ពេជ្រ ថៃ បានទៅរស់នៅ និងបន្តការសិក្សានៅស្រុកកំណើតខេត្តបាត់ដំបង វិញហើយ កាលពីពេលថ្មីៗនេះ ក្រោមហេតុផលជីដូនរបស់គេមានជំងឺ និងបានដាស់ស្មារតី និងបណ្តាំដល់ម្ចាស់ពាន The Voice Kids Cambdia រដូវកាលទី១នេះ បង្កប់ដោយសារអប់រំថា “បើចៅទៅច្រៀង គឺចប់ហើយ ត្រូវតែវិលត្រឡប់មកស្រុកកំណើតវិញ”។ តាមរយៈពាក្យទូន្មានរបស់ជីដូនចាស់ជរានេះ ធ្វើឱ្យពេជ្រ ថៃ នេះ ធ្វើឱ្យតារាចម្រៀងកុមាររបស់ផលិតកម្មរស្មីហង្សមាស បានសម្រេចចិត្តផ្ទេរកាសិក្សាពីវិទ្យាល័យទួលស្វាយព្រៃ ទៅរៀននៅស្រុកកំណើតវិញជាបន្ទាន់ ខណៈដែលអ្នកដែលស្រលាញ់កពេជ្រ ថៃ មានការតក់ស្លុត ព្រោះថា ពេជ្រ ថៃ អាចនឹងលាឈប់ពីអាជីពចម្រៀងតាមបណ្តាំជីដូន និងខ្លះទៀតបានសរសើរចំពោះក្មេងប្រុសម្នាក់នេះ ដែលចេះស្តាប់ការអប់រំរបស់ជីដូន ហើយប្រញាប់វិលទៅស្រុកកំណើតវិញ ដើម្បីបាននៅក្បែរ និងមើលថែជីដូនរបស់គេវិញនោះ។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើពេជ្រ ថៃ និងលែងមកច្រៀងនៅហង្សមាស រហូតឬយ៉ាងណានោះទេ តែម្ចាស់ពាននេះ បានចុះកុងត្រាជាមួយផលិតកម្មធំនេះទៅហើយ ហេតុនេះហើយបានជាមានការលើកឡើងថា កុមារារូបនេះអាចនឹងចុះឡើងពីខេត្តបាត់ដំបង មកភ្នំពេញ នៅពេលដែលហង្សមាស ត្រូវការឱ្យឡើងច្រៀងតាមឆាកនោះ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការលើកឡើងដែរថា ពេជ្រ ថៃ អាចនឹងដើរតាមគន្លងយឿន ពិសី ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ ក៏ថាបានដែរ ព្រោះថា យឿន ពិសី ត្រូវបានគេចាប់អារម្មណ៍តែមួយឆាវ ក៏ស្ងាត់ទៅវិញ បាត់រហូតមកដល់ ពេលនេះគេមិនដឹងថា ពិសី ត្រូវប្រកបការងារអីនោះទេ ព្រោះហង្សមាស មិនសូវហៅរូបគេ ឡើងបញ្ចោញទេពកោសល្យលើឆាកទូរទស្សន៍ឡើយ។
ពេជ្រ ថៃ បានជាប់កាន់ពាន The Voice Kids Cambodia រដូវកាលទី១ ទាំងចម្រូងចម្រាស ដោយសារមានមហាជនជាច្រើនបានផ្ទុះរិះគន់ខ្លាំងថា សមត្ថភាពថៃ មិនស័ក្តិសមក្នុងការកាន់ពាននោះឡើយ ដោយសារបានតែកំប្លែង និងនិយាយលេងសការច្រៀងវិញ គឺសមត្ថភាពអន់ជាងអ្នកមិនបានពាន ដែលធ្លាក់ចេញពីកម្មវិធីនោះទៀតផង។ តែការរិះគន់លើពេជ្រ ថៃ នោះ ត្រូវបានតារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស នាងពេជ្រ សោភា ចេញមុខការពារ ដោយសម្អាងថា ពេជ្រ ថៃ ជាក្មេងឆ្លាតវាសវៃខ្លាំងណាស់ ព្រោះនាងធ្លាប់ច្រៀងសម្តែងជាមួយក្មេងប្រុសម្នាក់នេះ ឃើញថា ថៃ មានទេពកោសល្យសិល្បៈល្អខ្លាំង។
ពេជ្រ សោភា ថែមទាំងបានដាក់ជាសំណួរសង្កត់ធ្ងន់ទៀតថា បើមិនយកពេជ្រ ថៃ តើយកអ្នកណា? តារាដុះស្លែនៅហង្សមាសរូបនេះ យល់ថា អ្នកកាន់ពាននោះ បើយកមឹសៗ អត់ចេះនិយាយ ខ្លាចគេអីតើយកមកធ្វើអី? ប៉ុន្តែការអះអាងរបស់ពេជ្រ សោភា នោះ មិនត្រូវបានការគាំទ្រពីមហាជនច្រើនឡើយ ព្រោះថា កម្មវិធី The Voice Kids Cambodia នោះគឺគោលការណ៍កម្មវិធីផ្តោតលើតែអ្នកមានសំឡេងល្អតែមួយគត់។
តាមព័ត៌មានថា ក្រោយពេជ្រ ថៃ កាន់ពាន The Voice Kids Cambodia ភ្លាមនោះ តម្លៃខ្លួនកុមារាដែលធ្លាប់ត្រូវបានតារាកំពូលទើស ម៉ៃ សុគន្ធ វ៉ៃប្រហារស្ពឹកមុខនេះ គឺច្រៀងមួយកម្មវិធី ដល់ទៅជិត១ពាន់ដុល្លារឯណោះ ហើយមុនឡើងឆាកផ្សេងពីហង្សមាស ពេជ្រ ថៃ ដែលបានព្រមព្រៀងចុះកុងត្រាជាមួយនឹងផលិតកម្មដ៏ធំ គឺផលិតកម្មរស្មីហង្សមាស ដ៏ល្បីល្បាញមួយនេះ ទាល់តែមានការអនុញ្ញាតពីក្រុមហ៊ុនជាមុនសិន៕