ភ្នំពេញ ៖ តារាចម្រៀង ស៊ូ ដាណេ ដែលជាអ្នកមានចិត្តជួយមើលថែឌីជេ អាលីយ៉ា នៅជីវិតចុងក្រោយ ដែលនាងឈឺដេកដួលក្នុងមន្ទីរពេទ្យ គ្មានសាច់ញាតិជួយមើលថែនោះ បានអះអាងថា នៅថ្ងៃពិធីបុណ្យសព៧ថ្ងៃរបស់ ឌីជេ អាលីយ៉ា គេឃើញវត្តមានម្តាយបង្កើត រួមនឹងឪពុកចុង របស់អាលីយ៉ា ក៏បានមកចូលរួមផង។
យោងតាមគណនីហ្វេសប៊ុក Sou Dane កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះសារ មួយថា “ទីបំផុត ម្តាយ vj aliyah បង្ហាញមុខក្នុងបុណ្យសព និងខួប៧ថ្ងៃនាង ប៉ុន្តែថ្ងៃបុណ្យសព ពួកយើងពុំបានចាប់អារម្មណ៍ និងមិនទាន់ជឿជាក់ ហ៊ី! ហេតុអីឆាប់យកនាងទៅ ម៉្លេះ ខួប៧ថ្ងៃគឺជាថ្ងៃកំណើតរបស់នាង ពិតជាខ្លោចផ្សារណាស់ សូមបញ្ចប់ចំងល់ និងសូមឈប់យល់ខុសលើ ឪពុកម្តាយដែលបានបោះបង់នាង ចោលនៅកាល់ម៉ែត នេះគឺម្តាយបង្កើតព្រមទាំងឪពុកក្រោយ មានន័យថា ឪពុកម្តាយនាងបានលែងលះគ្នាពេលប្រសូត ដោយគ្មានលទ្ធភាពទីទាល់ ក្រផងនោះ ក៏សម្រេចចិត្តទុកនាងនៅពេទ្យកាល់ម៉ែត ចុងក្រោយក៏បានប្រគល់ជូនស្ត្រីម្នាក់ទទួលយកទៅចញ្ចឹម ឈ្មោះ (គង់ឡាំងសាធ) ដែលជាស្ត្រីចិត្តធម៌ធ្លាប់បានចិញ្ចឹមក្មេងកំព្រាជាច្រើនមកហើយ គាត់បានចែកឋានកាលពីប៉ុន្មានឆ្នាំមុន ងាកមកអាលីយ៉ា វិញ លុះនាងធំដឹងក្តី នាងមិនដែលធ្វើឱ្យម្តាយចិញ្ចឹមពិបាកឡើយ ពេលបានចូលសិល្បៈនាងសម្រេចចិត្តបែកផ្ទះ ហើយម្តាយបង្កើតនាង លុះមានជីវភាពធូធារហើយ ក៏ធ្លាប់ស្កាត់ជួប អាលីយ៉ា ដែរ ប៉ុន្តែនាងមិនព្រមទទួលស្គាល់ ព្រោះនៅមានគំនុំខឹងគាត់ ណាមួយម្តាយនាងក៏មានគ្រួសារថ្មីក្រោយទៀត ម្តាយក៏បណ្តោយៗតាមវាសនារៀងខ្លួន រហូតទើបតែដឹងដំណឹងក្រោយគេថានាងឈឺទើបស្កាត់មកជួប តែអនិច្ចារ ទំរាំបានជួបក៏លឺដំណឹងមរណភាពទៅហើយ ម្តាយគេ ម្តាយយើង នរណាក៏មានវិប្បដិសារីដូចគ្នា គ្មាននរណាម្នាក់ទ្រាំនៅស្ងៀមបានទេ សូមបញ្ចប់ត្រឹមនេះ ហើយសូមមេត្តាចូលរួមបុណ្យខួប៧ថ្ងៃ នាងបង្ហើយព្រឹកស្អែកនេះហើយ សូមចូលរួមឱ្យបានកុះករដើម្បីបង្ហាញថា ខ្មែរយើងចេះស្រលាញ់ រួបរួមគ្នាមិនដូចពាក្យគេថាឡើយ…”៕