Monday, January 20, 2025
Homeសង្គម និងជីវិតផ្ទះ១០ខ្នងឆេះខ្ទេចទាំងកណ្តាលយប់ ដោយសារកំប៉ុង១

ផ្ទះ១០ខ្នងឆេះខ្ទេចទាំងកណ្តាលយប់ ដោយសារកំប៉ុង១

ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយ បានកើតឡើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអធ្រាត្រ និងបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១០ខ្នងឱ្យក្លាយជាផេះផង់ បើទោះជាប្រជាពលរដ្ឋ រួមនឹងកម្លាំងជំនាញសហការគ្នាជួយពន្លត់យ៉ាងណា ក៏មិនអាចស្រោចស្រង់បានទាន់ពេលវេលាបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រុម១ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះ មានទំហំចាប់ពី៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ទៅ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅទីតាំងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឮសូរសំឡេងផ្ទុះកំប៉ុងហ្គាស ចេញពីផ្ទះប្រជាពលរដ្ឋមួយក្នុងចំណោមនោះ បន្ទាប់មកក៏ឃើញមានភ្លើងឆេះចេញមកយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យប្រជាពលរដ្ឋ កើតមានការផ្អើលឆោឡោ ខ្លះជួយពន្លត់ ខ្លះរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីទាក់ទងបន្តទៅកម្លាំងជំនាញពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់។

ប្រភពដដេលបន្តថា ដោយសារកម្លាំងទឹកតាមផ្ទះខ្សោយពេក ទើបមិនអាចគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលានោះទេ ព្រោះផ្ទះដែលឆាបឆេះនោះ គឺសុទ្ធតែជាផ្ទះឈើ ទើបបង្កឱ្យភ្លើងឆេះកាន់តែខ្លាំង នឹងឆ្លងរាលដាលតគ្នាយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋនៅទីនោះភ័យស្លន់ស្លោររត់ប្រសាចមិនបានជញ្ជូនទ្រព្យសម្បត្តិមានតម្លៃក្នុងផ្ទះចេញទាន់ពេលវេលានោះទេ និងបានត្រឹមតែឈរយំសោកបោកខ្លួនសម្លឹងមើលផ្ទះ របស់ខ្លួនដែលកំពុងត្រូវអគ្គិភ័យលេបត្របាក់ប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គីជាច្រើនគ្រឿងបានទៅដល់ទីតាំងកើតហេតុ ដើម្បីជួយបាញ់ទឹកពន្លត់ដែរ តែដោយសារក្នុងភូមិមានផ្លូវតូចចង្អៀត ធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យពិបាកចូល ទើបខាងក្រុមសង្គ្រោះពិបាកក្នុងការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន២២គ្រឿង បានជួយអន្តរាគមន៍ និងបានបាញ់ទឹកពន្លត់អស់ចំនួន១៩គ្រឿង ព្រមទាំងចំណាយពេលជាង១ម៉ោង ទើបអាចគ្រប់ស្ថានការណ៍ ដោយភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រថ្ងៃដដែល និងមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ៕

RELATED ARTICLES