ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសស្រីចំនួន៤នាក់បងប្អូននេះ មានវាសនាអភ័ព្វខ្លាំងណាស់ ត្រូវម្តាយរត់ចោលអស់រយៈពេលជាង១ឆ្នាំមកហើយ ចំណែកឪពុកត្រូវចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយយូរៗទៅវិលមកផ្ទះម្តង ទុកឱ្យកូនស្រីច្បងដែលទើបនឹងអាយុ១៥ឆ្នាំ ត្រូវទទួលបន្ទុកដើរស៊ីឈ្នួលគេ រកលុយទិញអង្ករច្រកឆ្នាំង ចិញ្ចឹមប្អូនប្រុសស្រី៣នាក់ទៀត យ៉ាងលំបាកវេទនា។
ក្មេងប្រុសស្រី៤នាក់បងប្អូនដែលកំពុងប្រឈមនឹងទុក្ខលំបាកនេះ សព្វថ្ងៃជ្រកនៅក្រោមដំបូលផ្ទះបាក់បែក ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក។
តាមសម្តីក្មេងស្រីច្បងដែលទើបនឹងមានអាយុ១៥ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២)។ ដំបូងឡើយ ត្បិតថាជីវភាពគ្រួសារនាងទីទ័លក្រ ប៉ុន្តែមិនខ្វះភាពកក់ក្តៅនោះទេ ព្រោះមានឪពុកម្តាយរស់នៅជុំគ្នាមើលថែកូន។ ប៉ុន្តែក្រោយមក នៅអំឡុងពេលប្រមាណជាង១ឆ្នាំមុននេះ ម្តាយរបស់នាង ក៏បានរត់ចោលឪពុករបស់នាងនិងពួកនាងបាត់ ដោយសារតែគាត់ខឹងនឹងរឿងឪពុកផឹកស្រានិយាយមិនស្តាប់ ហើយមកដល់ថ្ងៃនេះ ពួកនាងមិនដឹងថាម្តាយទៅដល់ណា មានគ្រួសារថ្មី ឬមានសេចក្តីសុខ ឬក៏ អត់នោះទេ។
ក្មេងស្រីជាកូនច្បងរូបនេះ បានបន្តថា តាំងពីម្តាយរត់ចោលមក ជីវភាពគ្រួសារនាងកាន់តែលំបាកខ្លាំងឡើង១កម្រិតទៀត ដោយឪពុករបស់នាង ត្រូវចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយ យូរៗទើបវិលមកផ្ទះម្តង ជួន៥-៦ថ្ងៃ ជួនកន្លះខែ ទៅ១ខែក៏មាន។ ចំណែកពួកនាង៤នាក់បង ប្អូននៅពេលដែលឪពុកចេញទៅរកស៊ីឆ្ងាយបាត់ នាងជាបងស្រីត្រូវទទួលបន្ទុកមើលថែប្អូនទាំង៣នាក់ ដោយនាងបានចេញទៅដើរស៊ីឈ្នួលគេ សព្វមុខ នៅក្នុងភូមិ ជួនបាន១ថ្ងៃ១ម៉ឺនរៀល គ្រាន់យកមកទិញអង្ករ អំបិល ទឹកត្រី មកទុកហូប។
ក្មេងតូចៗទាំង៤នាក់បងប្អូននេះ បានត្អូញត្អែរថា ពួកគេរាល់ថ្ងៃមិនដែលស្គាល់ម្ហូបឆ្ងាញ់ទេ និងខានស្គាល់សាច់មាន់ ទា គោ ជ្រូក យូរណាស់មកហើយ ព្រោះរាល់ថ្ងៃពួកគេហូបតែអំបិល ទឹកត្រី ប្រហុក ហើយជួនបានអ្នកស្រុកភូមិ ពូមីងក្បែរខាងអាណិត ឱ្យជាលុយកាក់ អង្ករ ទុកគ្រាន់បន្តជីវិតទៅមុខទៀត។ ចំណែកកូនខ្ទមដែលពួកគេជ្រកនៅវិញ វាគ្រាន់តែអាចបាំងថ្ងៃខ្លះៗប៉ុណ្ណោះ ពេលណាមានភ្លៀងធ្លាក់ម្តងៗ គឺមិនអាចដេកបានទេ ព្រោះលិចទឹកទទឹកជោកអស់ ហេតុនេះ ពួកគេត្រូវនាំគ្នារត់ទៅដេកផ្ទះម្តាយធំ ពេលភ្លៀងម្តងៗ។
ក្មេងទាំង៤នាក់បងប្អូនខាងលើ បានអំពាវនាវដល់សប្បុរសជន ដែលមានចិត្តអាណិតអាសូរជីវិតពួកគេសូមជួយឧបត្ថម្ភ ជាអង្ករ នំចំណី ឱ្យពួកគេបានហូបផង ព្រោះពួកគេពិតជាខ្សត់ខ្លាំងណាស់ គ្មានអ្វីហូបចុកគ្រប់គ្រាន់នោះទេ។
ជាមួយនេះ ប្រសិនបើសប្បុរជន ចង់ជួយឧបត្ថម្ភដល់ក្មេងទាំង៤នាក់បងប្អូន សូមទាក់ទងតាមរយៈមូលនិធិ “ខ្មែរជួយខ្មែរក្នុងគ្រាក្រ អាសន្ន” ដែលមានលេខទូរស័ព្ទ ០៨៧ ២៣ ០៣ ៦៩៕