ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ព្រោះតែឃើញកូនប្រុសរបស់ខ្លួនប្រើប្រាស់គ្រឿងញៀនជាប់ប្រចាំ ហាមយ៉ាងណាក៏មិនស្តាប់ ទើបប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសយកទៅចាត់ការតាមច្បាប់ លុះសមត្ថកិច្ចចុះមកដល់ ក៏ត្រូវកូនប្រុសបែកថ្នាំរូបនេះ ទាញកាំភ្លើងច្នៃគំរាមបាញ់ និងទាញកាំបិតគំរាមកាប់សមត្ថកិច្ចទៀតផង ទីបំផុត សមត្ថកិច្ចក៏បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើយកទៅចាត់ការតាមច្បាប់។

ករណីបុរសបែកថ្នាំខឹងឪពុកប្តឹងប៉ូលិសចាប់ ក៏ទាញកាំភ្លើងច្នៃ និងកាំបិតមកគំរាមសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។
ជនសង្ស័យដែលទាញកាំភ្លើងច្នៃ គំរាមបាញ់សមត្ថកិច្ចនេះ មានឈ្មោះលន់ វិល័យ អាយុ២៨ឆ្នាំ មុខរបរកម្មករចម្ការកៅស៊ូ មានលំនៅ ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕