ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិស្នេហាខកបំណង ក៏សម្រេចចិត្តចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបង្កាន់ដៃជណ្តើរឡៅតឿផ្ទះជួល ស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប៉្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
យុវជនរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះពៅ ពីង អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនៅក្រុមហ៊ុនចិន ក្បែរកន្លែងកើតហេតុ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិក្រសាំងទង ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទើបតែមកពីស្រុកកំណើតឯខេត្តព្រៃវែង ស្នាក់នៅនិងធ្វើការងារសំណង់នៅភ្នំពេញនេះ បានត្រឹម១សប្តាហ៍តែប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះបានកើតមានអាការៈមិនសូវស្រួលខ្លួន ហើយបានពឹងឱ្យបងប្អូនជួយកោសខ្យល់ឱ្យ បន្ទាប់មកជនរងគ្រោះបានសុំច្បាប់សម្រាកពីការងារមួយល្ងាច។ ចំណែកសាច់ញាតិ ក៏មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍អ្វីដែរ លុះដល់ម៉ោងចូលធ្វើការ ក៏បាននាំគ្នាចេញទៅធ្វើការរៀងខ្លួនអស់ទៅ រហូតដល់វេលាម៉ោងកើតហេតុខាងលើ អ្នកស្នាក់ផ្ទះជួលក្បែរគ្នាបានចុះមក ទើបប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

តាមសម្តីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមិនដឹងថាមានបញ្ហាស្នេហា ឬវិបត្តិរឿងអ្វីនោះទេ ព្រោះមិនបានប្រាប់សាច់ញាតិឱ្យដឹងឡើយ ស្រាប់តែនៅសុខៗ ក៏សម្រេចចិត្តគិតខ្លីបែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ប្រាកដមែន ដោយប្រើក្រមាចងក ភ្ជាប់នឹងបង្កាន់ដៃជណ្តើរឡើងទៅឡៅតឿ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕