ភ្នំពេញ ៖ បុរសចិត្តក្តៅម្នាក់ នៅសុខៗ ក៏ទាញពូថៅ ដើរទៅកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាមួយកន្លែង នៅចំណុចភូមិខ្នារធំ ឃុំពារាម ស្រុកបាទី បណ្តាលឱ្យទទួលរងការខូចខាត បាក់ដួលរលំទៅលើដី ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីកាប់បំផ្លាញស្លាកគណបក្សនេះ មានឈ្មោះណុល សុខា អាយុ៤៥ឆ្នាំ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានកាន់ពូថៅដើរចេញពីផ្ទះ សំដៅទៅកាន់ទីតាំងកើតហេតុខាងលើ ដែលមានស្លាកគណបក្សប្រជាជនកម្ពុជា។ លុះទៅដល់ ជនសង្ស័យក៏បានទាញពូថៅកាប់ផ្តួលស្លាកគណបក្សនោះចោលតែម្តង បណ្តាលឱ្យបាក់រលំទៅលើដី រួចក៏ដើរត្រឡប់ទៅផ្ទះវិញបាត់។ បន្ទាប់មក សាក្សីដែលប្រទះឃើញហេតុការណ៍ បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរភ្លាមៗតែម្តង។
លោកអ៊ុក ចាន់កុសល ស្នងការរងនគរបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី០៤ ខែកកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពម្តងរួចមកហើយ ដោយបានរុញស្លាកគណបក្សប្រជាជនកម្ពុជា ផ្តួលទៅនឹងដី និងត្រូវបានលោកមេឃុំបានហៅមកធ្វើការអប់រំណែនាំម្តងដែរ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យក៏បានធ្វើសកម្មភាពម្តងទៀត ដោយកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា តែម្តង ទើបសមត្ថកិច្ចបានហៅគាត់មក ដើម្បីសាកសួរអំពីមូលហេតុ នៃការធ្វើសកម្មភាពរបស់គាត់។

តាមសំដីរបស់ជនសង្ស័យ បានសារភាពថា មូលហេតុដែលខ្លួនយកពូថៅទៅកាប់ស្លាកគណបក្សប្រជាជនកម្ពុជានេះ គឺដោយសារតែកាលពីមុន កន្លែងដែលដាក់ស្លាកគណបក្សប្រជាជនកម្ពុជា នេះ គឺជាកន្លែងដាក់ស្លាករបស់អតីតគណបក្សសង្គ្រោះជាតិ ហើយក្រោយមក គាត់ឃើញគេលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅត្រង់នេះ ក៏ខឹងសម្បាយកពូថៅកាប់បំផ្លាញតែម្តង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕