សម្តេចព្រះសង្ឃរាជ ជួន ណាត សមណៈអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានទុកព្រះមរតកសាសន៍ ជាសុភាសិតថា “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត” នៅពេលព្រះអង្គទតឃើញអ្នកនយោបាយខ្មែរសម័យនោះ មានជម្លោះជាមួយបរទេសមិនឈប់ឈរ។ ព្រះបណ្តាំនេះ ត្រូវបានសម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យកទៅអនុវត្ត ក្រោយពេលផ្តច្កា់ចំណងការទូតជាមួយសហរដ្ឋអាមេរិក រហូតត្រូវរ៉ូវគ្នាវិញ។ នៅពេលនេះ ទំនាស់នយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ក៏ដូច អាមេរិក រហូតមានការបញ្ជូនបេសកជនទៅចរចាសម្របសម្រួលនោះ ស្តែងឱ្យឃើញថា
“មិនធ្វេសគំនិត” នេះឯង ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សូមរំព្ញកថា កាលពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ តែងមានជម្លោះជាមួយបរទេសជាបន្តបន្ទាប់។ មុនដំបូង សម្តេចព្រះប្រមុខរដ្ឋ បានចោទប្រកាន់យៀកកុង យៀកណាមខាងជើង ថាជាអ្នកបង្កើត “ខ្មែរឥស្សរៈក្រុមសឺង ង៉ុកមិញ” រហូតដល់ព្រះអង្គដាក់ឈ្មោះខ្មែរឥស្សរៈទាំងនោះថា “ពួកខ្មែរយៀកមិញ” តាមឈ្មោះមេធំជាងគេ គឺអាចារ្យមៀន ឬសឺង ង៉ុកមិញ។ ក្រោយសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ពួកខ្មែរយៀកមិញ បានរត់ទៅតាមពួកយៀកណាមខាងជើង ទៅបន្តការបំពាក់បំប៉ននយោបាយ “កុម្មុយនីស្តឥណ្ឌូចិន” នៅទីក្រុងហាណូយ ដែលក្នុងនោះ ក៏មានលោកប៉ែន សុវណ្ណ ម្នាក់ដែរ។ ក្រោយមក ព្រះអង្គចាប់ផ្តើមមានទំនាស់ជាមួយ “ង៉ូ ឌិញយៀម” មេដឹកនាំរបបក្រុងព្រៃនគរ ដោយសារ ង៉ូ ឌិញយៀម ចោទព្រះអង្គថា បានបើកឱ្យមាន “ផ្លូវលំ ហូ ជីមិញ” តាមព្រំប្រទល់ អំណោយផលដល់វៀតណាមខាងជើង ដឹកសម្ភារៈសឹកមកផ្គត់ផ្គង់ការតស៊ូ។ អស់ពីឈ្លោះជាមួយង៉ូ ឌិញយៀម ង៉ូ ឌិញញូ ព្រះអង្គត្រូវតតាំងជាមួយង្វៀន យ៉ាំងធីវ និងង្វៀន កាវគី ដែលបានដណ្តើមអំណាចពី ង៉ូ ឌិញយៀម តាមរយៈរដ្ឋប្រហារ។ របបក្រុងព្រៃនគរ នៅពេលនោះ មានអាមេរិក នៅពីក្រោយខ្នង ក៏ឈ្លោះជាមួយអាមេរិក ទៀត ព្រោះរឿងទម្លាក់គ្រាប់បែករំលោភលើបូរណភាពអធិបតេយ្យកម្ពុជា។ ក្រៅពីជម្លោះប៉ែកខាងកើត និងប៉ែកខាងត្បូង មានការទាមទារកោះត្រល់ មកវិញ មិនបានសម្រេចនោះ សម្តេចឪ ក៏មានជម្លោះជាមួយប្រទេសថៃ រឿង “ប្រាសាទព្រះវិហារ” រហូតមានការក្តីក្តាំ” ឡើងដល់តុលាការអន្តរជាតិ និងបានឈ្នះក្តីនៅឆ្នាំ១៩៦២។ ព្រះអង្គក៏ធ្លាប់ទាស់គ្នាជាមួយបារាំង ដែលដាក់អាណានិគមលើកម្ពុជា ជាង៨០ឆ្នាំ រហូតទាមទារឯករាជ្យបានទាំងស្រុង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សរុបទៅ សម្តេចឪ ជាអ្នកនយោបាយដែលស្វិតស្វាញបំផុត ក្នុងកិច្ចការពារបូរណភាពទឹកដី មិនឱ្យបរទេសរំលោភបាន ជាហេតុនាំឱ្យសម្តេចព្រះសង្ឃរាជ ជួន ណាត ទតយល់ពីផលវិបាក ក្រែងព្រះប្រមុខរដ្ឋ ភ្លាត់ស្នៀតដោយប្រការណាមួយ ក៏ជួយរំព្ញកដាស់តឿនថា “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត”។ ព្រះបណ្តាំអ្នកប្រាជ្ញសង្ឃអង្គនេះ ត្រូវបានសម្តេចឪ យកមកអនុវត្តយ៉ាងមានប្រសិទ្ធភាព ពោលគឺនៅពេលដឹងថា បារាំង អាក់អន់ចិត្តរឿងកម្ពុជា ទាមទារឯករាជ្យនោះ សម្តេចឪ ព្យាយាមសម្របសម្រួល បន្ធូរភាពតានតឹង តាមរយៈការអញ្ជើញលោកហ្សាល ដឺហ្គោល (Charles de Gaule) ប្រធានាធិបតីបារាំង មកបំពេញទស្សនកិច្ច នៅកម្ពុជា។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ លោកដឺហ្គោល បានថ្លែងសុន្ទរកថា នៅពហុកីឡដ្ឋានជាតិ ប្រកាសគាំទ្រគោលនយោបាយសម្តេចព្រះនរោត្តម សីហនុ បន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ជាពិសេស បារាំង បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលត្រូវទៅបន្តការសិក្សានៅប្រទេសបារាំង។
-ដោយធ្លាប់មានជម្លោះជាមួយហូ ជីមិញ ៖ ពាក់ព័ន្ធនឹង “ខ្មែរយៀកមិញ” សម្តេចឪ បានសម្របសម្រួលដោយសម្ងាត់ (មិនដឹងការពិតដល់កម្រិតណានោះទេ) ស្រាប់តែមានកងទ័ពវៀតកុង-វៀតណាមខាងជើង ចូលមកបោះទីតាំងតាមព្រំប្រទល់ប៉ែកខាងកើត។ សូម្បីពេលលោកប្រធាន ហូ ជីមិញ ទទួលមរណភាព ក៏ព្រះអង្គបានយាងទៅចូលរួមក្នុងពិធីបុណ្យសពដែរ ជាហេតុនាំឱ្យមន្ត្រីស្តាំនិយម មិនពេញចិត្ត។
-ដោយធ្លាប់មានជម្លោះជាមួយប្រទេសថៃ ៖ រឿងប្រាសាទព្រះវិហារ ព្រះអង្គបានសម្របសម្រួល បន្ធូរភាពតានតឹង ជាពិសេស បានអនុញ្ញាតឱ្យលោកសារិត ថាណារ៉ាត់ នាយករដ្ឋមន្ត្រីថៃ រត់មកជ្រកកោននៅភ្នំពេញ នៅពេលមានរដ្ឋប្រហារកើតឡើង។
-ដោយធ្លាប់មានជម្លោះជាមួយអាមេរិក ៖ រឿងបាតុកម្មបណ្តេញទូតអាមេរិក ទើបព្រះអង្គសម្របសម្រួល ភ្ជាប់ចំណង ការទូត និងទទួលជំនួយអាមេរិកវិញ ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច៘
ដូច្នេះយើងឃើញថា “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត” អាចធ្វើឱ្យនយោបាយសម្តេចព្រះនរោត្តម សីហនុ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ឯស្រុកទេសមានសុខសន្តិភាពជារៀងរហូត។ ប៉ុន្តែករណីផ្ទុះសង្គ្រាមជិត៣ទសវត្សនោះ មិននៅក្នុងការដឹកនាំរបស់ព្រះអង្គនោះទេ។ ផ្ទុយទៅវិញ លោកសេនាប្រមុខលន់ នល់ ធ្វេសគំនិត រាប់អានតែ “ប្លុកលោកសេរី” បោះបង់ “ប្លុកកុម្មុយនីស្ត” ទើបរបបគាត់តាំងនៅបានតែជាង៥ឆ្នាំ ក៏ដួលរលំទៅ។ រីឯលោកប៉ុល ពត រាប់អានតែប្រទេសចិន បោះបង់វៀតណាម ថៃ អាមេរិក អឺរ៉ុប ដោយបិទទ្វារប្រទេសជិតឈឹងនោះ តាំងនៅបានតែ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក៏ដួលភីង។
ឥឡូវអ្វីៗហាក់ដើរជាន់ប្រវត្តិសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាល មានទំនាស់ជាមួយអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែ ទំនាស់នេះនៅស្រាលណាស់ អាចបន្ធូរបន្ថយភាពតានតឹងបាន។ ករណីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនក្រុមការងារ មន្ត្រី ការបរទេសដឹកនាំដោយលោកសុក ស៊ីផាន់ណា ទៅចរចាសម្របសម្រួលជាមួយសហភាពអឺរ៉ុបនោះ ត្រូវគេមើលឃើញថា ហាក់ដើរស្របនឹង “យុទ្ធសាស្ត្រសម្តេចឪ” ដែលធ្លាប់ត្រួសត្រាយពីមុន។ ការបញ្ជូនអ្នកជំនាញសេដ្ឋកិច្ច និងការទូត ទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប “កុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ” ជារឿងល្អបំផុត ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលសហភាពអឺរ៉ុប បានដាក់របាយការណ៍មួយស្តីពី “បញ្ជីបញ្ហា” ព្រមានរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធដល់រឿង ប្រជាធិបតេយ្យ។ បើសិនជាសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធ អាចធ្វើឱ្យឧស្សាហកម្មកាត់ដេរដួលរលំ ឯក្រុមហ៊ុនត្រូវដកថយ ហើយបើក្រុមហ៊ុនមកពីបណ្តាប្រទេសសេរី ដកថយ សូម្បីតែក្រុមហ៊ុនចិន ដែលចូលមករកស៊ីវិស័យវាយនភណ្ឌ ក៏ទ្រាំទ្រមិនបានដែរ ច្បាស់ជាដកថយអស់ ទៅលៀនអណ្តាតកម្មករខ្មែរឯណោះ។
បើក្រុមការងារអាចបញ្ចុះបញ្ចូលអឺរ៉ុប បាន ក៏អាចឈានទៅនិយាយគ្នាជាមួយអាមេរិក បានទៀត ព្រោះអាមេរិក សំខាន់ ជាងអឺរ៉ុប ពាក់ព័ន្ធស្ថានការណ៍នយោបាយ ព្រោះពួកប្រឆាំងបានអាមេរិកជាខ្នងបង្អែក។ អ្នកវិភាគមើលឃើញថា ទំនាស់ជាមួយអាមេរិក មិនទាន់ដល់ថ្នាក់ផ្តាច់ទូតដូចសម័យសង្គមរាស្ត្រនិយមនោះទេ សូម្បីតែមានការចោទប្រកាន់លោកកឹម សុខា ពីបទក្បត់ជាតិ សមគំនិតជាមួយអាមេរិក ក៏តុលាការមិនហ៊ានកោះហៅមន្ត្រីទូតអាមេរិក មកសាកសួរ។ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ឆ្លាតណាស់ ប្រហែលជាគាត់ចេះយុទ្ធសាស្ត្រ “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត” នេះហើយ បានជាគាត់ងាកទៅចាប់ដៃអាមេរិក តែក៏មិនចោលចិន និងរុស្ស៊ី នោះដែរ។
សរុបទៅ “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត” សម្រាប់តែអ្នកនយោបាយ ឬអ្នកដឹកនាំប្រទេស យកទៅអនុវត្ត មិនមែនសម្រាប់ប្រជាពលរដ្ឋសាមញ្ញោនាះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាឆ្លាតជាងលោកគីម ជុងអ៊ុន ទៅទៀត ព្រោះមានបទពិសោធន៍ក្នុងការដឹកនាំប្រទេសជាង៣០ឆ្នាំ ដូច្នេះករណីសម្តេចបញ្ជូនក្រុមការងារក្រសួងការបរទេស ឱ្យទៅចរចាសម្របសម្រួលបញ្ចុះបញ្ចូលពួកអឺរ៉ុបនោះ ស្តែងឱ្យឃើញថា “មិនធ្វេសគំនិត” នេះឯង ដើម្បីបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ច ក្រោយការបោះឆ្នោត ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាចទៅមុខទៀត៕