Monday, January 20, 2025
Homeសង្គម និងជីវិតខ្យល់កន្ត្រាក់ ប៉ើងឆ័ត្របុកក្បាលម៉ែស្លាប់ កូនបាក់ដៃ

ខ្យល់កន្ត្រាក់ ប៉ើងឆ័ត្របុកក្បាលម៉ែស្លាប់ កូនបាក់ដៃ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ បាននាំកូនស្រីតូចរបស់ខ្លួនទៅចូលរួមពិធីបុណ្យឡើងអ្នកតាម្ចាស់ស្រុក លុះពេលកំពុងលេងកម្សាន្តសប្បាយ សុខៗ ស្រាប់តែកើតមានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បោកបក់ចំកន្លែងអ្នកស្រុកធ្វើបុណ្យឡើងអ្នកតា បណ្តាលឱ្យប៉ើងឆ័ត្រមកបុកចំក្បាលស្ត្រី រងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនស្រីតូច ទទួលរងរបួសបាក់ដៃ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចឈើត្រាវ ក្នុងភូមិ ស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ស្ត្រីរងគ្រោះ ដែលត្រូវខ្យល់កន្ត្រាក់ប៉ើងឆ័ត្រមកបុកចំក្បាលបណ្តាលឱ្យស្លាប់ មានឈ្មោះស្រី ណែត អាយុ៣៣ឆ្នាំ។ ចំណែកកូនស្រី ដែលរងរបួសបាក់ដៃ មានឈ្មោះណា ធារី អាយុ៩ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ម្តាយកូនខាងលើ មានលំនៅក្នុងភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានរៀបចំពិធីបុណ្យឡើងអ្នកតាម្ចាស់ស្រុកនៅទីតាំងកើតហេតុខាងលើ ដែលពិធីបុណ្យឡើងអ្នកតានេះ ត្រូវបានអ្នកស្រុករៀបចំឡើងជារៀងរាល់ឆ្នាំ ហើយកម្មវិធីនេះ ក៏មានការដាក់ប្រដាប់ប្រដាក្មេងលេង ដូចជាកន្ត្រកវិល សេះវិល ពោងសម្រាប់ក្មេងៗលោតលេង ព្រមទាំងមានការដាក់លក់នំចំណីំជាច្រើនផងដែរ ជាហេតុធ្វើឱ្យមនុស្សម្នា បាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ ហើយក្នុងនោះក៏មានស្ត្រីរងគ្រោះម្នាក់ផងដែរ ដែលបាននាំ កូនស្រីតូចមកចូលរួមពិធិបុណ្យមួយនេះ។

ប្រភពដដែលបន្តថា បន្ទាប់ពីនាំកូនស្រីមកដល់ទីតាំងប្រារឰពិធីបុណ្យរួចហើយ ស្ត្រីរងគ្រោះបានយកកូនទៅជិះសេះវិល ដោយស្ត្រីរងគ្រោះជាម្តាយ បាននៅឈរមើលកូនស្រីផងដែរ ស្រាប់តែភ្លាមនោះ ក៏មានបាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ បានបោកបក់មកទីតាំងប្រារឰពិធីបុណ្យឡើងអ្នកតានោះ បណ្តាលឱ្យប៉ើងឆ័ត្រ មកបុកចំក្បាលស្ត្រីរងគ្រោះ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកកូនស្រីរបស់ស្ត្រីរងគ្រោះ ដែលកំពុងជិះសេះវិលលេង បានប៉ើងធ្លាក់រងរបួសបាក់ដៃ និងត្រូវក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋាន ដែលចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ បានឱ្យដឹងថា ក្រៅពីបង្កជនរងគ្រោះទាំង២នាក់ម្តាយកូនខាងលើ ស្លាប់ និងរងរបួសធ្ងន់ បាតុភូតខ្យល់កន្ត្រាក់ ក៏បានបង្កឱ្យមានការខូចខាតសំភារៈរបស់អ្នកលក់ដូរមួយចំនួនផងដែរ៕

RELATED ARTICLES