ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ មានអាការៈក្តៅស្អុះស្អាប់ក្នុងខ្លួនពេក ក៏ចុះទៅងូតទឹកស្ទឹងតែម្នាក់ឯង ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអន្លង់យាយរី ក្នុងស្ទឹងធ្លាម្អម ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ។
បុរសរងគ្រោះដែលផឹកស្រាស្រវឹងចុះងូតទឹកស្ទឹង បណ្តាលឱ្យលង់ស្លាប់ មានឈ្មោះស៊ឹម រើន អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះឃុត សារ៉េត អាយុ៣៥ឆ្នាំ និងមានកូន៣នាក់ក្នុងបន្ទុក សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) បានផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិរហូតដល់ស្រវឹងជោកជាំ បន្ទាប់មក ក៏បានដើរទៅងូតទឹកនៅចំណុចខាងលើបាត់ទៅ។ ក្រោយមក ដោយបាត់ប្តីយូរ ពេកមិនឃើញត្រឡប់មកផ្ទះ ទើបនាងបានដើរទៅរក ក៏ត្រូវអ្នកភូមិម្នាក់ប្រាប់ថា ប្រទះឃើញប្តីរបស់នាង ចុះងូតទឹកស្ទឹងធ្លាម្អមតែម្នាក់ឯង។ ភ្លាមនោះ នាងក៏ស្ទុះរត់ទៅមើលនៅចំណុចទឹកស្ទឹងខាងលើ លុះទៅដល់ ប្រទះឃើញតែខោអាវប្តី ប៉ុន្តែមិនឃើញប្តីសោះ រំពេចនោះ គាត់ក៏បានស្រែកឆោឡោ ពឹងអ្នកភូមិឱ្យចុះជួយរាវរក ស្រាប់តែប្រទះឃើញប្តីរបស់គាត់លង់ទឹកស្លាប់បាត់ទៅហើយ ទើបនាំគ្នាស្រង់ឡើងមកលើគោក ដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕