Wednesday, October 22, 2025
Homeព័ត៌មានជាតិរឿងតិចតួចបើករត់គេច ចុងក្រោយ ប្រុសរបួសធ្ងន់ ស្រីរបួសស្រាល

រឿងតិចតួចបើករត់គេច ចុងក្រោយ ប្រុសរបួសធ្ងន់ ស្រីរបួសស្រាល

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ជិះម៉ូតូដឹកគ្នាដើរលេងពេលរាត្រី ដោយមិនបានពាក់មួកការពារសុវត្ថិភាពនោះទេ លុះប្រទះឃើញសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវ ក៏ព្យាយាមជិះរត់គេចទាំងបញ្ច្រាសទិសដៅចរាចរណ៍ រួចក៏ទៅប៉ះនឹងម៉ូតូ១គ្រឿង បណ្តាលឱ្យដួល តែមិនព្រមឈប់ដោះស្រាយ នៅតែបន្តរត់គេចទៅមុខទៀត រហូតជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រចំពីក្រោយទាំងកំរោល បណ្តាលឱ្យខាងប្រុសទទួលរងរបួសធ្ងន់ ចំណែកនារីជាគូស្នេហ៍ដែលអង្គុយពីក្រោយរងរបួសស្រាល។

ករណីគូស្នេហ៍ជិះម៉ូតូគេចគោលដៅប៉ូលិស រួចជ្រុលទៅបុករថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ស្រាលនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខវិទ្យាល័យជា ស៊ីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងបឹងសាឡាង ខណ្ឌទួលគោក។

គូស្នេហ៍ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ និងជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខតាកែវ 1K-4040។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើ ជិះម៉ូតូស្កុបពី ពណ៌ស ដឹកគ្នាតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយនារីជាសង្សារអង្គុយពីក្រោយ និងមិនបានពាក់មួកការពារសុវត្ថិភាពនោះទេ។ លុះមកដល់ចំណុចកើតហេតុ  ក៏ប្រទះឃើញសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខ ចម្ងាយប្រមាណ៣០ម៉ែត្រ ស្រាប់តែពេលនោះ គូស្នេហ៍ខាងលើមិនបានបន្តដំណើរទៅមុខទៀតទេ បែរជាបត់ត្រឡប់ក្រោយ បំណងជិះរត់គេច ធ្វើឱ្យជ្រុលទៅទាក់ដៃចង្កូតនឹងម៉ូតូមួយគ្រឿងទៀត ម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-6550 ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យម៉ូត Zoomer-X ដួលអូសជាង១០ម៉ែត្រ រងការខូចខាតបន្តិចបន្តួច ដោយឡែកស្ត្រីជាអ្នកបើកបររងរបួសរលាត់ដៃរលាត់ជើង។

ប្រភពដដែលបន្តថា ក្រោយពីទាក់ដៃចង្កូតម៉ូតូគេដួលហើយ គូស្នេហ៍ខាងលើមិនព្រមឈប់ដោះស្រាយគ្នានោះទេ តែនៅបន្តព្យាយាមជិះរត់គេចទៀត ទាំងបញ្ច្រាសទិសដៅចរាចរណ៍ និងក្នុងល្បឿនយ៉ាងលឿន។ បន្ទាប់មក ម៉ូតូគូស្នេហ៍ខាងលើ ក៏ជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-9354 ដែលបើកបរដោយបុរសម្នាក់ចេញមកពីខាងក្រោយវិទ្យាល័យជ ស៊ាមី តាមបណ្តោយផ្លូវ២៧១ស្ទួន ហើយបានបត់ឆ្វេងឆ្លងចូលផ្លូវ២៧១ បំណងឡើងស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯបុរសជាអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរ និងនារីជាសង្សារអង្គុយពីក្រោយរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។ ភ្លាមៗនោះ អ្នកបើកបររថយន្តកុងតឺន័រ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ម្ចាស់ម៉ូតូ Zoomer-X

ក្រោយពេលកើតហេតុ ដោយសារតែភាគីខាងម៉ូតូ Zoomer-X មិនចង់មានរឿងវែងឆ្ងាយ ក៏បានទូរស័ព្ទហៅសាច់ញាតិឱ្យមកទទួល និងយកម៉ូតូចេញទៅបាត់ទៅ។

ដោយឡែក រថយន្តកុងតឺន័រ និងម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

RELATED ARTICLES