Wednesday, October 22, 2025
Homeព័ត៌មានជាតិប្រើគ្រប់មធ្យោបាយ ទីបំផុតរកឃើញហើយ

ប្រើគ្រប់មធ្យោបាយ ទីបំផុតរកឃើញហើយ

ភ្នំពេញ ៖ សាកសពបុរសម្នាក់ដែលជិះកង់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ និងត្រូវបានសាច់ញាតិក្រុមគ្រួសារជួលអ្នកមុជទឹករាវរក អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញហើយ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីសាកសពជនរងគ្រោះបានអណ្តែតឡើងនៅក្បែរមាត់ច្រាំងទន្លេ។

សាកសពជនរងគ្រោះ ដែលអណ្តែតនៅជាប់នឹងច្រាំងទន្លេ មានឈ្មោះយ៉ង់ ចន្ថា អាយុ២៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ដោយមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងមានវិបត្តិអ្វីក្នុងចិត្ត ក៏បានជិះកង់ឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត ទាំងទឹកមុខស្រពាប់ស្រពោន លុះធ្វើដំណើរមកជិតដល់ពាក់កណ្តាលស្ពាន ក៏បានទុកកង់ចោល ហើយស្ទុះលោតទម្លាក់ខ្លួនពីលើស្ពានចូលទៅក្នុងទឹក បណ្តាលឱ្យលិចបាត់ភ្លាមៗតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាតាមស្វែងរកសាកសពដែរ តែមិនឃើញសោះ រហូតដល់ជួលក្រុមអ្នកមុជទឹកឱ្យរាវរកផងដែរ ប៉ុន្តែនៅតែមិនមានលទ្ធផលដដែល។ ទីបំផុត ៤ថ្ងៃក្រោយមក ទើបសាកសពបានអណ្តែតឡើងនៅលើផ្ទៃទន្លេ និងត្រូវបានប្រជានេសាទប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច និងផ្តល់ដំណឹងដល់ក្រុមគ្រួសារតែម្តង។

បន្ទាប់ពីស្រង់យកសាកសពឡើងមកលើគោក ពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES