ខេត្តសៀមរាប ៖ នារីវ័យក្មេងអាយុ១៥ឆ្នាំម្នាក់ មិនដឹងជាមានវិបត្តិផ្លូវូចិត្តអ្វីធ្ងន់ដោះស្រាយ មិនចេញក៏ដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននៅបន្ទប់ជួលរបស់ខ្លួន ចោលប្តីជាទីស្រលាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
នារីគំនិតខ្លីដែលចងកសម្លាប់ខ្លួនចោលប្តី ដោយមិនដឹងមូលហេតុនោះ មានឈ្មោះជិត ម៉ាឡា អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះសុខ ណាង អាយុ២៤ឆ្នាំ មុខរបរបើកបរឡានដឹកដី ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគាត់ស្រលាញ់គ្នាខ្លាំងណាស់ ចំណែកការរស់នៅក៏ចុះសម្រុងនឹងគ្នាល្អដែរ មិនធ្លាប់មានទំនាស់អ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយគាត់ជាប្តីក៏មិនដឹងច្បាស់ថា មូលហេតុអ្វីបានជាប្រពន្ធគិតខ្លីដល់ថ្នាក់ចងកសម្លាប់ខ្លួនបែបនេះសោះ។
បុរសជាប្តីរូបនេះ បន្តថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ មិនបានឈ្លោះប្រកែកគ្នាទេ គឺធម្មតាៗ ចំណែកប្រពន្ធក៏មិនបានត្អូញត្អែរប្រាប់គាត់ថា នាងលំបាកចិត្តពីរឿងអ្វីនោះដែរ។ លុះព្រឹកឡើង ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ គាត់ក៏បានចេញទៅបើកឡានដឹកដីដូចសព្វដង ដោយទុកឱ្យប្រពន្ធនៅផ្ទះតែម្នាក់ឯង។ ក្រោយពីចប់ការងារ នៅវេលារសៀលថ្ងៃដដែល គាត់ក៏ត្រឡប់មកផ្ទះវិញ លុះគ្រាន់តែបើកទ្វារចូលដល់ក្នុងបន្ទប់ជួលវិញ ស្រាប់តែប្រទះឃើញប្រពន្ធរបស់គាត់ចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

មន្ត្រីនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះខាងលើពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ពោលគឺពុំពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ។
សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕