Tuesday, January 21, 2025
Homeសង្គម និងជីវិតអគ្គិភ័យលេបត្របាក់ ប្តីប្រពន្ធឆេះស្លាប់ក្នុងភ្នក់ភ្លើង

អគ្គិភ័យលេបត្របាក់ ប្តីប្រពន្ធឆេះស្លាប់ក្នុងភ្នក់ភ្លើង

ខេត្តកំពង់ធំ ៖ អគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រី បណ្តាលឱ្យម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធដែលកំពុងដេកលង់លក់ស្កប់ស្កល់រត់ចេញមិនទាន់ ក៏ត្រូវភ្លើងឆេះស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុំចភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក។

ប្តីប្រពន្ធទាំង២នាក់ ដែលត្រូវភ្លើងឆេះផ្ទះឆេះស្លាប់ក្នុងភ្នក់ភ្លើងគួរឱ្យសង្វេគ រួមមាន បុរសជាប្តីមានឈ្មោះប៉ាង លាងហ៊ុន អាយុ៣១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះហ៊ន ធឿន អាយុ៣៨ឆ្នាំ។ ប្តីប្រពន្ធជនរងគ្រោះទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលមនុស្សម្នាក់កំពុងលង់លក់ក្នុងដំណេក ក៏ស្រាប់តែកើតមានការផ្អើលឆោឡោ ស្រែកពេញភូមិថា មានភ្លើងឆេះផ្ទះ។ ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាចេញមកមើល ក៏ប្រទះឃើញភ្លើងឆេះផ្ទះរបស់ ជនរងគ្រោះយ៉ាងសន្ធោសន្ធៅទៅហើយ ក៏ប្រញាប់នាំគ្នាជួយដងទឹកជះពន្លត់ ចំណែកខ្លះទៀត បានទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏ទាក់ទងបន្តសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ប៉ុន្តែដោយសារតែស្ថានភាពផ្លូវមានការលំបាក ទើបធ្វើឱ្យការចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់មានការយឺតយ៉ាវ បណ្តាលឱ្យផ្ទះទាំងមូលត្រូវភ្លើងឆេះគ្មានសល់ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទំនងជាដេកលង់លក់ មិនដឹងភ្លើងឆេះ លុះពេលភ្ញាក់ដឹងខ្លួនភ្លើងឆេះពេញបន្ទុករកផ្លូវចេញមិនឃើញ ទើបបណ្តាលឱ្យត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយ និងកំពុងស្ថិតក្នុងការស្រាវជ្រាវ។

យ៉ាងណា អគ្គិភ័យនេះ បានបង្កឱ្យប្តីប្រពន្ធជាម្ចាស់ផ្ទះ ត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធ័ម ចំណែកផ្ទះទំហំ ៥ម៉ែត្រ គុណុនឹង ៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ រួមនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងទ្រព្យសម្បត្តិជាច្រើនត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង៕

RELATED ARTICLES