមទាហានមិនឱ្យទៅរំលោភ ជិះជាន់ ប្លន់យកទ្រព្យសម្បត្តិពីប្រជារាស្ត្រឡើយ។ បើមានជនណាល្មើសច្បាប់ ធ្វើឱ្យរាស្ត្រក្តៅក្រហាយនោះ នឹងត្រូវទទួល ទណ្ឌកម្មរហូតដល់ត្រូវប្រហារជីវិត”។
នៅក្នុងច្បាប់តុលាការពីបុរាណ សម្រាប់យកចិត្តថ្លើមបណ្តារាស្ត្រ មានរហូតដល់១២ក្រមឯណោះ គឺ១-ក្រមក្បត់សឹក ២-ក្រមចោរកម្ម ៣-ក្រមតុលាការ ៤-ក្រមទទួលបណ្តឹង កាត់បណ្តឹង ៥-ក្រមទសភរិយា ៦-ក្រមបំណុល ៧-ក្រម- ពហុលទេព ៨-ក្រមអាជ្ញាហ្លួង ៩-ក្រមព្រះធម្មសាស្ត្រា ១០-ក្រមព្រះរាជក្រឹត្យសង្ឃការី ១១-ក្រមមរតក ១២-ក្រម- វិវាទ។ ក្រមទាំងប៉ុន្មាននេះ ត្រូវដាក់ឱ្យចៅក្រមជំនុំជម្រះ ដោយវៀរចាក “អគតិ៤” តម្កល់រាស្ត្រជាធំ ក្នុងករណីកាត់ក្តី លម្អៀង បណ្តាលឱ្យរាស្ត្រក្តៅក្រហាយ ចៅក្រមនោះនឹងត្រូវទទួលទោសហូតងារ អស់បុណ្យស័ក្តិមិនខានឡើយ។
ក្រឡេកមើលបច្ចុប្បន្នភាពវិញ យើងឃើញថា អ្នកនយោបាយគ្រប់និន្នាការ សុទ្ធតែចេះយកចិត្តថ្លើមប្រជាពលរដ្ឋ ប៉ុន្តែ ជួនកាលក៏មានកូនចៅក្រោមឱវាទខ្លះ ឈ្លក់វង្វេងនឹងលាភសក្ការៈ ក៏ទៅធ្វើឱ្យរាស្ត្រក្តៅក្រហាយ នាំឱ្យខូចដល់នយោបាយ ថ្នាក់ដឹកនាំ។ កាលបើរាស្ត្រអាក់អន់ចិត្ត គឺមិនខុសពី “ឈើខ្លឹម” ដែលដុះតែឯង អត់ “ឈើគប់” ប្រក់ម្លប់ ដែលចាំបាច់ត្រូវ- តែមានការកែលម្អ។ គួរយល់ថា នៅពេលស្រុកកើតសង្គ្រាម “យោធាឡើងថ្លៃ” ពោលគឺទាហានមានសិទ្ធិអំណាចខ្លាំងណាស់ បើមិនប្រយ័ត្ន ក៏មានយោធាអត់វិន័យទៅសង្កត់សង្កិនរាស្ត្រ ប្លន់ទ្រព្យសម្បត្តិ រឹបយកដីធ្លីកសិករ ជាដើម នាំឱ្យអ្នកដឹកនាំ ចុះខ្សោយប្រជាប្រិយភាព។ នៅពេលស្រុកសន្តិភាព “កវីបណ្ឌិតឡើងថ្លៃ” ប៉ុន្តែ បើមានកវីបណ្ឌិតអត់គុណធម៌ បង្ករឿង ជាមួយរាស្ត្រនោះ ជាហេតុនាំឱ្យអ្នកដឹកនាំធ្លាក់កូដ។ ស្រុកកើតជំងឺ “ពេទ្យឡើងថ្លៃ” ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នពេទ្យ ព្យាបាល សង្កត់កអ្នកជំងឺក្រីក្រ ជាហេតុនាំឱ្យអ្នកដឹកនាំប្រទេស ចុះថយការគាំទ្រ។ ស្រុកកើតចោរកម្ម “ប៉ូលិសឡើងថ្លៃ” បើបណ្តោយ ឱ្យប៉ូលិសចាប់មនុស្សច្រឡំ ចោទប្រកាន់ជនស្លូតត្រង់ថាជាចោរ ដើម្បីសំណូកឱ្យផុតពីគុកច្រវាក់នោះ បណ្តាលឱ្យអ្នកដឹកនាំ ប្រទេស អស់សេចក្តីស្រឡាញ់ពីរាស្ត្រ៘
ដូច្នេះយើងឃើញថា តួនាទីអ្នកដឹកនាំប្រទេស ដឹកនាំបក្ស មេទ័ព មេក្រសួង ប្រធានស្ថាប័ន សហគមន៍ បើចង់ឱ្យតំណែង របស់ខ្លួនគង់វង្សបានយូរ គ្មានអីខ្លាំងជាងយកចិត្តថ្លើមរាស្ត្រនោះទេ។ ព្រះសម្មាសម្ពុទ្ធបរមគ្រូ បានយកព្រះធម៌ទេសនាដ៏មាន តម្លៃ អប់រំណែនាំពុទ្ធបរិស័ទ ធ្វើឱ្យមនុស្សគ្រប់ជាតិសាសន៍គោរពស្រឡាញ់។ ទោះបីព្រះពុទ្ធសាសនា បែងចែកជានិកាយហិនយាន មហាយាន ព្រះសង្ឃសូត្រធម៌កាន់ផ្លិត ឬវាយត្រដោក ខ្លះគ្រងស្បង់ចីវរ ខ្លះពាក់អាវផាយ ក៏ព្រះសង្ឃគ្រប់និកាយ គោរពព្រះពុទ្ធ តែមួយអង្គដូចគ្នា។ សម្តេចឪ ព្រះបរមរតនកោដ្ឋ ដែលកាន់អព្យាក្រឹតឥតលម្អៀង ធ្វើឱ្យកូនចៅប្រជារាស្ត្រ គ្រប់មជ្ឈដ្ឋានគោរពស្រឡាញ់ខ្លាំង ជាក់ស្តែង ពេលព្រះអង្គសោយព្រះទិវង្គត ថ្ងៃណាក៏មានប្រជារាស្ត្រពីគ្រប់ខេត្តរាប់ម៉ឺន នាក់ មានទាំងព្រះសង្ឃផង ទៅអុជធូបសម្តែងមរណទុក្ខនៅមុខព្រះបរមរាជវាំង។
ចុះសព្វថ្ងៃ អ្នកនយោបាយយើងអាចធ្វើបានប្រហែលព្រះពុទ្ធបរមគ្រូ ឬអង្គសម្តេចឪ ព្រះមហាវីរក្សត្រ ដែរឬទេ? សំណួរនេះ “នគរធំ” សុំមិនបកស្រាយទេ ដោយទុកជូនប្រជារាស្ត្រតាមដានឃ្លាំមើលចុះ ខណៈដែលនិន្នាការ២ គឺ “ប្រឆាំង និងមិនប្រឆាំង” កំពុងប្រទង់ប្រទាញគ្នា។ អ្វីដែលយើងចង់បាននោះ គឺចង់ឱ្យអ្នកនយោបាយយកសុភាសិត “ឈើគប់ ម្លប់ ឈើខ្លឹម” មកអនុវត្តឱ្យបានគ្រប់ៗគ្នា ពោលគឺអ្នកនយោបាយត្រូវចុះឱ្យដល់ខ្ទមអ្នកក្រ ឱ្យដល់ស្រែចម្ការ កុំខ្លាចប្រឡាក់ ភក់ផុង។ អ្វីដែលរាស្ត្រចង់បាន មានច្រើនសណ្ឋាន ដូចជា រាស្ត្រខ្លះចង់បានផ្សារលក់ដូរ ចង់បានសាលាល្អឱ្យកូនរៀន ចង់បាន ផ្លូវគមនាគមន៍ ស្ពាន ឬវត្តអារាមដែលមានកុដិ ព្រះវិហារសមរម្យ ជាពិសេស ក៏មានរាស្ត្រដែលក្រីក្របំផុត ចង់បានជម្រក ឬអង្ករច្រកឆ្នាំង។ ដូច្នេះ ចំណុចខ្វះខាតនេះ លុះត្រាតែអ្នកនយោបាយមានឧត្តមគតិជាតិ ទើបដោះស្រាយបាន ប៉ុន្តែ ត្រូវ ប្រយ័ត្នសហការីឡេមឡឺម រំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ។ “បន្លាមិនមុតមនុស្ស តែមនុស្សទេដែលជាន់បន្លា” គឺមានន័យ ថា រាស្ត្ររង់ចាំតែអំពើល្អរបស់អ្នកនយោបាយប៉ុណ្ណោះ ប៉ុន្តែ បើអ្នកនយោបាយចាត់សហការីបង្កប់លោភៈ ទោសៈ មោហៈ ដើរជាន់រាស្ត្រនោះ រាស្ត្រនឹងក្លាយជាបន្លាមុតជើងអ្នកនយោបាយមិនខានឡើយ ហើយ “ឈើគប់ នឹងមិនផ្តល់ម្លប់ដល់ឈើ ខ្លឹម” ជារៀងរហូត។
សរុបទៅ “ឈើគប់ ម្លប់ឈើខ្លឹម” គឺជាមរតកសាសន៍បុរាណាចារ្យ តម្រូវឱ្យអ្នកដឹកនាំប្រទេស អ្នកដឹកនាំបក្ស យក ទៅអនុវត្តហ្នឹងឯង។ ទោះយ៉ាងណា យើងសង្កេតឃើញថា សព្វថ្ងៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកសម រង្ស៊ី លោកកឹម សុខា ក៏ដូចមេដឹកនាំបក្សផ្សេងៗទៀត សុទ្ធតែចេះយុទ្ធសាស្ត្រយកចិត្តថ្លើមរាស្ត្រដូចគ្នា ប៉ុន្តែ ដូចអ្វីដែលយើង គូសបញ្ជាក់រួចហើយថា សហការីឡេមឡឺម ហុតទឹកសម្លឹងកាក ធ្វើឱ្យរាស្ត្រក្តៅក្រហាយនោះ បើមិនយកចេញ ឬកែទម្រង់ ឱ្យទាន់ពេលវេលា អាចធ្វើឱ្យ “ឈើខ្លឹមអស់ម្លប់”៕
ដោយ ៖ អាចារ្យថាំ
ឈើគប់ ម្លប់ឈើខ្លឹម
RELATED ARTICLES