Sunday, October 26, 2025
Homeព័ត៌មានជាតិបើកលឿនហើយ មិនពាក់មួកសុវត្ថិភាពទៀត បាក់កស្លាប់ទាំង២នាក់

បើកលឿនហើយ មិនពាក់មួកសុវត្ថិភាពទៀត បាក់កស្លាប់ទាំង២នាក់

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឱ្យយុវជន២នាក់បាក់កស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារតែការបើកម៉ូតូមិនបានប្រុងប្រយ័ត្ន ទៅបុកគូថរថយន្តកូរ៉េដឹកអេតចាយ ខូចចតចោលនៅលើចិញ្ចើមថ្នល់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង២៥នាទី យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចភូមិត្រពាំស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដែលត្រូវបានគេដឹងថា ជាស្រុកដែលកើតឧបទ្វវហេតុគ្រោះថ្នាក់ចារាចរណ៍ច្រើនជាងគេ ក្នុងចំណោមស្រុកទាំង៨ នៃខេត្តកំពង់ធំ។

យុវជនរងគ្រោះដែលស្លាប់២នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋានស្រុកបារាយណ៍ បញ្ជាក់ថា ទី១-ឈ្មោះអុល ឡី ភេទប្រុស អាយុ៨ឆ្នាំ ឳពុកឈ្មោះលី ម្តាយឈ្មោះ ឡុច ទី២-ឈ្មោះហៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ឪពុកឈ្មោះហ៊ីម ម្តាយឈ្មោះរ៉ាត់ អ្នកទាំង២ រស់នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាកម្មករធ្វើសិប្បកម្ម គ្រែ តុ ទូ នៅភូមិទួលដំណាក់។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ បាននាំគ្នាទៅផឹកកាហ្វេ នៅផ្សារកំពង់ថ្ម ហើយក៏បានជិះម៉ូតូម៉ាក់សង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ AH-9034 យ៉ាងលឿន ត្រឡប់មកកន្លែងធ្វើការវិញ ដោយពុំបានពាក់មួកសុវត្ថិភាពក៏បាន បុកគូថរថយន្តដែលខូចចតចោលនៅចិញ្ចើមផ្លូវខាងស្តាំ ពណ៌ក្រហមខៀវ ពាក់ស្លាកលេខចាស់ ហ-០៣៧៨ភព២ បណ្តាលឱ្យបោកក្បាលបាក់កស្លាប់កណ្តាលថ្នល់ រីឯអ្នកបើកបររថយន្ត ក្រោយពីហេតុ ឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចខ្លួនបាត់ ទើបពុំស្គាល់អត្តសញ្ញាណ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឱ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំឱ្យភាគីទាំងសងខាង ចូលមកដោះស្រាយតាមនីតិវិធីតាមច្បាប់៕

RELATED ARTICLES