Saturday, November 1, 2025
Homeព័ត៌មានជាតិរស់នៅដូចសត្វអកព្រាត់គូ អូនសុខចិត្តបញ្ចប់ជីវិតតាមបង

រស់នៅដូចសត្វអកព្រាត់គូ អូនសុខចិត្តបញ្ចប់ជីវិតតាមបង

ខេត្តតាកែវ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រុសស្នេហ៍ ជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោល កាលពីពេលថ្មីៗនេះ ក៏បែកគំនិតគិតខ្លីលែងចង់រស់ ចងកសម្លាប់ខ្លួនតាមគូស្នេហ៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់។

នារីរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះស៊ុន យ៉ា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះ មានសង្សារម្នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ បុរសជាសង្សារបានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។ ក្រោយពីទទួលដំណឹងថា គូស្នេហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នារីរងគ្រោះ ក៏បានធ្វើដំណើរមកចូលរួមពិធីបុណ្យសពផងដែរ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីពិធីបុណ្យសពប្រុសស្នេហ៍បានចប់សព្វគ្រប់ នារីរងគ្រោះខាងលើនៅមិនទាន់ ត្រឡប់ទៅផ្ទះនៅឯខេត្តព្រះសីហនុ វិញទេ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នកភូមិបានប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួន ក៏ស្រែកឆោឡោផ្អើលពេញភូមិ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម ផ្នែកជំនាញស្រុកសហការជាមួយការិយាល័យបច្ចេកទេសខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មានពេទ្យ និងអាជ្ញាធរភូមិឃុំ បានចុះធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ។ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារតែនារីរងគ្រោះមានវិបត្តិផ្លូវចិត្តសង្សារគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោល។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រះសីហនុ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES