ខេត្តកំពង់ធំ ៖ បុរសជាប្តីម្នាក់ ក្រោកពីដំណេករៀបចំចេញទៅធ្វើការ ក៏ប្រលែងលេងជាមួយប្រពន្ធ បន្ទាប់មកក៏ទាញកាំភ្លើងច្នៃ មកភ្ជង់ប្រពន្ធលេង ស្រាប់តែមិនដឹងជាយ៉ាងម៉េច ក៏រាលកៃបណ្តាលឱ្យចំស្ត្រីជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍ប្តីភ្ជង់កាំភ្លើងដាក់ប្រពន្ធលេង ស្រាប់តែអកុសលរាលកៃបណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរពី ស្ថិតក្នុងភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់។
ជនបង្កហេតុ ដែលយកកាំភ្លើងច្នៃភ្ជង់ប្រពន្ធលេង បណ្តាលឱ្យរាលកៃផ្ទុះត្រូវប្រពន្ធស្លាប់ មានឈ្មោះម៉ៅ ជាតិ អាយុ២៤ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះគង់ ទី អាយុ២៨ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ គឺជាកម្មករស៊ីឈ្នួលគេ មានលំនៅក្នុងភូមិចាជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ តែសព្វថ្ងៃបានមកស៊ីឈ្នួល និងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើ បានមកស៊ីឈ្នួលធ្វើជាកម្មករនៅចំណុចកើតហេតុខាងលើ មួយរយៈមកហើយ ហើយកន្លងមក អ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អឺនល្អណាស់ និងឧស្សាហ៍ឃើញប្រលែងលេងជាមួយគ្នាជារៀងរាល់ថ្ងៃ តែមិននឹកស្មានការការប្រលែងលេងសប្បាយប្រែក្លាយជាទុក្ខ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បណ្តាលឱ្យប្រពន្ធស្លាប់ ចំណែកប្តីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបែបនេះសោះ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធអ្នកទាំង២ខាងលើ ក្រោយពីរៀបចំខ្លួនចេញទៅធ្វើការរួចហើយ ក៏បានអង្គុយប្រលែងគ្នាលេងនៅក្នុងកន្លែងស្នាក់នៅ។ លុះបន្តិចក្រោយមក បុរសជាប្តីបានទាញកាំភ្លើងច្នៃ មកភ្ជង់គំរាមប្រពន្ធលេង ស្រាប់តែមិនដឹងជា យ៉ាងម៉េច ក៏ស្រាប់តែកាំភ្លើងច្នៃបានរាលកៃផ្ទុះឡើង បណ្តាលឱ្យចំក្បាលព្រោះស្ត្រីរងគ្រោះជាប្រពន្ធ ធ្វើឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ បុរសជាប្តីបានប្រញាប់ដឹកបញ្ជូនប្រពន្ធរបស់ខ្លួនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះតែអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតមានករណីខាងលើ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ចាប់ឃាត់ខ្លួនជនបង្កជាប្តីនាំយកមកសាកសួរ ដោយដកហូតបានវត្ថុតាង កាំភ្លើងច្នៃ១ដើម ដែលប្រើជាមួយគ្រាប់កាំភ្លើងពិត AK47៕