ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹង និងប្រើប្រាស់ថ្នាំញៀនរួច ត្រឡប់មកផ្ទះវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៏មួម៉ៅក្តៅចិត្ត រហូតឈានដល់ផ្ទុះកំហឹងធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះខ្ទេចអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ជនបង្កដែលធ្វើសកម្មភាពដុតផ្ទះខ្លួនឯងឆេះម៉ត់ ព្រោះតែខឹងចិត្តរឿងប្រពន្ធមិននៅផ្ទះ មានឈ្មោះលី រ៉ន អាយុ៣៨ឆ្នាំ ជាជនជាតិ ខ្មែរ-ឥស្លាម មានប្រពន្ធឈ្មោះកៅ ណះ អាយុ៣៩ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកលំនៅដ្ឋានដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះឈើប្រក់ក្បឿង (២ខ្នង) មានទំហំ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ។

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)
