ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូដឹកគ្នាចេញពីធ្វើការយប់ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម ជិះម៉ូតូប្រដេញតាមវាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតូតាល់ ក្បែរកន្លែងកំសាន្តចម្ការព្រីង តាមបណ្តោយផ្លូវ២០១១ ស្ថិតសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្រុមចោរស្ទាក់វ៉ៃប្លន់ម៉ូតូ រួមមាន ទី១-ឈ្មោះកាន តុលា អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំវត្តតាំងកសាង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះហិន រដ្ឋា អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា (ជាអ្នករួមដំណើរ)។ ចំណែកម៉ូតូដែលត្រូវចោរវាយប្លន់យកទៅបាត់ ម៉ាកស៊ុយស៊ូគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1P-4836។
តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ ទើបតែចេញមកពីកន្លែងធ្វើការនៅម្តុំរង្វង់ មូលចោមចៅ ហើយក៏ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីលែត ដឹកគ្នា បំណងត្រលប់ទៅបន្ទប់ជួលវិញនៅម្តុំវត្តតាំងកសាង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ជិះតាមមកពីក្រោយ រួចបានព្យាយាមស្ទាក់ម៉ូតូពួកគេឱ្យឈប់ បន្ទាប់មកក៏ធ្វើសកម្មភាពព្រួតវាយពួកគេទាំង២នាក់ ហើយក៏ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពតែម្តង៕