Friday, October 31, 2025
Homeព័ត៌មានជាតិម្តាយក្តៅខ្លួន ប៉ះពាល់ដល់កូនក្នុងផ្ទៃឬទេ?

ម្តាយក្តៅខ្លួន ប៉ះពាល់ដល់កូនក្នុងផ្ទៃឬទេ?

ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួនលើស ឬស្មើ៣៧,៨អង្សាសេ ដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន…។

១-មូលហេតុ ៖ កត្តាដែលនាំឱ្យមានការកើនឡើងកម្តៅ ក្នុងអំឡុងពេលមានផ្ទៃពោះ មាន៣ប្រភេទគឺ ៖

  • មូលហេតុមិនសូវធ្ងន់ ៖ រលាកត្រចៀក, រលាកបំពង់ក, រលាកទងសួត និងផ្តាសាយធំ។
  • មូលហេតុធ្ងន់ ៖ ការរលាកតម្រងនោម, ការរលាកប្រដាប់បន្តពូជ, ការរលាកស្រោម ទឹកភ្លោះ និងស្អូច, Toxoplasmose, Cyto-megalovirus, Herpès, រលាកសួត, ស្រឡទែន, រលាកថ្លើមប្រភេទ B, C, របេង, Listeriose , ជំងឺអេដស៍។
  • មូលហេតុធ្ងន់ដែលតម្រូវឱ្យមានការវះកាត់បន្ទាន់ មានដូចជា ៖ រលាកខ្នែងពោះវៀន និងរលាកថង់ទឹកប្រមាត់។

២-រោគសញ្ញា ៖ អាការដែលអាចកើតមានឡើង គួបផ្សំជាមួយការកើនឡើងនៃកម្តៅ មាន ៖

  • សញ្ញានៃការពិបាកបត់ជើងតូច មានដូចជា ៖ ពិបាកនោម, នោមមិនអស់, នោមក្រហាយ, ឈឺចង្កេះ និងនោមមានឈាម។
  • សញ្ញាផ្នែកប្រដាប់រំលាយអាហារ ៖ រាករូស, ក្អួតចង្អោរ និងចុកពោះ។
  • សញ្ញាផ្លូវដង្ហើម ៖ ក្អក, ហត់, ពិបាកដកដង្ហើម, ថប់ដើមទ្រូង។
  • សញ្ញានៃប្រដាប់បន្តពូជ ៖ ធ្លាក់សខ្លាំង មានក្លិនស្អុយ, ការធ្លាក់ឈាម និងការហូរខ្ទុះ។

បញ្ជាក់ ៖ ចំពោះការបង្ករោគដោយប៉ារ៉ាស៊ីត វីរុស ឬបាក់តេរីមួយចំនួនធំ គឺមិនបណ្តាលឱ្យមានសញ្ញាតម្អូញអ្វីទាំងអស់ ដូច្នេះ ទាមទារឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន ឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

៣-កត្តាប្រឈម ៖ ហានិភ័យដែលអាចកើតមានឡើង បណ្តាលមកពីគ្រុនក្តៅ ក្នុងអំឡុងពេលមានផ្ទៃពោះ មានដូចជា ៖ អាចបណ្តាលឱ្យរលូតកូន, កូនកើតមិនគ្រប់ខែ, ទារកស្លាប់ក្នុងពោះ, ជំងឺដែលអាចកើតមានលើទារក ដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។

៤-វិធីការពារ និងព្យាបាល ៖ ត្រូវនៅឱ្យឆ្ងាយពីសត្វឆ្មា ឬសត្វដែលអាចបង្ករោគមួយចំនួនទៀត។ មិនត្រូវបរិភោគសាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ។ មិនត្រូវបរិភោគអាហារផ្អាប់ ឬអាហាររក្សាក្នុងទូទឹកកក រយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន។ ត្រូវនៅឱ្យឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូច ព្រោះបណ្តាលឱ្យឆ្លងបាន។ ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាម ដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ។

ប្រសិនបើមានអាការក្តៅខ្លួន កម្តៅលើស ឬស្មើ ៣៧,៨អង្សាសេ ត្រូវមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យនានាជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុ និងទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ៕

RELATED ARTICLES