Friday, October 31, 2025
Homeព័ត៌មានជាតិអ្នកបើកឡានម៉ូតូភ័យញ័រសាច់ នារីម្នាក់នេះប៉ងរត់ចូល

អ្នកបើកឡានម៉ូតូភ័យញ័រសាច់ នារីម្នាក់នេះប៉ងរត់ចូល

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរដោះស្រាយមិនចេញ ក៏សម្រចចិត្តគិតខ្លីលែងចង់រស់ ប៉ុនប៉ងរត់ចូលរថយន្ត ដែលកំពុងបើកបរនៅលើដងផ្លូវម្តងជាពីរដង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ អន្តរាគមន៍ជួយឃាត់ភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី ត្រើយខាងកើត ខាងមុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

 

នារីវ័យក្មេងដែលប៉ងរត់ចូលឱ្យរថយន្តខាងលើនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា មានវ័យប្រមាណជិត២០ឆ្នាំ និងជាកម្មការនីរោងចក្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញនារីវ័យក្មេងខាងលើ បានដើរមកឈរនៅលើសួនច្បារកណ្តាលទ្រូងផ្លូវមុខផ្សារច្បារអំពៅ ដោយមានស្ត្រីម្នាក់ត្រូវជាម្តាយបង្កើត រួមនឹងបុរសម្នាក់ទៀតត្រូវជាពូ បានមកឈរជជែកគ្នា បំណងហៅនារីរូបនេះឱ្យត្រឡប់ទៅផ្ទះវិញ និងឮត្រឹមតែពាក្យថា “មានរឿងអ្វីក៏ដោយ ត្រឡប់ទៅផ្ទះសិនទៅ ចាំនិយាយគ្នា កុំគិតធ្វើរឿងផ្តេសផ្តាសបែបនេះ…”។

ប្រភពដដែលបន្តថា លុះនិយាយគ្នាបានមួយសន្ទុះ ក៏ស្រាប់តែនារីវ័យក្មេងខាងលើ បានស្ទុះរត់សំដៅចូលរថយន្តដែលកំពុងបើកបរលើដងផ្លូវ បំណងឱ្យរថយន្តបុកសម្លាប់ខ្លួន តែត្រូវម្តាយនិងពូ ស្ទុះទៅជួយចាប់ទាញដៃមកវិញទាន់ និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ព្រមទាំងសមត្ថកិច្ចចរាចរណ៍ដែលកំពុងប្រចាំការ សម្រួលចរាចរណ៍នៅចំណុចមុខផ្សារច្បារអំពៅ ៣-៤នាក់ បានចេញមកជួយអន្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែនារីវ័យក្មេងរូបនោះ ហាក់មិនព្រមស្តាប់អ្វីទាំងអស់ និងចេះតែព្យាយាមស្ទុះរត់ចូលឡានសម្លាប់ខ្លួនមួយលើកជាពីរលើកទៀត តែមិនបានសម្រេច។

នៅចំពោះមុខសមត្ថកិច្ច នារីវ័យក្មេងខាងលើ មិនព្រមនិយាយស្តីអ្វីទាំងអស់ ពោលគឺគិតតែពីទួញយំ និងទាមទារចង់រត់ចូលឡានសម្លាប់ខ្លួនតែប៉ុណ្ណោះ ហេតុនេះសមត្ថកិច្ចមិនដឹងថា នារីរូបនេះមានវិបត្តិរឿងអ្វីឱ្យច្បាស់លាស់នោះទេ។

ដោយឡែក ស្ត្រីជាម្តាយបានបញ្ជាក់ឱ្យដឹងយ៉ាងខ្លីថា កូនស្រីគាត់ខឹងសម្បានឹងសាច់ឈាមខ្លួនឯង ដែលតែងតែមើលងាយមើលថោករូបនាង ជាហេតុធ្វើឱ្យនាងអាក់អន់ស្រពន់ចិត្ត ក៏សម្រេចចាកចេញទៅស្នាក់នៅផ្ទះជួលខាងក្រៅតែឯង។ លុះស្នាក់នៅតែឯងមិនបានប៉ុន្មានផងនោះ គាត់ជាម្តាយក៏ទូរស័ព្ទណាត់ជួបនៅចំណុចគល់ស្ពានច្បារអំពៅ ដើម្បីលួងលោមហៅកូនស្រីឱ្យត្រឡប់ទៅផ្ទះវិញ ព្រោះមិនចង់ឱ្យនាងស្នាក់នៅផ្ទះជួលតែម្នាក់ឯងបែបនេះ តែកូនស្រីនេះមិនព្រម បែរជាប៉ងរត់ចូលរថយន្តសម្លាប់ខ្លួនទៅវិញ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយការអន្តរាគមន៍ និងសម្របសម្រួលពីសំណាក់សមត្ថកិច្ចចរាចរណ៍ អស់រយៈពេលជាង១ម៉ោងរួចមក នារីវ័យក្មេងដែលប៉ងរត់ចូលឡានសម្លាប់ខ្លួនខាងលើ ក៏ស្ងប់អារម្មណ៍ ទន់ចិត្តយល់ព្រមឡើងជិះម៉ូតូជាមួយពូ ចាកចេញទៅវិញ ដោយស្ត្រីជាម្តាយជិះរ៉ឺម៉កកង់បីតាមក្រោយ៕

RELATED ARTICLES