Wednesday, October 29, 2025
Homeព័ត៌មានជាតិឃាតកម្ម១ឆ្នាំមុន សម្លាប់មន្ត្រីភូមិបាល ចាប់បានឃាតករ

ឃាតកម្ម១ឆ្នាំមុន សម្លាប់មន្ត្រីភូមិបាល ចាប់បានឃាតករ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពវាយសម្លាប់មន្ត្រីភូមិបាលម្នាក់ រហូតដល់ស្លាប់ហើមស្អុយនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ កាលពីជាង១ឆ្នាំមុន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២និង៤៧នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះរិទ្ធ ភ័ណ្ឌ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ចំណែកបុរសរងគ្រោះ មានឈ្មោះហេង រតនៈ អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីការិយាល័យភូមិបាលស្រុកភ្នំក្រវាញ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រងិល និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ត និងអនុវត្តតាមដីកាលេខ១៥ដខ/១៨ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយលោកយ៉ាន ភាព ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ពីបទឃាតកម្ម។

ក្រោយចាប់ឃាត់ខ្លួនបាន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ដោយបុរសជាមន្ត្រីភូមិបាលម្នាក់ ត្រូវបានជនមិនស្គាល់មុខ លួចវាយសម្លាប់ដល់ក្នុងបន្ទប់ជួល តាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ជះក្លិនស្អុយ ទើបត្រូវបានម្ចាស់បន្ទប់ជួលប្រទះឃើញ។

តាមសម្តីស្ត្រីឈ្មោះញឹម ត្រង អាយុ៤៧ឆ្នាំ ជាម្ចាស់បន្ទប់ជួល បានរៀបរាប់ប្រាប់ថា គាត់ជាម្ចាស់បន្ទប់ជួល និងអ្នកដែលជួលបន្ទប់របស់គាត់ស្នាក់នៅតែងក្រោកតាំងពីព្រឹក ចេញទៅបំពេញការងាររៀងៗខ្លួន ហើយនៅពេលដែលភ្ញៀវចេញទៅធ្វើការអស់ គាត់ក៏ចាប់ផ្តើមដើរសម្អាតបន្ទប់ជារៀងរាល់ថ្ងៃ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ គាត់បានដើរសម្អាតបន្ទប់ដូចសព្វដង លុះពេលទៅសំអាតដល់បន្ទប់ជនរងគ្រោះ ស្រាប់តែធុំក្លិនស្អុយចម្លែកចេញពីបន្ទប់របស់ជនរងគ្រោះ ទើបគាត់បានបើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះ ឈ្មោះហេង រតនៈ ក្នុងថ្លុកឈាមទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

លោកវរសេនីយ៍ទោ មាស ម៉ុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព។ តាមលទ្ធផលកោសល្យវិច័យបានបង្ហាញថា នេះគឺជាករណីឃាតកម្ម ដោយជនរងគ្រោះស្លាប់ដោយសារមានជនមិនស្គាល់អត្តសញ្ញាណបានលួចសម្លាប់ ព្រោះតាមការពិនិត្យឃើញមានស្នាមរបួស២កន្លែង  របួសចំកដៃខាងឆ្វេង១កន្លែង និងចំហៀងក្បាលខាងស្តាំ១កន្លែង ទើបបណ្តាលឱ្យជនរងគ្រោះស្លាប់បែបនេះ៕

RELATED ARTICLES