Monday, January 20, 2025
Homeសង្គម និងជីវិតបីកូនស្រីលោតទឹកសម្លាប់ខ្លួន​ ខឹងប្រពន្ធមានប្រុសថ្មី

បីកូនស្រីលោតទឹកសម្លាប់ខ្លួន​ ខឹងប្រពន្ធមានប្រុសថ្មី

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែកើតមានវិបត្តិផ្លូវចិត្ត រឿងបែកបាក់ជាមួយប្រពន្ធ និងត្រូវប្រពន្ធទៅរួមរស់ជាមួយប្រុសថ្មីផ្សេងទៀត ក៏បែកគំនិតគិតខ្លី ល្បួងកូនស្រីរបស់ខ្លួនដើរហាត់ប្រាណ លើស្ពានជ្រោយចង្វារ លុះដល់ពាក់កណ្តាលស្ពាន ក៏ចាប់បីកូនស្រី រួចលោតចូលទៅក្នុងទឹក បំណងសម្លាប់ខ្លួនទាំងពីរនាក់ឪកូន បណ្តាលឱ្យបុរសជាឪពុកលិចចូលទឹកបាត់ ចំណែកកូនស្រី ត្រូវបានអ្នកនេសាទ នៅក្បែរនោះប្រទះឃើញជួយ សង្គ្រោះបានទាន់ពេលវេលា។

ហេតុការណ៍ដ៏រន្ធត់ ឪពុកបីកូនស្រីលោតចូលទឹកសម្លាប់ខ្លួនទាំង២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសជាឪពុកដែលនាំកូនស្រីមកលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះទៀង អាយុ៣០ មុខរបរនៅផ្ទះ។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះហង្ស លីហ្សា អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ សព្វថ្ងៃស្នាក់នៅជាមួយឪពុក នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ដោយឡែក ស្ត្រីជាម្តាយ ដែលមានប្តីថ្មីទៀតនោះ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅម្តុំផ្សារសិនជូរី ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ រួមនឹងក្មេងស្រីរងគ្រោះដែលត្រូវជាឪពុកកូន នឹងគ្នា បានបណ្តើរគ្នាដើរឡើងទៅលើស្ពានជ្រោយចង្វរថ្មី ក្នុងទិសដៅពីលិចទៅកើត។ លុះទៅដល់ចំណុចពាក់កណ្តាលស្ពាន ស្រាប់តែគេឃើញ បុរសជាឪពុក បានចាប់បីកូនស្រី រួចក៏ឡើងតោងបង្កាន់ដៃស្ពាន ហើយលោតទម្លាក់ខ្លួនចូលទឹក ទាំង២នាក់ឪពុកកូន ទាំងកំរោលតែម្តង។ ភ្លាម នោះ គេឃើញស្ត្រីជាអ្នកដំណើរម្នាក់ឆ្លងកាត់ទីតាំងកើតហេតុ បានឃើញបុរសជាឪពុកបីកូនស្រីលោតចូលទឹកសម្លាប់ខ្លួនបែបនេះ ក៏ស្ទុះទៅជួយ ចាប់ទាញបានសក់ក្មេងស្រីរងគ្រោះដែរ ប៉ុន្តែដោយកម្លាំងមិនដល់ មិនអាចយោងឡើងលើបាន ក៏បណ្តាលឱ្យក្មេងស្រីតូច រួមនឹងឪពុកធ្លាក់ចូលទឹក ទាំង២នាក់តែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីធ្លាក់ចូលទៅក្នុងទឹកទន្លេ បុរសជាឪពុកបានធ្លាក់ទៅឆ្ងាយពីកូនស្រី រួចក៏លិចចូលទឹកបាត់ខ្លួនភ្លាមៗ ចំណែក ក្មេងស្រីរងគ្រោះ សំណាងល្អមិនទាន់លិចចូលទឹក នៅឃើញសក់ក្បាលអណ្តែតទឹក ហើយស្រពពេលនោះមានទូកនេសាទរបស់បងប្អូនជនជាតិខ្មែរ-អ៊ីស្លាម នៅចំងាយពីក្មេងស្រីរងគ្រោះ ប្រមាណ២០ម៉ែត្រ ក៏ចូលទៅសង្គ្រោះស្រង់ក្មេងស្រីរងគ្រោះ បានទាន់ពេល រួចក៏លើកដាក់លើទូក អុំចេញមកមាត់ច្រាំងប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីរងគ្រោះឈ្មោះហង្ស លីហ្សា បានរៀបរាប់ទាំងអារម្មណ៍មិនទាន់បាត់តក់ស្លុតនៅឡើយថា មុនពេល កើតហេតុឪពុករបស់នាង បានបបួលនាងថា ទៅដើរហាត់ប្រាណនៅលើស្ពានជ្រោយចង្វារ២នាក់ ទើបនាងយល់ព្រមដើរមកជាមួយឪពុក លុះពេល ឡើងទៅដល់ពាក់កណ្តល្តាស្ពាន ឪពុកក៏ចាប់បីនាងរួចលោតចូលទឹកតែម្តង ធ្វើឱ្យនាងភ័យស្លន់ស្លោយ៉ាងខ្លាំង តែសំណាងល្អ ពេលដែលនាងកំពុងឈ្លក់ទឹក ក៏មានគេមកជួយស្រង់នាងដាក់លើទូក ទាន់ពេលវេលា៕

RELATED ARTICLES