Saturday, October 25, 2025
Homeព័ត៌មានជាតិវើលស៍ខាប់សុីម៉ត់ សិស្សវិទ្យាល័យទួលទំពូង ចេញឆក់ស្រង់ដើម

វើលស៍ខាប់សុីម៉ត់ សិស្សវិទ្យាល័យទួលទំពូង ចេញឆក់ស្រង់ដើម

ភ្នំពេញ ៖ ក្មេងស្ទាវឈាមរាវចំនួន២នាក់ ព្រោះតែផ្សងសំណាងចាក់បាល់ក្នុងរដូវវើលខាប់ ចាញ់អស់ច្រើនពេក ក៏ស្រាប់តែបែកគំនិតខ្ចីម៉ូតូមិត្តភក្តិចេញឆក់ទូរស័ព្ទពីជនបរទេសម្នាក់ ដែលកំពុងជិះម៉ូតូកង់៣ តែមិនបានសម្រេច ព្រោះត្រូវអ្នកបើកម៉ូតូកង់៣ ព្យាយាមកៀរផ្តួលម៉ូតូជនសង្ស័យ បណ្តាលឱ្យដួល និងត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចវាយខ្នោះ នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល។

ករណីក្មេងស្ទាវចាក់បាល់ចាញ់ បែរជាបែកគំនិតចេញឆក់ និងត្រូវសមត្ថកិច្ចចាប់ជាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលេខ១៦៣ កែងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ជនសង្ស័យទាំង២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច រួមមាន ទី១-ឈ្មោះពិសិទ្ធ អាយុ១៧ឆ្នាំ មុខរបរជាសិស្សរៀន ថ្នាក់ទី១១B នៅវិទ្យាល័យទួលទំពូង (ជាអ្នកធ្វើសកម្មភាព)  និងទី២-ឈ្មោះជា សុងហៀង អាយុ១៦ឆ្នាំ មុខរបរជួយលក់ដូរចាប់ហួយ ស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ)។

តាមសម្តីបុរសជាអ្នករត់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងបើកម៉ូតូកង់បី ដឹកបុរសជនជាតិចិន ជាភ្ញៀវទៅសណ្ឋាគារ ដោយធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវ១៦៣ លុះមកចំណុចកើតហេតុកែងផ្លូវ៣៣០ ស្រាប់តែលេចមុខក្មេងស្ទាវ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GX-8079 បានជិះមកអែបពីចំហៀងខាងស្តាំ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន ដែលកំពុងនិយាយទូរស័ព្ទលើម៉ូតូកង់បីរបស់គាត់ ឃើញបែបនេះ គាត់ក៏ព្យាយាមកាច់ចង្កូតម៉ូតូកង់៣ កៀរម៉ូតូរបស់ជនសង្ស័យ បណ្តាលឱ្យដួល ហើយស្រែកឆោឡោថាចោរៗ ធ្វើឱ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរៗកន្លែងកើតហេតុ នាំគ្នារត់មកជួយចាប់ឃាត់ជនសង្ស័យទាំង២នាក់បានភ្លាមៗផងដែរ។ លុះ៥នាទីក្រោយមក សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះភ្លាម នៅកន្លែងកើតហេតុ រួចវាយខ្នោះនាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃរបស់ជនបរទេសនោះប្រាកដមែន តែមិនបានសម្រេច ត្រូវគេចាប់បានតែម្តង។

 

ជនសង្ស័យដែលជាអ្នកបើកម៉ូតូឈ្មោះជា សុងហៀង បានបញ្ជាក់ថា នេះជាលើកទី១របស់គេហើយ ហើយមូលហេតុដែលពួកគេបែកគំនិតចេញឆក់បែបនេះ ក៏ដោយសារតែពួកគេ ចាក់បាល់វើលខាប់ តាមអនឡាញ ចាញ់អស់ច្រើនពេក ទើបរូបគេបបួលគ្នាខ្ចីម៉ូតូមិត្តភក្តិម្នាក់ទៀត បែកគំនិតចេញឆក់ ដើម្បីបានស្រង់ដើមខ្លះ តែបែរជាមិនបានសម្រេចហើយត្រូវប៉ូលិសឃាត់ខ្លួនទៀត។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ទួលស្វាយព្រៃទី១ រួចកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES