ភ្នំពេញ ៖ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី09 ខែកក្កដា ឆ្នាំ2018 យុវជន3នាក់ មានម្នាក់របួសធ្ងន់ និងពីរនាក់ទៀត បានស្លាប់ទន្ទឹមគ្នានៅលើថ្នល់យ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីរាំលេងក្លឹបទៅបុកជាមួយរថយន្តកូរ៉េ ចំណុះ2តោនកន្លះ ដឹកអំបិល ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើង តាមបណ្តោយផ្លូវជាតិលេខ3 ក្នុងខណ្ឌដង្កោ។

យុវជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ រួមមាន ទី1-ឈ្មោះស៊ិន សុភា អាយុ 21ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រីឯជនរងគ្រោះដែលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ពួកគេមានគ្នា6នាក់ ជិះម៉ូតូ2គ្រឿង (មួយគ្រឿង ជិះគ្នា3នាក់) បានចេញពីរាំលេងនៅក្លឹប ក្នុងសង្កាត់ចោមចៅ ហើយជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ3 ពីជើងទៅត្បូង បំណងត្រឡប់ទៅផ្ទះវិញ។ ខណះជិះជិតដល់កន្លែងកើតហេតុ ភាគីម្ខាងដែលជិះម៉ូតូឌុបគ្នា3នាក់ បានឈប់បត់ជើងតូច ហើយម៉ូតូម៉ាកហុងដា ឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1W-8828 ដែលជនរងគ្រោះ3នាក់ ជិះបន្តទៅមុខមុន តែអកុសល បែរជាជ្រុលទៅបុកជាមួយរថយន្តដឹកអំបិល ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1622 ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះបោកក្បាលជាមួយរថយន្តស្លាប់2នាក់ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់រហូតដល់វិទ្យាល័យពងទឹក ទើបឈប់រថយន្តទុកចោល ហើយអ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕