Saturday, October 25, 2025
Homeព័ត៌មានជាតិប្រញាប់ទៅណា អីក៏បើកលឿនយ៉ាងនេះ ចុងក្រោយគឺបែបនេះ

ប្រញាប់ទៅណា អីក៏បើកលឿនយ៉ាងនេះ ចុងក្រោយគឺបែបនេះ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ស្រាប់តែអកុសល កង់ខាងក្រោយបានបែក ធ្វើឱ្យរថយន្តរេចង្កូតឡើងទៅលើខឿនសួនច្បារទ្រូងផ្លូវ ទៅបុករះបង្កោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យក្រឡាប់កៀបអ្នកបើកបរស្លាប់នៅក្នុងរថយន្ត យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចខាងជើងវត្តឃ្មួញ ប្រមាណ៥០០ម៉ែត្រ  ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បុរសរងគ្រោះ ដែលបើករថយន្តក្រឡាប់កៀបស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះព្រុំ សារុន  អាយុ៥២ឆ្នាំ ជាអ្នកគួកជេដី ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ២០ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯឃុំមេបុណ្យ ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រភពពីអ្នកដែលបានប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បើកបររថយន្តមួយគ្រឿង ម៉ាករ៉េវហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5791 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវកោង ស្រាប់តែរថយន្តខាងលើបានបែកកង់ក្រោយចំហៀងខាងឆ្វេង ធ្វើឱ្យរថយន្តរេចង្កូតឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុករះបង្គោលភ្លើងបំភ្លឺផ្លូវ រួមទាំងបង្គោលបង្ហាញទិសផ្លូវបាក់រាបដល់ដី។ ចំណែករថយន្តបានក្រឡាប់ផ្ងារជើង រួញជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យកៀបជាប់អ្នកបើកបរស្លាប់នៅក្នុងកាប៊ីនរថយន្ត យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ ហើយប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ ក៏បាននាំគ្នាជួយគាស់ដែករថយន្ត ដើម្បីយកអ្នកបើកបរចេញពីក្នុងរថយន្ត តែគាស់មិនចេញ ក៏បានទាក់ទងហៅរថយន្តស្ទូចមកជួយស្ទូច និងនាំគ្នាជួយគាស់ដែកចេញ អស់រយៈពេលប្រមាណជាង១ម៉ោងទៀត ទើបអាចយកសពបុរសរងគ្រោះនោះ ចេញពីក្នុងរថយន្តមកខាងក្រៅបាន ដោយនៅក្នុងរថយន្តឃើញមានលុយជាង៥០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងកាបូបលុយមួយ មានអត្តសញ្ញាណប័ណ្ណ ព្រមទាំងប័ណ្ណបើកបរ។

បន្ទាប់ពីធ្វើការគាស់យកសាកសពចេញពីក្នុងរថយន្តបានហើយ សមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឱ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES