ភ្នំពេញ ៖ យុវជនម្នាក់កំពុងរៀបចំលើកធុងត្រីដាក់លើរថយន្ត ស្រាប់តែត្រូវរថយន្តសណ្តោងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ណាមួយអ្នកបើកបរស្រវឹងស្រាផងនោះ បានជ្រុលមកបុកពីក្រោយយ៉ាងពេញទំហឹង និងបានកិនទៅលើយុវជនរងគ្រោះ បណ្តាលឱ្យបាក់ជើងម្នាង ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខហាងនំប៉័ងព្រះវិហារ ជិតផ្សារព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

យុវជនរងគ្រោះ ដែលត្រូវរថយន្តសណ្តោងកិនស្លាប់ មានឈ្មោះយិន ចាន់ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់រថយន្តឈ្នួល ស្នាក់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ ចំណែកតៃកុងរថយន្តបង្ក មានឈ្មោះអៀ សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិព្រៃដុះ ឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសឈ្មោះអៀ សាវុធ ដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ បានបើករថយន្តសណ្តោង១គ្រឿង ដែលមានក្បាលពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0198 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំង ក៏ធ្វើឱ្យរថយន្តបានជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-0545 ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ ចំពីក្រាយយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនរងគ្រោះដែលកំពុងរៀបចំធុងត្រីដាក់លើរថយន្តធ្លាក់មកក្រោម និងត្រូវរថយន្តបង្កកិនបាក់ជើងម្ខាង ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែករថយន្តបង្កដោយមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកធុងនំប៉ាវ១ ផើងថ្កា២ និងកង់១ទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនអ្នកបើករថយន្តបង្ក នាំទៅកាន់អធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិចច្ចជំនាញបានអូសយករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅការិយាល័យនគរបាលចរាចរណ៏រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
