Saturday, November 1, 2025
Homeព័ត៌មានជាតិម្តាយឪពុកចិត្តតិរច្ឆានឈ្លោះគ្នា គំរាមបោះកូនពីជាន់ទី១ រួចនាំគ្នារត់ទៅបាត់

ម្តាយឪពុកចិត្តតិរច្ឆានឈ្លោះគ្នា គំរាមបោះកូនពីជាន់ទី១ រួចនាំគ្នារត់ទៅបាត់

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងសង្វេគបំផុត សម្រាប់ទារកតូចម្នាក់នេះ ដែលទើបនឹងមានអាយុ២ខែ ខណៈដែលឪពុកម្តាយបានកើតមានជម្លោះតឹងសរសៃកដាក់គ្នា តែបែរជាចាប់ក្របួចកូនប្រុសគំរាមទម្លាក់ចុះពីជាន់ទី១សម្លាប់ចោល ប៉ុន្តែសំណាងល្អត្រូវបានអ្នកជិតខាងជួយឃាត់ យកទារកនោះចេញទាន់ ក៏ស្រាប់តែឪពុកម្តាយនោះនាំគ្នារត់ចោលកូនបាត់ ទុកឱ្យកូនប្រុសស្រែកទ្រហោយំដោយការស្រេកឃ្លាន។

ហេតុការណ៍ប្តីប្រពន្ធឈ្លោះគ្នា បែរជារកចាប់បោះកូនប្រុសចុះពីជាន់ទី១សម្លាប់ចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជាន់ទី១ ស្ថិតក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ “រនាថ កូនខ្មែរ” បានបង្ហោះសារថា “ជម្លោះក្នុងគ្រួសារ គម្រាមទម្លាក់កូនតូចអាយុជិត2ខែ ពីលើផ្ទះជាន់ទី1 តែត្រូវបានប្រជាពលរដ្ឋជួយយកកូនតូចចេញ ហើយកំពុងបំបៅទឹកដោះគោ។ ចំណែក2នាក់ប្ដីប្រពន្ធនាំគ្នាទៅបាត់ទុកក្មេងចោល។ សង្ឃឹមថាពូហើយនិងមីង មានទំនួលខុសត្រូវ លើកូនចុះ។ ត្រលប់មកយកគ្នាផង អាណិតក្មេងណាស់”។

ក្រោយកើតហេតុ បន្ទាប់ពីជួយផ្ងូតទឹក បំបៅទឹកដោះគោឱ្យក្មេងតូចរួចហើយ ប្រជាពលរដ្ឋបាននាំគ្នាយកក្មេងតូចអភ័ព្វខាងលើ យកទៅ ប្តឹងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយដឹងឮ និងតាមស្វែងរកមុខឪពុកម្តាយ នាំមកសាកសួរ៕

RELATED ARTICLES