ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 20-21 ខែសីហា ឆ្នាំ2018 ដោយមានបេក្ខជនប្រឡងសរុប ចំនួន117061នាក់ និងមានមណ្ឌលប្រឡង ចំនួន195មណ្ឌល ចែកជា 4716បន្ទប់ នៅរាជធានី-ខេត្តទាំង25ទូទាំងប្រទេស។ ចំណែកការប្រកាសលទ្ធផលនឹងធ្វើឡើងនៅរសៀលថ្ងៃទី11 ខែកញ្ញា ឆ្នាំ 2018 (សម្រាប់មណ្ឌលប្រឡងរាជធានី- ភ្នំពេញ និងខេត្តកណ្តាល) និងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 (សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗ)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃព្រហស្បតិ៍ 1រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស 2562 ត្រូវនឹងថ្ងៃទី28 ខែមិថុនា ឆ្នាំ2018 ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ 20 សីហា 2018 បានបញ្ជាក់ថា “ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសសូមជម្រាបជូនមាតាបិតា ឬអ្នកអាណាព្យាបាលបេក្ខជន និងបេក្ខជនជ្រាបថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ 20 សីហា 2018 ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមាន បេក្ខជនប្រឡងសរុបចំនួន117061នាក់ និងមានមណ្ឌលប្រឡងចំនួន 195មណ្ឌល ចែកចេញជា 4716បន្ទប់ នៅរាជធានីខេត្ត ទាំង25 នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀល ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅ ប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ជាដាច់ខាត។ ក្នុងករណីរកឃើញ ត្រូវចាត់ទុកថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន និងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
មាតាបិតា ឬអ្នកអាណាព្យាបាលបេក្ខជន និងសាធារណជនអាចទទួលបានព័ត៌មានថ្មីៗ ឬសាកសួរ និងបញ្ចោញយោបល់ពាក់ព័ន្ធនឹងដំណើរការប្រឡងខាងលើ តាមតំណបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh។
ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមនិងជឿជាក់ថា បេក្ខជនទាំងអស់នឹងគោរពតាមការអំពាវនាវខាងលើនេះ ជាក់ជាមិនខាន”។
គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ2017 កន្លង មក សម័យប្រឡង 21 សីហា 2017 បេក្ខជនដែលមានវត្តមានសរុប មានចំនួន 99728 នាក់ ហើយជាលទ្ធផល គឺមានបេក្ខជនប្រឡងជាប់ ចំនួន63 668នាក់ ត្រូវជា 63/84% (ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ ចំនួន 34234នាក់ ត្រូវជា 53/40% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ ចំនួន 29434នាក់ ត្រូវជា 82/62%)។
ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន 424នាក់, និទ្ទេស B ចំនួន 2 464នាក់, និទ្ទេស C ចំនួន 5000នាក់, និទ្ទេស D ចំនួន 9123នាក់ និងនិទ្ទេស E ចំនួន 46657នាក់៕