Saturday, October 25, 2025
Homeព័ត៌មានជាតិរងគ្រោះ៤ឆ្នាំ នៅស្រុកគេ ពេលនេះបានមកដល់ស្រុកកំណើតវិញហើយ

រងគ្រោះ៤ឆ្នាំ នៅស្រុកគេ ពេលនេះបានមកដល់ស្រុកកំណើតវិញហើយ

ភ្នំពេញ ៖ ពលការិនីជនជាតិខ្មែរម្នាក់ ដែលត្រូវបានមេខ្យល់ប្រើល្បិចបោកប្រាស់ នាំចេញទៅធ្វើការតាមផ្ទះនៅឯប្រទេសអារ៉ាប៊ី សាអូឌីត អស់រយៈពេល៤ឆ្នាំ ដោយគ្មានទទួលបានប្រាក់បៀរវត្ស និងថែមទាំងរងការធ្វើទុក្ខបុកម្មេញពីសំណាក់ថៅកែទៀតនោះ ត្រូវបានសង្គ្រោះឱ្យត្រឡប់មកកម្ពុជាវិញហើយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ស្ត្រីរងគ្រោះដែលចាញ់ល្បិចមេខ្យល់ ទៅរងទុក្ខនៅប្រទេសអារ៉ាប៊ី សាអូឌីត អស់រយៈពេល៤ឆ្នាំនេះ មានឈ្មោះកែន ចន្ថា មានលំនៅក្នុងភូមិវត្តបូព៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ដល់ពលការិនី កែន ចន្ថា ដែលចាញ់បោកមេខ្យល់បានបញ្ជូននាងទៅបម្រើការងារដោយខុសច្បាប់នៅប្រទេសអារ៉ាប៊ី សាអូឌីត អស់រយៈពេលជាង៤ឆ្នាំ។

ការផ្តល់កិច្ចអន្តរាគមន៍នេះ ឆ្លើយតបនឹងការទទូចស្នើសុំជំនួយពីពលការិនីខាងលើដោយផ្ទាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានរៀបរាប់ពីដំណើរដើមទងនៃការដែលខ្លួនត្រូវបានចាញ់បោកមេខ្យល់ មកធ្វើជាពលការិនីបម្រើការងារផ្ទះនៅអារ៉ាប៊ី សាអូឌីត ដោយរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើទុក្ខបុកម្នេញពីថៅកែ និងការមិនផ្តល់ប្រាក់បៀវត្សជាដើម។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់របស់លោកអូស្មាន ហាស្សាន់ ដែលបានបង្ហោះនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ភ្ជាប់ជាមួយនឹងរូបភាពរបស់ពលការិនីរងគ្រោះខាងលើ ដែលមានទឹកមុខរីករាយ ខណៈកំពុងនៅលើយន្តហោះធ្វើដំណើរពីទីក្រុងជុដះ ប្រទេស អារ៉ាប៊ី សាអូឌីត ឆ្ពោះមកកាន់ទីក្រុងបាងកក ដើម្បីបន្តដំណើរត្រឡប់មកកម្ពុជា ដែលនឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

 

លោកអូស្មាន ហាស្សាន់ បានសរសេរថា “ពលការិនីខ្មែរ ឈ្មោះកែន ចន្ថា មានទីលំនៅកំណើតភូមិវត្តបូព៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ដែលបានទៅធ្វើការបម្រើតាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត រយៈជាង៤ឆ្នាំ ដោយចាញ់បោកពួកមេខ្យល់ បានសុំឱ្យខ្ញុំ និងក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរំដោះនាងមកកម្ពុជាវិញនោះ នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃស្អែក ទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០ព្រឹក តាមជើងយន្តហោះ បាងកក PG ”។

លោកអូស្មាន ហាស្សាន់ បានបន្តថា “នេះជានារីរងគ្រោះទី៤ហើយ ដែលខ្ញុំបានដោះស្រាយឱ្យបានវិលត្រឡប់មកកម្ពុជាវិញ នោះដោយសារតែនៅប្រទេសអារ៉ាប់នោះ មិនទាន់មានស្ថានទូត ឬស្ថានកុងស៊ុល រាល់ការដោះស្រាយបញ្ហាម្តងៗ មានការលំបាក យឺតយ៉ាវ ដែលលើកទី១ ខ្ញុំបានសហការនឹងទូតយើងប្រចាំនៅគុយវ៉ែត ផង អេហ្ស៊ីប ផង ឯលើកទី២ ទី៣ និងទី៤ សហការនឹងទូតយើងប្រចាំនៅអេហ្ស៊ីប។ ការត្រឡប់មកវិញនេះ ពលការិនីមិនទទួលបានប្រាក់ខែពីថៅកែទី១នោះទេ តែបានពីថៅកែទី២”៕

RELATED ARTICLES