ភ្នំពេញ ៖ ជនសង្ស័យអាចមានគ្នាច្រើនជំនាញខាងអាយធី (IT) ឬព័ត៌មានវិទ្យា បានកាត់របងលួស ចូលធ្វើសកម្មភាពកាត់ផ្តាច់ប្រព័ន្ធកាមេរ៉ាសុវត្តិភាព ដកទាំងក្បាល DVR (ឧបករណ៍ផ្ទុកទិន្នន័យថតរូបភាព) ចេញ។ បន្ទាប់មក បានគាស់ទ្វារចូលទៅវាយបំបែកទូដែក លួចលុយអស់ជិត2ម៉ឺនដុល្លារ បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្តិភាព។ ចោរកម្មប្រកបដោយជំនាញខ្ពស់នេះ សន្តិសុខយាមប្រចាំរោងចក្រចម្ងាយពីអគារកើតហេតុ ប្រហែល 50ម៉ែត្រ អត់ដឹងទេ។ រហូតដល់វេលាម៉ោង6និង15នាទីព្រឹក ថ្ងៃទី11 ខែកក្កដា ឆ្នាំ2018 ពេលបុគ្គលិកចូលធ្វើការ ទើបដឹងថា មានចោរចូលលួច ក៏ផ្អើលឆោឡោប្តឹងប៉ូលិសចុះទៅពិនិត្យដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ COCO ស្ថិតនៅតាមផ្លូវជាតិលេខ4 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

ប្រភពពីភ្នាក់ងាររដ្ឋបាលរោងចក្រ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី10 ខែកក្កដា ឆ្នាំ2018 រោងចក្រខាងលើ បានបើកប្រាក់ខែជូនកម្មកររួចរាល់ ហើយនាយកក្រុមហ៊ុនបានយកលុយជិត2ម៉ឺនដុល្លារ ដាក់ក្នុងទូដែក បន្ទប់គណនេយ្យ។ ចំពោះរោងចក្រខាងលើនេះ មិនមានកម្មករធ្វើការ ឬថែមម៉ោងពេលយប់នោះទេ បានចាកចេញអស់ពីរោងចក្រ មានតែសន្តិសុខរបស់ក្រុមហ៊ុនយាមប្រចាំរាល់ថ្ងៃតាមតម្លាប់។

បន្ទាប់ពីរដ្ឋបាល ជនជាតិចិន ខ្មែរ ចូលធ្វើការ ស្រាប់តែឃើញទ្វារត្រូវគាស់របើកចូលទៅក្នុងបន្ទប់ផ្នែកគណនេយ្យ រើកកាយតាមចិត្ត បណ្តាលឱ្យសម្ភារៈក្នុងការិយាល័យរប៉ាត់រប៉ាយ បន្ទាប់ពីកាត់ផ្តាច់យកក្បាល DVR (ឧបករណ៍ផ្ទុកទិន្នន័យថតរូបភាព) កាត់ខ្សែកាមេរ៉ាសុវត្ថិភាព ហើយក្បាលកាមេរ៉ាចំនួន2គ្រាប់ ត្រូវបានជនសង្ស័យកាច់បង្វែរខុសទិសដៅ។ ជនសង្ស័យផ្តាច់ទាំងប្រព័ន្ធកុំព្យូទ័រ ដកហូតហាតឌីស ចូលទៅពិនិត្យ ក្នុងបន្ទប់គណនេយ្យ វាយគាស់បំបែកទូដែក លួចលុយបាត់អស់ជិត2 ម៉ឺនដុល្លារ។ ក្រោយពីមានជនសង្ស័យចូលលួចទ្រព្យសម្បត្តិ ក្នុងរោងចក្ររួចមក នៅព្រឹកថ្ងៃទី11 ខែកក្កដា សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងបន្តស្រាវជ្រាវតាមបណ្តឹងក្រុមហ៊ុនរោងចក្រ៕
