ខេត្តកណ្តាល ៖ បុរសជាអង្គរក្សម្នាក់ ទើបនឹងចេញពីយាមប្រចាំការនៅបន្ទាយទួលក្រសាំង ក៏ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន លុះវាក់នឹងរថយន្តដឹកទឹកកកមួយគ្រឿងបត់ឆ្លងផ្លូវ ចាប់ហ្វ្រាំងគេចចង្កូតមិនទាន់ ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបោកផ្ទប់ក្បាលទៅនឹងរថយន្ត ស្លាប់នោនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើបានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21B កែងនិងផ្លូវ១១៣ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
បុរសរងគ្រោះមានឈ្មោះលន់ សុភាព អាយុជាង៣០ឆ្នាំ មុខរបរអង្គរក្ស ស្នាក់នៅក្នុងបញ្ជាការដ្ឋានអង្គរក្សនៅទួលក្រសាំង ស្នាក់នៅភូមិព្រែកអញ្ជែញ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយធុនធំ១គ្រឿង ជាប្រភេទរថយន្តដឹកទឹកកក ពាក់ស្លាកលេខ ភ្នំពេញ 3A-0844 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលេខ១១៣ បំណងឆ្លងផ្លូវទិសដៅពីកើតបត់ទៅត្បូង ស្រាប់តែពេលកំពុងតែបត់ ក៏មានម៉ូតូមួយគ្រឿងម៉ាកណាយហ៊ត ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ 21B ទិសដៅពីជើងទៅត្បូង ក៏បានជ្រុលទៅបុករថយន្តកំពុងតែបត់យ៉ាងពេញទឹហឹង បណ្តាលឱ្យបុរសរងគ្រោះជាម្ចាស់ម៉ូតូនោះ បោកក្បាលផ្ទប់នឹងរថយន្តបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕