ភ្នំពេញ ៖ បុរសជាប្តីម្នាក់ ត្រូវប្រពន្ធអះអាងថា ជាមនុស្សប្រមឹក និងញៀនថ្នាំ លុះក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះ វិញក៏រករឿងចោទប្រកាន់ថា ប្រពន្ធជេរបញ្ចោរស្រីស្នេហ៍របស់ខ្លួន ទើបធ្វើឱ្យប្តីនេះ មួម៉ៅក្តៅចិត្តចាប់បីកូនតូចទាំងស្រាតននលគក ដើរចេញមក ស្រែកឡូឡាតាមផ្លូវ លុះប្រពន្ធតាមមកយកកូនវិញ ក៏ដេញវាយប្រពន្ធ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកចាប់វាយខ្នោះយកទៅសួរនាំ។
ហេតុការណ៍ប្តីស្រវឹងខឹងប្រពន្ធជេរបញ្ចោរស្រីស្នេហ៍ បែរជាបីកូនតូច ដើរចេញមកស្រែកឡូឡាតាមផ្លូវ និងរករឿងដេញវាយប្រពន្ធទៀតនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ លើតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ប្តីប្រពន្ធ ដែលផ្ទុះជំលោះផ្អើលដល់អ្នកដំណើរតាមផ្លូវចោមរោមមើលព្រោងព្រាតនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា ចំណែកកូនតូច មានអាយុប្រមាណ២ខួបប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើត បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាប្តីខាងលើ ស្ថិតក្នុងសម្លៀកបំពាក់ខោជើងខ្លីពណ៌បៃតង ពាក់អាវយឺតកីឡាពណ៌ខ្មៅ មិនដឹងថាទើបនឹងចេញពីផឹកស៊ីនៅកន្លែងណានោះ គឺមានស្ថានភាពស្រវឹងជោកជាំ បានបីកូនប្រុសអាយុប្រមាណ២ខួប ទាំងស្រាតននលគក ដើរមកដល់ស្ថានីយប្រេងឥន្ធនៈតេលា កន្លែងកើតហេតុ ក៏ឃើញស្ត្រីជាប្រពន្ធ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ខ្មៅ បានរត់តាមមកពីក្រោយ និងបានព្យាយាមអង្វរសុំយកកូនប្រុសមកវិញ តែបុរសជាប្តីមិនព្រមឱ្យទេ និងថែមទាំងបានប្រើអំពើហិង្សាដេញវាយប្រពន្ធថែមទៀត ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ទីនោះ ជួយអន្តរាគមន៍ចាប់ឃាត់ និងលួងលោមយកកូនប្រុស តូចពីបុរសខាងលើ យកទៅប្រគល់ឱ្យស្ត្រីជាប្រពន្ធវិញ និងបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ហើយនៅមុនពេលដែលសមត្ថកិច្ច ចុះមកដល់ គេឃើញបុរសមួយក្រុម បានព្យាយាមរារាំងមិនឱ្យបុរសជាប្តីរូបនេះ គេចខ្លួនបានឡើយ រហូតទាល់តែសមត្ថកិច្ចចុះមកចាប់វាយខ្នោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍ និងបានសួរនាំ តែបុរសខាងលើបែរជាស្រែកឡូឡា មិនខ្លាចរអាសមត្ថកិច្ចបន្តិចណាសោះ និងថែមទាំងចិត្តសឿង ហុចដៃឱ្យសមត្ថកិច្ចវ៉ៃខ្នោះទៀតផង ទើបសមត្ថកិច្ចសម្រេចវាយខ្នោះតាមការសំណូមពរ រួចនាំបុរសខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរ។
ដោយឡែក តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធនាង ចាប់ដៃគ្នាប៉ុន្មានឆ្នាំមកហើយ និងទើបបង្កើតបានកូនប្រុសម្នាក់អាយុ២ខួបនេះប៉ុណ្ណោះ។ តាមពិតប្តីរបស់នាង ក្រៅពីដើរផឹកស្រាហើយ នៅញៀនថ្នាំទៀត មិនព្រមរកការងារធ្វើចិញ្ចឹមប្រពន្ធកូននោះទេ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយ ប្តីកំហូចរូបនេះ បានដើរទៅលួចលាក់មានស្រីញីរាប់មិនអស់ទៀតផង៕