ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់បានផឹកស៊ីស្រវឹងជោកជាំ លុះត្រឡប់មកដល់ផ្ទះវិញ ត្រូវឪពុកស្តីប្រដៅតិចតួច បែរជាច្រឡោតខឹង ស្ទុះទៅដាល់ឪពុក១ដៃចូលកញ្ចប់មាត់ បណ្តាលឱ្យបែកមាត់ លុះឪពុកមាឃើញបែបនេះ ក៏ចូលទៅឃាត់ ស្រាប់តែក្មួយប្រុសចិត្តកំណាច ក៏ស្ទុះទៅ ទាញពូថៅ និងកាំបិតដេញកាប់ឪពុកមាថែមទៀត លុះខឹងកាប់ឪពុកមាមិនបានតាមបំណង ក៏កាប់ម៉ូតូកង់បីរបស់ឪពុកមា បណ្តាលឱ្យរងការ ខូចខាតយ៉ាងដំណំ ទីបំផុតក៏ត្រូវសមត្ថកិច្ចចុះចាប់វ៉ៃខ្នោះអូសកយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសដាល់ឪពុកបង្កើតបែកមាត់ រួចទាញពូថៅដេញកាប់ឪពុកមាទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង។
ជនសង្ស័យជើងខ្លាំង ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះនឿន លីណា អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះជាឪពុកបង្កើត មានឈ្មោះនួន នឿន អាយុ៤៩ឆ្នាំ មុខរបរកសិករ (ហើមមាត់១កន្លែង)។ ដោយឡែកជនរងគ្រោះ ជាឪពុកមា មានឈ្មោះអ៊ុត វង្ស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូកង់៣។ អ្នកទាំងពីរមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះនឿន លីណា បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ស្រវឹងជោកជាំ លុះត្រឡប់មកដល់ផ្ទះវិញ ក៏ត្រូវឪពុកស្តីប្រដៅពីរឿងដើរផឹកស៊ីភ្លេចការងារផ្ទះ ភ្លាមនោះជនសង្ស័យជាកូនប្រុសចិត្តកំណាច ក៏ស្ទុះទៅច្រានឪពុក ទើបឪពុកខឹងក៏ទះជនសង្ស័យជាកូនប្រុស១ដៃ ស្រាប់តែកូនប្រុសចិត្តអប្រិយ បានស្ទុះទៅធាក់ និងដាល់ឪពុកចូលកញ្ចប់មាត់ បណ្តាលឱ្យបែកមាត់៕