Wednesday, October 29, 2025
Homeព័ត៌មានជាតិស្ទូងស្រូវសុខៗ បាញ់ស្លាប់ប្អូនស្រី បងរបួសធ្ងន់

ស្ទូងស្រូវសុខៗ បាញ់ស្លាប់ប្អូនស្រី បងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងយុវជនម្នាក់ ត្រូវជាប្អូន រងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ក្នុងពេលជនរងគ្រោះកំពុងស្ទូងស្រូវ ខណៈកំពុងមានភ្លៀងធ្លាក់។ ដែលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអន្លង់កៅឪ ក្នុងភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះសេង ស្រីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ និងម្នាក់ទៀត ឈ្មោះសេង ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាប្អូនបង្កើតរងរបួសធ្ងន់ អ្នកទាំង២ រស់នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន បាននាំគ្នាទៅស្ទូងស្រូវនៅចំណុចកើតហេតុខាងលើ លុះដល់វេលាកើតហេតុ ស្រាប់តែមេឃចាប់ផ្តើមងងឹត ហើយមានធ្លាក់ភ្លៀងលាយឡំ និងផ្គររន្ទះផងដែរ ប៉ុន្តែ ជនរងគ្រោះទាំង២ មិនបានមករកកន្លែងមានសុវត្ថិភាពជ្រកឱ្យបានត្រឹមត្រូវ ស្រាប់តែពេលនោះក៏មានរន្ទះបាញ់ចាំ បណ្តាលឱ្យស្លាប់ និងរបួសទាំង២នាក់ ដេកដួលនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពក្រាំងល្វា ស្រុកសាមគ្គីមានជ័យ  ដោយឡែក សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យរួចរាល់ក៏បានប្រគល់ឱ្យក្រុមគ្រួសារនាំយកទៅកាន់លំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES