ខ-អំពីការងារបក្សនៅមូលដ្ឋានរបស់នាយកដ្ឋាននីតិកម្មកសិកម្ម
I-ការងារបក្សនៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ភាពអសកម្ម និងបញ្ហាមិនប្រក្រតីលើការអនុវត្តការងារបក្សមូលដ្ឋាន ដូចតទៅ ៖
១-ចាប់តាំងពីមានការចាត់តាំងក្រុមការងារពីឯកឧត្តមរដ្ឋមន្ត្រីមក លោកប្រធាន ទទួលបន្ទុកឃុំនាងទើត មិនដែលប្រជុំ គ្មានផែនការយុទ្ធសាស្ត្រក្នុងចលនាពង្រឹង និងពង្រីកសមាជិកឡើយ ទោះបីជាមានការស្នើសុំឱ្យមានការប្រជុំ ចំនួន៣ទៅ៤ដង ពីឯកឧត្តមប៉ុល សុផា និងអនុប្រធានក្រុមការងារផ្សេងទៀត ហើយក៏ដោយ គឺលោកប្រធាននៅតែបណ្តែតបណ្តោយតាមចិត្តខ្លួនឯងនឹកឃើញ។
២-លោកប្រធានក្រុមការងារ មិនដែលមានផែនការយុទ្ធសាស្ត្រចុះពង្រឹងសមាជិកបន្ថែមឡើយ ដោយមានតែត្រឹមការចុះថតរូបបង្ហោះនៅតែសាលាឃុំតែប៉ុណ្ណោះ ដែលនាំឱ្យប្រសិទ្ធភាពការងារបក្សនៅមូលដ្ឋាន និងសមាជិកភាពមានការធ្លាក់ចុះជាលំដាប់។
៣-ការបែងចែកក្រុមការងារ ចុះពង្រឹងតាមមូលដ្ឋានតាមភូមិទាំង៥ ក្នុងឃុំនាងទើត គឺលោកប្រធាន កាន់១ភូមិ និងអនុប្រធាននាយកដ្ឋាន កាន់១ភូមិម្នាក់ ដែលជាលទ្ធផល សំឡេងឆ្នោតជាក់ស្តែង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គឺ៤ភូមិឈ្នះ តែ១ភូមិចាញ់ ហើយភូមិដែលចាញ់នោះ គឺជាភូមិរបស់លោកប្រធាន ភុំ រ៉ា ផ្ទាល់តែម្តង ដោយសារតែការចុះធ្វើការគ្មានផែនការ និងយុទ្ធសាស្ត្រក្នុងការងារបក្សឡើយ។
៤-តាមសេចក្តីរាយការណ៍ពីសមាជិក ក្រុមប្រឹក្សាឃុំ និងមេភូមិទាំងអស់ បានរាយការណ៍ថា លោកប្រធាន ប្រជុំប្រកាសសម្រេចដោយអត្តនោម័ត មិនឱ្យមានក្រុមការងារចុះតាមភូមិឡើយ ដោយអ្វីៗត្រូវតែធ្វើជាមួយថ្នាក់ឃុំបាន ហើយដែលករណីនេះ គឺអនុវត្តផ្ទុយពីសេចក្តីសម្រេចរបស់ឯកឧត្តមរដ្ឋមន្ត្រី។
៥-រហូតមកដល់ពេលនេះ គឺមិនដែលមានរបាយការណ៍សកម្មភាពការងារបក្ស ពីការចំណាយ ឬដាក់ទិសដៅឱ្យអនុវត្តការងារបក្សដល់ក្រុមការងារ សមាជិក សមាជិកាបក្សឡើយ។
II-ការងារបក្សនៅឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភាពអសកម្ម និងបញ្ហាមិនប្រក្រតីលើការអនុវត្តការងារបក្សមូលដ្ឋាន ដូចតទៅ ៖
១-ចាប់តាំងពីមានការចាត់តាំងក្រុមការងារពីឯកឧត្តមរដ្ឋមន្ត្រីមក លោកប្រធានទទួលបន្ទុកឃុំក្រឡា មិនដែលប្រជុំដាក់ផែនការ និងគ្មានយុទ្ធសាស្ត្រក្នុងចលនាពង្រឹង និងពង្រីកសមាជិកឡើយ ទោះបីជាមានការស្នើសុំឱ្យមានការប្រជុំច្រើនលើកក៏ដោយ។
២-លោកប្រធានតែងតាំងប្រឆាំងនឹងការសម្រេចរបស់ឯកឧត្តម ចាន់ សុវុឌ្ឍ ជាអនុប្រធានក្រុមការងារថ្នាក់ស្រុក ឱ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្ទុយទៅវិញ លោកប្រធាន បានធ្វើការប្រជុំជាថ្មីដោយខ្លួនឯង និងបានហៅថា អ្នកដែលមកប្រជុំលើកមុន (ឯកឧត្តមចាន់ សុវុឌ្ឍ) កុំយកជាការ គឺបានតែថាទេ គ្មានលុយជួយឃុំនោះទេ គឺមិនចាំបាច់ស្តាប់ឡើយ។
៣-លោកប្រធានបានដកហូតលុយពីប្រធានក្រុមការងារចុះតាមភូមិ និងបានចាត់ចែងដោយអត្តនោម័តខ្លួនឯង អនុវត្តការចាយលុយខ្ជះខ្ជាយ ដោយផ្តល់ឱ្យ២០ម៉ឺនរៀល ក្នុង១ភូមិ ដែលប្រមូលផ្តុំនៅឃុំវិញ ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ ហើយកាន់តែធ្វើឱ្យមានការថ្នាំងថ្នាក់ខ្លាំងឡើងៗពីមេភូមិ ជាមួយមេឃុំ ដោយលុយ២០ម៉ឺនរៀល ដែលត្រូវទទួលនោះ គឺមិនគ្រប់តាមចំនួនកំណត់ មិនត្រូវបានទទួលទៅតាមខែនីមួយៗ ហើយថែមទាំងត្រូវបានកាត់ជារៀងរាល់ខែ ពីថ្នាក់ឃុំទៀត។
៤-រាល់គោលការណ៍បក្ស និងសេចក្តីសម្រេចរបស់ឯកឧត្តមរដ្ឋមន្ត្រី មិនដែលត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយ និងមិនប្រជុំឱ្យក្រុមការងារដឹង ដើម្បីស្វែងរកយុទ្ធសាស្ត្របង្កើនសំឡេងឆ្នោតឡើយ។
៥-លោកប្រធាន បង្កើតចលនាតាមដាន និងរារាំងប្រធានក្រុមការងារចុះជួយតាមភូមិទាំងអស់ ដោយមិនឱ្យសហការជាមួយ នៅពេលចុះទៅតាមខ្នងផ្ទះសមាជិកគ្រួសារបក្សឡើយ។
៦-លោកប្រធាននាយកដ្ឋាន មិនអនុញ្ញាតឱ្យចុះការងារបក្សជាដាច់ខាតក្នុងថ្ងៃធ្វើការឡើយ ទោះជាកាលៈទេសៈ ឬមានកិច្ចការណាប្រញាប់ក៏ដោយ ចាំបាច់ត្រូវតែចុះថ្ងៃសៅរ៍ អាទិត្យ ដែលអនុវត្តផ្ទុយពីការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី។
គ-សេចក្តីសន្និដ្ឋាន និងសំណូមពរ
I-សេចក្តីសន្និដ្ឋាន
តាមរយៈភាពលំបាក ភាពអសកម្ម និងបញ្ហាប្រឈមជាច្រើនឆ្នាំមកនេះ ដែលបង្កឡើងដោយលោកភុំ រ៉ា ប្រធាននាយកដ្ឋាន នីតិកម្មកសិកម្ម ដូចបានជម្រាបជូនខាងលើ គឺពិតជាបង្ហាញឱ្យឃើញអំពីទង្វើពិតរបស់ប្រធានអង្គភាពមួយដែលគ្មានភាពជាអ្នកដឹកនាំ គ្មានការទទួលខុសត្រូវ ផ្តាច់ការ គ្មានសីលធម៌ ពុតត្បុត និងប្រមាថធ្ងន់ៗចំពោះថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការ ដែលតែងតែបង្កភាពប្រេះឆា និងញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងមន្ត្រី និងថ្នាក់ដឹកនាំឱ្យទទួលរងនូវភាពឈឺចាប់ស្ទើរប្រេះទ្រូង ដែលយើងខ្ញុំទាំងអស់ មិនអាចទទួលយកបាននូវការ ដឹកនាំបែបនេះបានទៀតឡើយ។
II-សំណូមពរ
១-ស្នើសុំឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយពិនិត្យ និងមានវិធានការសមស្របចំពោះលោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ដែលបច្ចុប្បន្ននេះកំពុងបង្កបញ្ហាក្នុងនាយកដ្ឋាន ធ្វើឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ រវាងថ្នាក់ដឹកនាំ និងមន្ត្រី បង្កឱ្យប៉ះពាល់ដល់មុខមាត់នាយកដ្ឋាន ក៏ដូចជា មុខមាត់និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមិនមានបុគ្គលិកលក្ខណៈជាថ្នាក់ដឹកនាំល្អ ក្នុងការជួយដោះស្រាយបញ្ហាដ៏ធ្ងន់ ពាក់ព័ន្ធនឹងដំណើរការការងារការគ្រប់គ្រង និងការដឹកនាំក្នុងនាយកដ្ឋាននីតិកម្មកសិកម្ម ឡើយ។
២-ស្នើសុំឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យពិចារណា និងមានវិធានការសមស្រប ចំពោះលោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្ម កសិកម្ម មិនមានបុគ្គលិកលក្ខណៈជាបក្ខជន មហាជន ដែលតែងតែធ្វើឱ្យបែកបាក់សាមគ្គីភាពមូលដ្ឋាន និងបាត់បង់ប្រជាប្រិយភាព ព្រមទាំងការធ្លាក់ចុះនូវសមាជិកភាពនៅមូលដ្ឋាន ដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ដល់លទ្ធផលបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ ខាងមុខទៀត ដែលដើរបញ្ច្រាសទៅនឹងការអនុវត្តផែនការ និងយុទ្ធសាស្ត្រដើម្បីពង្រឹងនិងពង្រីកសមាជិកឡើងវិញ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី។
៣-ស្នើសុំឯកឧត្តម មេត្តាពិនិត្យពិចារណា ឡើងវិញក្នុងការពង្រឹងនីតិវិធី និងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដែលត្រូវប្រគល់ភារកិច្ចឱ្យអង្គភាពនីតិកម្មរបស់ក្រសួង ដោយសហការជាមួយនាយកដ្ឋានជំនាញ ក្នុងរៀបចំឱ្យស្របតាមតួនាទី និងភារកិច្ចនៃអនុក្រឹត្យលេខ១៧ និងសារាចរលេខ០៣ របស់រាជរដ្ឋាភិបាល ព្រមទាំងអនុវត្តតាមនីតិវិធីដូចអនុវត្ត កន្លងមក ដោយត្រូវមានការឆ្លងតាមនីតិវិធី រួមមានក្រុមការងាររៀបចំបទដ្ឋានគតិយុត្តប្រជុំផ្ទៃក្នុងអង្គភាព ប្រជុំអន្តរអង្គភាព ឬគណៈកម្មការប្រជុំផ្ទៃក្នុងក្រសួង និងប្រជុំអចិន្ត្រៃយ៍ក្រសួង ដើម្បីធានានូវកិត្យានុកូលភាព សង្គតិភាព និរន្តរភាព និងប្រសិទ្ធភាពនៃលិខិតបទដ្ឋានគតិយុត្ត ក្នុងការរក្សាមុខមាត់ និងកិត្តិយសថ្លៃថ្នូររបស់ក្រសួង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យ សម្រេច និងជ្រាប ជារបាយការណ៍ដោយអនុគ្រោះ”។
ទោះជាយ៉ាងណា ជុំវិញរបាយការណ៍របស់មន្ត្រីក្រោមឱវាទខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានទេ កាលពីម្សិលមិញ៕