ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ កំណត់កាលបរិច្ឆេទហែក្បួនគណបក្សឃោសនារកសំឡេងឆ្នោត បានចូលមកដល់ថ្ងៃនេះហើយ។ តាមការកត់សម្គាល់ តាំងពីឆ្នាំ១៩៩៣ មក ការហែក្បួនឃោសនារបស់គណបក្សនីមួយៗ មិនស្មើភាពគ្នាទេ ពោលគឺ “ហែបក្សតាមថ្នាក់លុយុ” បើបក្សណាមានលុយក្រាស់ ការហែក្បួនគគ្រឹកគគ្រេងសម្បើមណាស់ ហើយបើបក្សណាអត្តខាត់ មិនហ៊ឹកហ៊ាក់ដូចគេទេ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សូមរំព្ញកថា កាលពីឆ្នាំ១៩៩៣ កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្កើតរដ្ឋសភាថ្មី ក្រោមកិច្ចចាត់ចែងរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ (អ៊ុនតាក់) ដោយមានគណបក្សជាង២០ បានចូលរួម ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ល្បីជាងគេ ដោយសារមានលុយកាក់ សម្ភារនិយម។ សម័យនោះ ការហែក្បួនឃោសនាបោះឆ្នោត មានចងបដា មីក្រូ ឧគ្ឃោសនសព្ទលើរថយន្តអន់ៗ មិនទំនើបដូចសព្វថ្ងៃនេះទេ ដូចជា រថយន្តកាម៉ង់កា នាំមកពីសហភាពសូវៀត រថយន្តកាមរី រថយន្តកាម៉ាស់ ជាដើម សម្រាប់បក្សណាដែលសម្បូរលុយ ហើយក៏មានចងបដា មីក្រូ លើរទេះសេះ រ៉ឺម៉ក ស៊ីក្លូ ផងដែរ សម្រាប់បក្សអត្តខាត់ រហូតជាប់ឈ្មោះថា “បក្សកាម៉ងកា បក្សរទេះសេះ បក្សស៊ីក្លូ” អ៊ីចឹងទៅ។ ជាលទ្ធផលឃើញថា “បក្សណាដែលមានលុយ និងសម្ភារៈ ត្រូវឈ្នះឆ្នោត” ដែលកាលនោះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអាមេរិក និងចិន នៅពីក្រោយ បានយកឈ្នះគណបក្សប្រជាជនកម្ពុជា ដែលមានវៀតណាម និងសហភាពសូវៀត ជាខ្នងបង្អែក។
ឥឡូវដល់ថ្ងៃកំណត់ហែក្បួនបក្សទៀតហើយ នឹងចៀសមិនផុតពី “ហែបក្សតាមថ្នាក់លុយ” ពោលគឺ បើបក្សណាសម្បូរលុយ និងសម្ភារៈ ច្បាស់ជាស៊ីដាច់មិនខាន។ នៅពេលនេះ អ្វីៗជឿនលឿន និងទំនើបជាងអាណត្តិមុនៗ ច្បាស់ជាមាន “បក្ស Rolls Rolyce , បក្ស Lexus 570, បក្សហ៊្វុយហ្សូ, បក្សសាំងយ៉ុង, បក្សកាមរី, បក្សម៉ូតូរ៉ឺមកកង់៤, បក្សឡាំប្រឺតា, បក្សគោយន្ត” មិនខានឡើយ។ គណបក្សប្រជាជនកម្ពុជា (CPP) ដែលជា “បក្សលុយក្រាស់” ច្បាស់ជាបញ្ចោញសម្ភារនិយមក្នុងថ្ងៃហែក្បួនមិនខាន ទាំងរាជធានី ដល់ទីរួមខេត្តនានា ជាពិសេស ច្បាស់ជាមានរថយន្ត Rolls Rolyce តម្លៃខ្ទង់លានដុល្លារ និងរថយន្តឡិចស៊ីស ៥៧០ តម្លៃរាប់ម៉ឺនដុល្លារ នាំមុខក្បួន ដើម្បី “បញ្ចោញសាច់ដុំ” ឱ្យបក្សតូចតាច “រួញខ្លួនដូចដឹកដឿ”។
ដោយឡែក បក្សតូចៗទើបបង្កើតថ្មី ដែលអះអាងថា ខ្លួនបានលក់ដី លក់ឡាន លក់ផ្ទះ ចង់អស់ហើយ ដើម្បីយកលុយ មកធ្វើនយោបាយ ដោយបដិសេធការចោទប្រកាន់ពីពួកប្រឆាំងអតីត CNRP ថា ជា “បក្សដែល CPP ចិញ្ចឹម” នោះ ច្បាស់ជាគេចមិនផុតពីចងបដា រៀបឧបករណ៍ពង្រីកសំឡេងលើគោយន្ត ឡាំប្រឺតា ម៉ូតូរ៉ឺម៉កកង់៤ ឬរថយន្តកូរ៉េ មិនខានឡើយ។ ឱ្យគាត់បញ្ចោញ Rolls Rolyce Lexus 570 ឯណាបានដូច CPP បើខ្លួនមាន “លុយស្តើង” យ៉ាងនេះ ឯអ្នកដែលមានភារកិច្ចហែក្បួន ច្បាស់ជាបានលុយតិចតួចស្តួចស្តើងណាស់ អាចថា “ទប់ថ្លៃគុយទាវ កាហ្វេ” ស្ទើរមិនជាប់ផង ផ្ទុយពី CPP “លុយក្រាស់” មានលទ្ធភាពជល់កែវក្នុងហាងទំនើប បន្ទាប់ពីហែក្បួនចប់។
កាលពីខែមុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយរឿង “សម្តេចក្រុមព្រះ ផ្ញើសំបុត្រខ្ចីលុយ១លានដុល្លារ ទៅធ្វើនយោបាយ” ដែលស្តែងឱ្យឃើញថា អម្ប៉ាលយ៉ាងហ៊្វុនស៊ិនប៉ិច ខ្សែរាជវង្ស រាជានិយម អត់លុយធ្វើនយោបាយផង ចុះទម្រាំបក្សតូចៗ ទើបបង្កើតថ្មីនោះ បានលុយពីណា? សង្ឃឹមលក់ដី លក់ផ្ទះ លក់ឡាន បានប៉ុន្មានទៅ? បើអ៊ីចឹងនោះ សង្ឃឹមអី ខណៈដែលមនុស្សសម័យនេះ “ត្រូវការលុយ”។ ដល់បក្សខ្លួនអត្តខាត់ ស្ទុះមិនទាន់ CPP ក៏មានបក្សខ្លះអត់គិតដល់ “និន្នាការ២ក្នុងសង្គម” ដែលមាន “ប្រឆាំងនិងមិនប្រឆាំង” ក៏ប្រឹងតែវ៉ៃប្រហារបក្សតូចៗដូចគ្នាទៅវិញ អត់សូវហ៊ានវ៉ៃបក្សកាន់អំណាចទេ។ ដូចប៉ុន្មានថ្ងៃមុន យុវជន “បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ” របស់លោកខឹម វាសនា វាយប្រហារ “បក្សប្រជាធិបតេយ្យមូលដ្ឋាន” របស់លោកយ៉ង សាំងកុមារ។ ចំណែក “បក្សឆន្ទៈខ្មែរ” របស់កូនប្រុសលោកគង់ គាំ និង “បក្សខ្មែរតែមួយ” របស់ប្អូនប្រុសលោកកែម ឡី ប្រឹងវាយប្រហារលោកសម រង្ស៊ី ដែលកំពុងដើរស្របនឹងសុភាសិតបុរាណ ១ថា “គោ១ក្រោល ដោលតែគ្នាឯង”។
“ការហែបក្សតាមថ្នាក់លុយ” បានក្លាយជាប្រពៃណីទៅហើយ ប៉ុន្តែបើបក្សណា “លុយស្តើង” ចេះយុទ្ធសាស្ត្រដូច “ធនញ្ជ័យ” ដែលគ្មានអ្វីសោះ ក៏អាចយកឈ្នះអ្នកមានលុយដែរ។
ក្នុងរឿង “ធនញ្ជ័យ” បានតំណាលពីស្តេចត្រាស់បង្គាប់នាហ្មឺនសព្វមុខមន្ត្រី ឱ្យដង្ហែព្រះអង្គទៅប្រពាតព្រៃ ដោយជិះសេះគ្រប់គ្នា បើជនណារកសេះជិះមិនបានត្រូវទទួលទោស។ កាលនោះ ស្តេចបានទាំងបង្គាប់ធនញ្ជ័យ ឱ្យរកសេះជិះហែព្រះអង្គដែរ តែធនញ្ជ័យក្រណាស់ មានតែសំពត់អាវមួយចង្កេះ ឆ្អេះជាប់ខ្លួន លុះដល់ពេលហែក្បួន គាត់រកសេះមិនបាន ក៏ចាប់ “សេះចត្រង្គ” ក្តាប់នឹងបាតដៃ រត់ទៅតាមគេ។ លុះស្តេចសួររកសេះ ធនញ្ជ័យ ក៏បង្ហាញសេះចត្រង្គនោះ ធ្វើឱ្យស្តេចទាល់តម្រិះ ចាញ់ប្រាជ្ញាធនញ្ជ័យ ដែលស្តែងឱ្យឃើញថា បើបក្សតូចៗអត្តខាត់ ត្រូវមានយុទ្ធសាស្ត្រនយោបាយដូចធនញ្ជ័យ ទើបបាន។
ដូច្នេះយើងឃើញថា CPP ច្បាស់ជាបញ្ចោញប្ញទ្ធិ “ហែបក្សតាមថ្នាក់លុយ” មិនខានឡើយ ទោះជាបក្សតូចប្រឹងដោល ប្រឹងគាស់យ៉ាងណាក៏មិនទាន់គេដែរ អ៊ីចឹងអាចយកប្រាជ្ញាមកប្រើដូចធនញ្ជ័យ ក៏អាចបានកៅអីខ្លះដែរ បើទោះជាមិនឈ្នះដាច់។ ដោយមិនគិតពីរឿងអ្នកធ្វើពហិការនោះទេ គឺចង់លើកឡើងពីចំនួនអ្នកទៅបោះឆ្នោត ឬថាបើសិនជាមានអ្នកទៅបោះឆ្នោត ៦០ភាគរយ ច្បាស់ជាមានអ្នកគូសសន្លឹកឆ្នោតឱ្យបក្សតូចៗខ្លះមិនខាន បើសិនជាបក្សតូចៗមានប្រាជ្ញាវាងវៃ ដូចធនញ្ជ័យ។ ប្រាជ្ញានោះ នៅត្រង់ “ប្រឆាំងឱ្យចំប្រឆាំង” កុំម្តងប្រឆាំង ម្តងស្រប ដូចអ្នកវិភាគនយោបាយ ពោលគឺ អ្នកវិភាគ អព្យាក្រឹត ឃើញម៉េចថាអ៊ីចឹង ប៉ុន្តែអ្នកនយោបាយ “ត្រូវចាប់និន្នាការឱ្យជាប់” បើធ្វើឡប់ឡែមិនបានផលទេ។ អ្នកនយោបាយ ឬអ្នកនាំពាក្យ មិនខុសពី “ត្រីវិស័យ” ដែលមានទ្រនិចចង្អុលតែទិសខាងជើង បើសិនជាទ្រនិចនោះ ចង្អុលទិសខាងលិច គេមិនហៅត្រីវិស័យនោះទេ។ CPP ដែលមានទ្រនិចចង្អុលទៅទិសខាងជើង ឬទៅចិន គឺជាយុទ្ធសាស្ត្ររបស់ CPP ដូច្នេះ បក្សឯទៀត បើប្រឹងចង្អុលទិសខាងជើងដែរ មិនឈ្នះ CPP ទេ អ៊ីចឹងគួរ “បង្កើតត្រីវិស័យថ្មី” ចង្អុលទិសផ្សេង ទើបមានសង្ឃឹម បើដឹងថា ខ្លួនអត់លុយដែរ។
សរុបទៅ “ហែបក្សតាមថ្នាក់លុយ” គ្រាន់តែជាយោបល់មួយ ជួយបង្ហាញផ្លូវគណបក្សតូចៗឱ្យចេះប្រើយុទ្ធសាស្ត្រ “តាមថ្នាក់លុយ” ដូចធនញ្ជ័យ ដែលរកសេះជិះមិនបាន ក៏ជិះសេះចត្រង្គ។ ដូច្នេះបើដឹងថា CPP សម្បូរធនធានមនុស្ស និងថវិកា និងមានទ្រនិចត្រីវិស័យចង្អុលទៅចិន នោះ បក្សឯទៀតត្រូវដើរផ្ទុយ ឬថាទោះជា “បក្សម៉ូតូកង់៣ បក្សគោយន្ត” ក៏សង្ឃឹមបានកៅអីខ្លះដែរ បើសិនជាចេះយកប្រាជ្ញា ដោះស្រាយបញ្ហាដូចបរិយាយខាងលើ៕