ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានស៊ីដាច់ម៉ូតូមិត្តភក្តិស្រីរបស់ខ្លួន រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង៣ខែមកហើយ លុះម្ចាស់ម៉ូតូប្រទះឃើញ ក៏ចាប់ក្របួចយកមកប្រគល់ឱ្យសមត្ថកិច្ចដាក់ខ្នោះជើងជាប់ កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នារីជើងល្អដែលស៊ីដាច់ម៉ូតូមូត្តិភក្តិ មានឈ្មោះជា ស្រីដា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិក្រូចឆ្មារ ឃុំក្រូចឆ្មារ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ មានឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងជ្រៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាមុំ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រីឯម៉ូតូដែលនារីសង្ស័យស៊ីដាច់បាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-5414។
តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នាងនិងជនសង្ស័យដែលត្រូវជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅទិញម្ហូបនៅផ្សារខ្យូអឹមអាយ ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ពេលនោះដោយសារតែនាងមិនចេះជិះម៉ូតូ ទើបបានឱ្យជនសង្ស័យជាមិត្តភក្តិជួយឌុបទៅផ្សារទិញម្ហូប។ លុះទៅដល់ផ្សារ នាងបានចុះទៅទិញម្ហូប ចំណែកជនសង្ស័យបានប្រាប់ទៅនារីរងគ្រោះថា “ខ្ញុំទៅចាំកន្លែងហូបបង្អែមសព្វដង” ដែលជិតកន្លែងនាងទិញម្ហូបដែរ។
ស្ត្រីរងគ្រោះ បន្តថា បន្ទាប់មកជនសង្ស័យបានជិះចេញទៅបាត់ ចំណែកនាង ក្រោយពីទិញម្ហូបរួចហើយ បានដើរទៅកន្លែងបង្អែមដែលធ្លាប់ហូប តែមិនឃើញជនសង្ស័យឡើយ បន្ទាប់មកជនរងគ្រោះបានខ្ចីទូរ័សព្ទអ្នកលក់នៅជិតកន្លែងកើតហេតុខលទៅជនសង្ស័យដែរ តែជនសង្ស័យមិនលើកទូរស័ព្ទឡើយ បន្ទាប់មកទើបនាងដឹងថា មិត្តភក្តិជើងល្អនេះ ពិតជាបានស៊ីដាច់ម៉ូតូរបស់នាងតែម្តង ទើបនាងបានឱ្យប្តីទៅដាក់ពាក្យបណ្តឹងជំនួសភ្លាមៗផងដែរ។
លុះមកដល់នៅថ្ងៃកើតហេតុ ពោលគឺនៅវេលាេម៉ោង៦ និង១៥នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ មានមិត្តភក្តិរបស់ជនរងគ្រោះម្នាក់ទៀត បានប្រទះឃើញជនសង្ស័យខាងលើធ្វើការរោងចក្រនៅម្តុំព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងដើរទិញម្ហូប ក៏ប្រញាប់ផ្តល់ដំណឹងដល់ជនរងគ្រោះភ្លាម ទើបជនរងគ្រោះនិងប្តីបានទៅឃាត់ជនសង្ស័យនាំមកប៉ុស្តិ៍ចោមចៅ៣ ហើយប្រគល់ឱ្យ សមត្ថកិច្ចដើម្បីសួរនាំ៕