ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខដែលយាមកាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន យកទៅចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យខាងលើ ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យដែលសន្តិសុខពេទ្យចាប់ប្រគល់ឱ្យប៉ូលិសនេះ មានមានឈ្មោះនាម សំរឹទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកហូត មានទូរស័ព្ទ SamSung មួយគ្រឿង, iPad មួយគ្រឿង, កាបូបលុយមួយ និងលុយមួយចំនួនទៀត ជារបស់ជនរងគ្រោះ។
តាមសម្តីសន្តិសុខបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលក្រុមសន្តិសុខកំពុងដើរល្បាតនៅក្នុងមន្ទីរពេទ្យ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ រត់ចេញពីក្នុងបន្ទប់អ្នកជំងឺ និងកាន់កាបូបក្នុងដៃផង គួរឱ្យសង្ស័យ ត្រូវសន្តិសុខនាំគ្នាព័ទ្ធចាប់ជនសង្ស័យតែម្តង ទើបដឹងថា ជាចោរ ក៏ដកហូតសម្ភារៈទាំងនោះទុកប្រគល់ឱ្យម្ចាស់វិញ និងទាក់ទងហៅប៉ូលិសមកនាំជនសង្ស័យទៅចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសន្តិសុខពេទ្យព្រះកុសុមៈ ប្រគល់ទៅឱ្យសមត្ថកិច្ចមូលដ្ឋាន នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕