ភ្នំពេញ ៖ ហាងចាប់សរសៃមួយកន្លែង ដែលលើកស្លាកជាហាងធ្វើសរសៃបែបខ្មែរបុរាណ “បាតដៃលាភសំណាង” ប៉ុន្តែធាតុពិតខាងក្នុង មានបង្កប់ទៅដោយសេវាផ្លូវភេទ យ៉ាងគគ្រឹកគគ្រេងនោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ៥៦A តាមបណ្តោយផ្លូវ១៤៦ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមប្រភពពីមន្ត្រីជំនាញដែលចុះប្រតិបត្តិការផ្ទាល់ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការការបង្ក្រាបហាងចាប់សរសៃបង្កប់សេវាផ្លូវភេទ ខាងលើនេះ មានការសម្របសម្រួលពីលោកគល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ ម៉ាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមទាំងកម្លាំងមានសមត្ថកិច្ចមូលដ្នាន និងបានឃាត់ខ្លួនមេការ២នាក់ និងមនុស្សប្រុសស្រី ពាក់ព័ន្ធករណីបង្កាប់បម្រើសេវាផ្លូវភេទ។

ប្រភពដដែលបន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ ដកហូតបានស្រោមអនាម័យមួយចំនួនធំ និងបានជួយរំដោះសង្គ្រោះដល់ក្មេងស្រី៤នាក់ ជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យជាម្ចាស់ទីតាំងខាងលើ រួមនឹងជនរងគ្រោះសរុបទាំងអស់១០នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋាន ប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនតុលាការ ចាត់ការតាមផ្លូវច្បាប់៕
