លោកអនុពង្ស ផៅចិន្តា (Anupong Paochinda) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨ ថា វិធីសាស្ត្រតែមួយគត់ ដែលអាចជួយសង្គ្រោះក្មេង និងគ្រូបង្វឹក ឱ្យបានឆាប់បំផុតនោះ គឺត្រូវឱ្យពួកគេរៀនមុជទឹក។ ការលើកឡើងរបស់លោកបែបនេះ ដោយសារតែការព្យាករណ៍ឧតុនិយម បានឱ្យដឹងថា នឹងមានភ្លៀងជាច្រើនទៀត នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោកអនុពង្ស បាននិយាយថា អ្នកជាប់គាំងទាំងនោះ ត្រូវតែរៀនប្រើប្រាស់ឧបករណ៍មុជទឹក នឹងបំប៉នសុខភាព ដើម្បីឱ្យពួកគេអាចមានលទ្ធភាពចាកចេញមកខាងក្រៅបាន។ ទាក់ទងទៅនឹងការលើកឡើងនេះ មតិមួយចំនួនបាននិយាយថា ការរៀនមុជទឹកមិនមែនជាការងាយស្រួលនោះទេ វាមិនដូចជាការហែលទឹកក្នុងអាងនោះទេ។
បើតាមកាសែតថៃ The Nation បានចេញផ្សាយកាលពីព្រឹកថ្ងៃពុធ បានឱ្យដឹងដែរថា ជំហានដំបូង ត្រូវការរយៈពេល១០ថ្ងៃ ដើម្បីព្យាបាលអ្នកទាំងនោះជាមុនសិន ខណៈដែលពេលនេះ ក្រុមគ្រូពេទ្យនឹងការដឹកជញ្ជូនស្បៀង អាហារ បានទៅដល់កន្លែងដែលក្មេងៗជាប់គាំងហើយ។ ភាពលំបាកដែលត្រូវប្រើពេលវេលាយូរ ក្នុងការសង្គ្រោះអ្នកជាប់ក្នុងរូងភ្នំ ចេញមកវិញ គឺដោយសារច្រកចូលតូចចង្អៀត ត្រូវឆ្លងកាត់ការមុជទឹក និងភក់ល្បាប់ ដែលមានចម្ងាយជាង២គីឡូម៉ែត្រ ហើយប្រសិនបើចោះពីលើកំពូលភ្នំ ទៅដល់កន្លែងអ្នកបាត់ខ្លួន មានកម្ពស់ទៅដល់ជិត១គីឡូម៉ែត្រ។
រឿងដាច់ដោយឡែកមួយទៀត កាលពីថ្ងៃពុធនេះ កសិករនៅខេត្តឈៀងរ៉ៃ ប្រមាណជាង៤០នាក់ បានមកចុះឈ្មោះជាមួយអាជ្ញាធរ ដើម្បីទទួលយកការសងជំងឺចិត្ត ដោយសារតែអាជ្ញាធរបូមទឹកលិចស្រែរបស់ពួកគេ សរុបចំនួន៨៨ហិកតារ៕