ភ្នំពេញ ៖ បុរសម្នាក់ដែលតូចចិត្តរឿងប្រពន្ធមានប្តីថ្មី បែរជាបែកគំនិតគិតខ្លី ល្បួងកូនស្រីរបស់ខ្លួនដើរហាត់ប្រាណលើស្ពានជ្រោយចង្វារ លុះដល់ពាក់កណ្តាលស្ពាន ក៏ចាប់បីកូនស្រីរួចលោតចូលទៅក្នុងទឹក បំណងសម្លាប់ខ្លួនទាំងពីរនាក់ឪកូន បណ្តាលឱ្យឪពុកលិចចូលទឹកបាត់ ចំណែកកូនស្រីត្រូវបានសង្គ្រោះទាន់ពេល កាលពីព្រឹកថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកដល់វេលាម៉ោង៦យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានគេប្រទះឃើញសាកសពហើយ ដោយអណ្តែតឡើងនៅចំណុចគល់ស្ពាន ជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សពបុរសខូចចិត្តដែលប៉ងសម្លាប់ខ្លួនទាំង២នាក់ឪកូនខាងលើនេះ មានឈ្មោះលី ទៀង អាយុ៣០ឆ្នាំ មុខរបរលក់ទឹកអំពៅ ស្នាក់នៅផ្ទះជួលម្តុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ ដែលត្រូវឪពុកចាប់បីលោតទឹកប៉ងសម្លាប់ខ្លួនជាមួយគ្នា តែអាយុថ្លៃ ទទួលបានការសង្គ្រោះទាន់ពេល មានឈ្មោះហង្ស លីហ្សា អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ សព្វថ្ងៃស្នាក់នៅជាមួយឪពុក។ ដោយឡែក បុរសខាងលើ (សព) មានប្រពន្ធដែរ តែបានបែកបាក់គ្នាទៅវិញ ហើយពេលនេះប្រពន្ធមានប្រកបរបរជាកម្មការិនីរោងចក្រ ស្នាក់នៅម្តុំផ្សារសិនជូរី ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និង កំពុងមានប្តីថ្មីម្នាក់ទៀត។

តាមសម្តីស្ត្រីជាម្តាយរបស់សពបុរសខាងលើ បានរៀបរាប់ប្រាប់នៅគ្រាដែលគាត់បានមកទទួលយកសាកសពកូនប្រុសថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ រូបគាត់បាននិយាយជាមួយកូនប្រុស (សព) ថា បើលក់ទឹកអំពៅមិនដាច់ កូនឈប់លក់ទៅ នៅផ្ទះដាំបាយឱ្យកូនហូប និងនាំកូនទៅរៀនទៅបានហើយ ហើយក្នុងមួយយប់ទល់ភ្លឺនោះ កូនប្រុសរបស់គាត់ បានបើកភ្លើងចោលរហូត ចំណែកគាត់ជាម្តាយក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ រហូតមកដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ រូបគាត់បាន ក្រោកពីដំណេក ហើយក៏ហៅកូនឱ្យបិទទ្វារទៅផ្សារ ពេលនោះកូនប្រុសគាត់បានឆ្លើយថា ចាំបន្តិច គេទៅនោះមួយភ្លែតសិន រួចហើយក៏ដឹកដៃកូន ចេញទៅបាត់។ ស្រាប់តែមិនបានប៉ុន្មានផង គាត់ក៏ទទួលបានដំណឹងមកថា កូនប្រុសគាត់បាននាំកូនស្រីបង្កើតរបស់គេ ទៅលោតទឹកស្ពានជ្រោយ ចង្វារ តែត្រូវគេជួយស្រង់កូនស្រីបាន ប៉ុន្តែឪពុកបានលិចចូលទន្លេបាត់រកមិនឃើញឡើយ។

ទីបំផុត ក្រោយពីលោតចូលទឹកលិចបាត់ខ្លួនអស់រយៈពេល១យប់១ថ្ងៃរួចមក នៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ សាកសពបុរសដែលតូចចិត្តរឿងប្រពន្ធមានប្តីថ្មី បីកូនលោតចូលទឹកបម្រុងស្លាប់ព្រមគ្នានោះ ក៏ត្រូវបានគេប្រទះឃើញអណ្តែតឡើងលើផ្ទៃទន្លេ នៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បន្ទាប់មក សមត្ថកិច្ចបានចុះស្រង់សាកសព និងពិនិត្យ ព្រមទាំងធ្វើកោសល្យវិច័យរួចរាល់ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់សាកសពទៅឱ្យស្ត្រីជាម្តាយ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
